រដ្ឋាភិបាលមីយ៉ាន់ម៉ា បានពន្យារការធ្វើទស្សនកិច្ចដែលគ្រោងទុក របស់ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi ទៅកាន់រដ្ឋ រ៉ាក់ឃីន។ ការសម្រេចចិត្តនេះ ធ្វើឡើងក្រោយពីមានការប៉ះទង្គិចគ្នាសាជាថ្មី រវាងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងក្រុមបះបោរ។
បើតាមការគ្រោងទុក កាលពីសប្តាហ៍មុន លោក Filippo Grandi ត្រូវធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Rakhine ទីដែលជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួនក្នុងយុទ្ធនាការបង្គ្រាបពីសំណាក់ក្រុមយោធា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ។ ប៉ុន្តែមីយ៉ាន់ម៉ាបានសម្រេចលុបចោលទស្សនកិច្ចនេះចោលវិញ ដ្បិតមានការប៉ះបង្គិចប្រដាប់អាវុធមួយផ្ទុះឡើងរវាងប៉ូលិសមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម Arakan Army នៅតាមបណ្តោយព្រំដែនបង់ក្លាដេស កាលពីថ្ងៃទី៤ មករា។ ក្នុងហេតុការណ៍នេះ មន្ត្រីប៉ូលីស១៣នាក់បានបាត់បង់ជីវិត។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោក Andrej Mahecic អ្នកនាំពាក្យ UNHCR បាននិយាយថា៖«ផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរជុំវិញស្ថានភាពសន្តិសុខក្នុងរដ្ឋរ៉ាក់ឃីន ទស្សនកិច្ចត្រូវបានពន្យារពេល»។ ទន្ទឹមនឹងនេះ ចក្រភពអង់គ្លេសរំពឹងថានឹងលើកយកបញ្ហានេះទៅជជែកនៅឯក្រុមប្រឹក្សាសន្តិសុខក្នុងសប្តាហ៍នេះដែរ។
យោងតាមប្រភពការទូតប្រចាំក្រុមប្រឹក្សាសន្តិសុខម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ការសម្រេចចិត្តក្នុងការពន្យារពេលទស្សនកិច្ចរបស់លោក Grandi កំពុងបង្កើតជាមន្ទិលសង្ស័យបន្ថែមទៀត ទាក់ទិននឹងការតាំងចិត្តរបស់រដ្ឋាភិបាលមីយ៉ាម៉ា ក្នុងគោលដៅដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង។
កាលពីខែធ្នូកន្លងទៅ ចក្រភពអង់គ្លេសបានបង្កើតសេចក្តីព្រាងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខមួយស្តីពីបញ្ហានៅមីយ៉ាន់ម៉ា។ សេចក្តីព្រាងនេះនឹងដាក់ចេញពេលវេលាកំណត់សម្រាប់រដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីឲ្យបង្កើតយុទ្ធសាស្ត្រ ក្នុងគោលដៅដោះស្រាយវិបត្តិរ៉ូហ៊ីងយ៉ា។ ទោះបីជាយ៉ាងណា ចិន និងរុស្ស៊ី បានបង្ហាញការជំទាស់យ៉ាងខ្លាំង និងបដិសេធចូលរួមក្នុងការចរចានេះទៀតផង ដោយអះអាងថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់វេតូរបស់ខ្លួន ដើម្បីខ្ទប់វិធានការនានា។
គួរបញ្ជាក់ថា យុទ្ធនាការយោធាដ៏ឃោរឃៅមួយរបស់មីយ៉ាន់ម៉ា ដែលបានចាប់ផ្តើមកាលពីឆ្នាំ២០១៧ បានបង្ខំឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាច្រើនជាង ៧២ម៉ឺននាក់ ភៀសខ្លួនទៅកាន់ព្រំដែនបង់ក្លាដេស។ ក្រុមជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ាងទាំងនោះ ត្រូវបានគេសម្លាប់, ចាប់រំលោភ និងដុតផ្ទះសម្បែងចោលជាដើម។
ចក្រភពអង់គ្លេស, បារាំង, សហរដ្ឋអាមេរិក និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចាត់ទុកយុទ្ធនាការនេះថា ជាការបោសសម្អាតជាតិសាសន៍។ ជាមួយគ្នានេះដែរ ក្រុមអ្នកស៊ើបអង្កេត UN ក៏បានស្នើទៅដល់លោក Guterres បញ្ជាឲ្យបើកការស៊ើបអង្កេតមួយពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មប្រឆាំងទៅសង្គ្រាមផងដែរ៕