កីឡាជាតិ
ជាតិ
បឹងកេត​៖ វឌ្ឍនាកា​ផ្ទេរ​ទៅ​ក្លិប PKNS FC ដែល​ដឹកនាំ​ដោយ​អតីត​គ្រូ​ជម្រើសជាតិ​ម៉ាឡេស៊ី​
15, Jan 2019 , 1:11 pm        
រូបភាព
 K. Rajagopal គ្រូបង្វឹកក្លិប PKNS និងចាន់ វឌ្ឍនាកា។ រូបថត៖ ហ្វេសប៊ុក PKNS និង Chan Vathanaka
K. Rajagopal គ្រូបង្វឹកក្លិប PKNS និងចាន់ វឌ្ឍនាកា។ រូបថត៖ ហ្វេសប៊ុក PKNS និង Chan Vathanaka
ដោយ:
ក្លិប​បាល់ទាត់​បឹងកេត​បាន​អះអាងថា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបាន​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី PKNS FC សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ នេះ​ជាការ​ប្រកប​អាជីព​លើទឹក​ដី​ម៉ាឡេស៊ី​លើក​ទី​២​សម្រាប់ វឌ្ឍនាកា បន្ទាប់ពី​រូបគេ​លេង​ឲ្យ​ក្លិប Pahang FA កាលពី​រដូវ​កាល​មុន​។

 
​កីឡាករ ចាន់ វឌ្ឍនាកា នឹងត្រូវ​ជាមួយ​មិត្ត​រួម​ជាតិ ធា​រី ចន្ថា​ប៊ី​ន ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី បន្ទាប់ពី​រូបគេ​ត្រូវបាន​ផ្ទេរ​ពី​បឹងកេត​ទៅលេង​ឲ្យ​ក្លិប PKNS FC សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩​។ វឌ្ឍនាកា ជា​កីឡាករ​កម្ពុ​ជាទី​២ ដែល​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​លី​ក​កំពូល​ម៉ាឡេស៊ី បន្ទាប់ពី​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប Terangganu​។ 
 
​នេះ​ជាការ​ចាក​ចេញទៅ​ប្រកប​អាជីព​លើក​ទី​២​លើ​ទឹកដី​ម៉ាឡេស៊ី​សម្រាប់​កីឡាករ ចាន់ វឌ្ឍនាកា ខណៈ​កាល​ព​រដូវ​កាល​មុន​រូបគេ​បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប Pahang FA​។ ប៉ុន្តែ​ត្រូវបាន​ចែកផ្លូវ​គ្នា​វិញ ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ កាល ក្រោម​ហេតុផល​ធ្វើ​មិនបាន​ដូច​នូវ​អ្វីដែល​ក្លិប​រំពឹងទុក​។ 
 
​បើ​គិត​ទាំង​លើក​នេះ កីឡាករ ចាន់ វឌ្ឍនាកា ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​ជា​លើក​ទី​៣ ខណៈ​លើក​ទី​១​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​ទី​៣​របស់​ជប៉ុន Fujieda MYFC តែ​រូបគេ​មិនបាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ផ្លូវការ​ជាមួយ​ក្លិប​នេះឡើយ​។ ចំណែក​លើក​ទី​២​និង​លើក​ទី​៣​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី​ជាមួយ Pahang FA និង PKNS FC​។ 
 
​ទោះបី​មានការ​អះអាង​ពាក់ព័ន្ធ​ការផ្ទេរ​កីឡាករ ចាន់ វឌ្ឍនាកា ពី​ក្លិប​បឹងកេត​ក៏ដោយ ប៉ុន្តែ​ពុំទាន់​ឃើញ​ក្លិប PKNS FC បង្ហាញខ្លួន​កីឡាករ​រូបនេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ 
 

PKNS FC ជា​ក្លិប​ចំណាស់​មួយ​របស់​ម៉ាឡេស៊ី ដែល​ប្រើប្រាស់​កីឡដ្ឋាន Shah Alam Stadium​។ ក្លិប​នេះ​ធ្លាប់បាន​តំណែង​ជើងឯក Liga Premier Malaysia នៅ​ឆ្នាំ​២០១១ និង​ឈ្នះ​ជើងឯក Malaysia FAM League ចំនួន​៣​លើក​។ 
 
​បច្ចុប្បន្ន ក្លិប​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់លោក K. Rajagopal អតីត​គ្រូបង្វឹក​ជម្រើសជាតិ​ម៉ាឡេស៊ី ដែល​បាន​ជួយ​ឲ្យ​ម៉ាឡេស៊ី ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំ​២០០៩ និង​ពាន AFF Suzuki Cup ឆ្នាំ​២០១០៕

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  PKNS FC
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com