កីឡាអន្តរជាតិ
អន្តរជាតិ
Spurs តាម​វែកមុខ​អ្នក​ដែល​រើសអើង​ជាតិ​សាសន៍​ដាក់ Son Heung-min
15, Jan 2019 , 2:09 pm        
រូបភាព
​ក្លិប Tottenham Hotspur កំពុងបើក​ការស៊ើបអង្កេត​លើ​ករណី​រើសអើង​ជាតិ​សាសន៍​ពី​សំណាក់​អ្នកគាំទ្រ​របស់ខ្លួន​ម្នាក់​ទៅលើ​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង Son Heung-min អំឡុង​ការប្រកួត​ដែល Spurs ចាញ់ Manchester United  ១-០ នៅ​ថ្ងៃទី​១៣ ខែមករា ក្នុង​ក្របខណ្ឌ Premier League​។


 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស បានបញ្ជាក់​នៅ​ថ្ងៃ​១៤ ខែមករា​នេះ​ថា​ពួកគេ​កំពុង​ស៊ើបអង្កេត​បន្ទាប់ពី​អ្នកគាំទ្រ​ខ្លួន​ម្នា​ក់លោក James Dickens រាយការណ៍​ថា​លោក​បាន​ប្រឈមមុខ​ជាមួយ​អ្នកគាំទ្រ​ម្នាក់ទៀត​នៅ​កីឡដ្ឋាន Wembley ជុំវិញ​ការរំលោភបំពាន​បែប​រើសអើង​ជាតិ​សាសន៍​ដែល​សំដៅ​ទៅលើ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង Son​។​



​លោក Dickens បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter របស់លោក​ថា​៖ «​ខ្ញុំ​មិន​ធ្លាប់​ជួបប្រទះ​នឹង​ការរើសអើង​ជាតិ​សាសន៍​ក្នុង​កីឡាបាល់ទាត់​រយៈពេល​ប្រមាណ ១៥ ឆ្នាំ​មកហើយ​។ ប៉ុន្តែ​ថ្ងៃនេះ គឺ​គួរ​ឲ្យ​ចង់​សើច​ណាស់​។ Spurs បាន​ទាក់ទង​មក​ខ្ញុំ ហើយ​ខ្ញុំ​នឹងធ្វើ​ការ​ជាមួយ​ពួកគេ​ដើម្បី​ស្វែងរក​ម្នាក់​នោះ​។ ខ្ញុំ​មិនអាច​ឈរ​ទ្រាំ​នឹង​ការរើសអើង​ជាតិ​សាសន៍​បែបនេះ​នោះទេ ហើយ​ខ្ញុំ​ក៏​មិន​អនុញ្ញាតិ​ឲ្យ​ម្នាក់​នោះ​រួចខ្លួន​ដែរ បើ​មិន​ដូច្នោះ​ទេវា​នឹង​កាន់តែ​អាក្រក់​ទៅៗ​»​។​
 
 
​កាលពី​ខែ​មុន​លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ Spurs បាន​និយាយ​ដែរ​ថា លោក​ចង់​បញ្ចប់​ឥរិយាបថ​មិនល្អ និង​ការរើសអើង​ពូជសាសន៍​ក្នុង​សកម្មភាព​កីឡា​របស់​អ្នកគាំទ្រ​មួយចំនួន​បន្ទាប់ពី​ពួកគេ​បាន​បោះ​សំបកចេក​ទៅលើ​ទីលាន​អំឡុង​ក្រុម​របស់លោក​បរាជ័យ ៤-២ នៅលើ​ទឹកដី Arsenal​។​
 
​មួយវិញទៀត ជុំវិញ​ករណី​ដូចគ្នានេះដែរ Chelsea ក៏បាន​ហាម​អ្នកគាំទ្រ​ខ្លួន​៣​នាក់​មិន​ឲ្យ​ចូលរួម​ទស្សនាការ​ប្រកួត​បន្តទៀត បន្ទាប់ពី​ពួកគេ​បាន​ស្រែកជេរ​បែប​ប្រកាន់​ជាតិ​សាសន៍​ទៅលើ​កីឡាករ Raheem Sterling អំឡុង​ការប្រកួត​ដែល​តោ​ខៀវ​យកឈ្នះ Manchester City ២-០ ក្នុង​ក្របខណ្ឌ Premier League កាលពី​ខែធ្នូ​កន្លងទៅ​។​
 
Son បច្ចុប្បន្នកំពុង​ស្ថិតនៅ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​ក្នុង​យុទ្ធនាការ​ដណ្តើមពានរ​ង្វាន់​កីឡា​ប្រចាំ​តំបន់​អាស៊ី AFC Asian Cup ឆ្នាំ​២០១៩៕
 

Tag:
 បាល់ទាត់​
  រើសអើង​ជាតិ​សាសន៍​
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com