អន្តរជាតិ
កាណាដា​ក្ដៅស្លឹកត្រចៀក ក្រោយ​ជនជាតិ​កាណាដា​ម្នាក់​ត្រូវ​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​
15, Jan 2019 , 3:02 pm        
រូបភាព
មន្រ្តីប៉ូលិសចិនឈរខាងមុខស្ថានទូតកាណាដាក្នុងទីក្រុងប៉េកាំង (រូបភាព AFP)
មន្រ្តីប៉ូលិសចិនឈរខាងមុខស្ថានទូតកាណាដាក្នុងទីក្រុងប៉េកាំង (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ នៅ​ថ្ងៃទី​១៤ ខែមករា បាន​រិះគន់​ចិន​យ៉ាងខ្លាំង បន្ទាប់ពី​តុលាការ​ចិន​កាត់ទោស​ប្រហារជីវិត​ជនជាតិ​កាណាដា​ម្នាក់​ពីបទ​រត់ពន្ធ​គ្រឿងញៀន​។ នៅ​ចិន ការរត់ពន្ធ​ជួញដូរ​គ្រឿងញៀន ជា​ទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​។ ប៉ុន្តែ​លោក ទ្រូ​ដូ បាន​ចោទ​ចិន​ថា កំពុង​ប្រើ​ទោស​ប្រហារជីវិត​នេះ​ដោយ​បំពាន​។ ខណៈ​ទំនាក់ទំនង​ការទូត​កាន់តែ​យ៉ាប់យ៉ឺន កាណាដា​ក៏​ព្រមាន​ជនជាតិ​ខ្លួន​ក្នុងការ​ធ្វើដំណើរ​ទៅ​ចិន​។

 
​តុលាការក្រុង Dalian នៅ​ថ្ងៃទី​១៤ បានសម្រេច​បង្កើន​ទោស​លើ​ជនជាតិ​កាណាដា​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​រត់ពន្ធ​គ្រឿងញៀន​ពី​ការជាប់​ពន្ធនាគារ​១៥​ឆ្នាំ​ទៅជា​ទោស​ប្រហារជីវិត​វិញ​។ តុលាការ​ចិន​យល់ឃើញថា ជាប់ពន្ធនាគារ​១៥​ឆ្នាំ គឺ​ស្រាល​ពេក​សម្រាប់​ករណី​ធ្ងន់ធ្ងរ​បែបនេះ​។ ប៉ុន្តែ​ការកែប្រែ​ការដាក់ទោស ដែល​ធ្វើឡើង​តាម​នីតិវិធី​លឿន​ជាង​ពេល​ធម្មតា​នោះ ធ្វើឡើង​ស្របពេល​ដែល​ចិន និង​កាណាដា កំពុង​មើលមុខ​គ្នា​មិនត្រូវ​ដោយសារ​ការឃាត់ខ្លួន​មន្ត្រីជាន់ខ្ពស់ Huawei កាល​ចុង​ពី​ឆ្នាំមុន​។​
 
​ភ្លាមៗ​ក្រោយ​តុលាការ​ចិន​ប្រកាស​សាលដីកា នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ ក៏បាន​បង្ហាញ​ក្ដីបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​ដាក់ទោស​ជនជាតិ​កាណាដា​ឈ្មោះ Robert Lloyd Schellenberg ដែល​បាន​ប្រាប់​តុលាការ​ចិន​ថា ខ្លួន​គ្មាន​កំហុស​អ្វី​ឡើយ​។ លោក ទ្រូ​ដូ ចាត់ទុក​ការអនុវត្ត​ទោស​ប្រហារជីវិត​លើ​បុគ្គល Schellenberg មិន​ត្រឹម​ជាការ​បារម្ភ​របស់​កាណាដា តែ​ក៏​សម្រាប់​សហគម៍​អន្តរជាតិ​ទាំងមូល​ដែរ​។​
 
​តាមពិតទៅ ការដាក់ទោស​ជាប់ពន្ធនាគារ​១៥​ឆ្នាំ​លើ​ជន Schellenberg ត្រូវបាន​សម្រេច​ដោយ​តុលាការ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ ប៉ុន្តែ​បន្ទាប់ពី​មាន​បណ្ដឹងឧទ្ធរណ៍ តុលាការ​ជាន់ខ្ពស់​ខេត្ត Liaoning ក៏​សម្រេច​ឲ្យ​បើកសវនាការ​ជាថ្មី​។ តុលាការក្រុង Dalian សន្និដ្ឋានថា ជនជាតិ​កាណាដា​រូបនេះ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ឆ្នាំ​២០១៤ បាន​ដើរតួ​សំខាន់​ក្នុង​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​អន្តរជាតិ និង​រត់ពន្ធ​គ្រឿងញៀន​ចំនួន​២២២​គីឡូក្រាម​ចូល​ទឹកដី​ចិន​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ច្បាស់​ណាស់​ថា ករណី​ចុង​ក្រោយនេះ ធ្វើ​ឲ្យ​ទំនាក់ទំនង​ចិន និង​កាណាដា​កាន់តែ​ល្អក់កករ​មួយកម្រិត​ទៀត​។ សព្វថ្ងៃនេះ ក្រុង​អូ​តា​វ៉ា​កំពុង​ស្វែងរក​ការដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់​ដែល​ជាប់ឃុំ​នៅ​ចិន​ជុំវិញ​ការចោទប្រកាន់ថា ធ្វើ​សកម្មភាព​ប៉ះពាល់​សន្តិសុខ​ចិន ដែល​ទោស​នេះ​ក៏​មិន​ស្រាល​ដែរ​។ រឿងរ៉ាវ​ដើរ​ដល់​ដំណាក់កាល​នេះ ផ្ដើមចេញពី​ការឃាត់ខ្លួន​នាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ពី​សំណាក់​អាជ្ញាធរ​កាណាដា ហើយ​សព្វថ្ងៃ​កំពុងស្ថិត​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​។​
 
​មតិ​ជាច្រើន​យល់ថា ករណីនេះ ជាការ​សងសឹក​របស់​ចិន​លើ​កាណាដា ខណៈ​ចិន​បាន​ព្រមាន​រួចហើយ​ថា បើ​ជនជាតិ​ខ្លួន​មិនត្រូវ​បាក​ដោះលែង​ទេ កាណាដា​ត្រៀមខ្លួន​ឲ្យ​ហើយ​ទៅ​។ ចាប់ពីពេលនោះ​មក ជនជាតិ​កាណាដា​បីនាក់​ត្រូវ​អាជ្ញាធរ​ចិន​ចាប់ខ្លួន តែ​ម្នាក់​ក្នុងចំណោម​នេះ​នឹងត្រូវ​បញ្ជូនទៅ​ស្រុក​វិញ​។ យ៉ាងណាមិញ ចិន​បាន​ទាត់ចោល​ការទំនាក់ទំនង​រវាង​សំណុំរឿង​ទាំងនេះ និង​អះអាងថា ខ្លួន​គ្រាន់តែ​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ​៕ 

Tag:
 ចិន​
  កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ​
© រក្សាសិទ្ធិដោយ thmeythmey.com