កីឡាជាតិ
ជាតិ
Charlie Machell អតីត​យុវជន Newcastle ចូលរួម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង
15, Jan 2019 , 3:25 pm        
រូបភាព
ដោយ:
​ខ្សែបម្រើ​អង់គ្លេស Charlie Machell បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​សម្រាប់​រដូវ​កាល​២០១៩-២០២០​។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ ជា​អតីត​យុវជន​ថ្នាល​អាយុ​ក្រោម​១៨​ឆ្នាំ​របស់​ក្លិប Newcaslte United នៅ​អង់គ្លេស​។

 
  
 
​ខ្សែបម្រើ Charlie Machell បាន​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់ ដោយ​ធ្វើជា​យុវជន​ថ្នាល​ក្លិប​ក្របខណ្ឌ​លី​ក​កំពូល​អង់គ្លេស Newcaslte United បន្ទាប់មក​រូបគេ​បាន​ផ្លាស់​ទៅកាន់​ក្លិប​សាកលវិទ្យាល័យ​អាមេរិក Wingate Bulldog ក្នុង​ឆ្នាំ​២០១៣​។ ក្រោយ​លេង​បាន​មួយ​រដូវ​កាល​រូបគេ បាន​ផ្ទេរ​ទៅកាន់​ក្លិបនៅ​មេ​រិ​ក​មួយទៀត គឺ East Tennessee State University នៅ​ឆ្នាំ​២០១៧ មុន​ផ្លាស់​ទៅកាន់​ក្លិប​ដា​ណឺ​ម៉ា​កនៅ​ឆ្នាំ​២០១៨​។ 


 
​ក្រោយ​ប្រកប​អាជីព​នៅ​ដា​ណឺ​ម៉ា​កបាន​មួយ​រដូវ​កាល កីឡាករ​កម្ពស់​១,៨២​ម៉ែត្រ​រូបនេះ បាន​ចុះកិច្ចសន្យា​រយៈពេល​មួយឆ្នាំ​លេង​ឲ្យ​ក្លិប 07 Vestur នៃ​លី​គ​កំពូល​កោះ​ហ្វា​រ៉ូ ដោយ​ទទួលបាន​តម្លៃ​ខ្លួន​៩​ម៉ឺន​ដុល្លារ​។ ហើយ ក៏បាន​ផ្លាស់​មកលេង​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​រដូវ​កាល​នេះ​តែម្តង​។ 
 
Charlie Machell ជា​កីឡាករ​បរទេស​ទី​៥​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បន្ទាប់ពី​ក្លិប​នេះ​បាន​នាំចូល​កីឡាករ​បរទេស​៤​រូប​ជា​បន្តបន្ទាប់​រួមមាន​ខ្សែបម្រើ​អង់គ្លេស Harley Willard, ខ្សែការពារ​អាមេរិក Jonathan Campbell, ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Yeon Gisung និង​ខ្សែបម្រើ Daisuke Kobayashi៕

Tag:
 បាល់ទាត់​
  Charlie Machell
  ព្រះខ័ន​រាជ​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com