ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់​តំណាង​ប្រទេស​ទាំង​២០ ពី​ជំនួយ​វៀតណាម ក្នុង​ការរំដោះ​កម្ពុជា​ពី​សង្គ្រាម​
15, Jan 2019 , 5:47 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ជាថ្មី​ចំពោះ​ការរួមចំណែក​របស់​ភា​គី​វៀតណាម ក្នុងការ​ផ្តួលរំលំ​រប​ប​ខ្មែរក្រហម រហូត​ទទួលបាន​ជោគជ័យ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​កម្ពុជា ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក  (APPF) នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ នៅលើ​ទឹកដី​ខេត្តសៀមរាប​។


 
​កិច្ចប្រជុំ​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​កា​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ខាង​នីតិបញ្ញត្តិ​នៃ​ប្រទេស​ចំនួន​២១ ដោយ​រាប់ទាំង​កម្ពុជា​ជា​ផ្ទះ​ផងដែរ​។ តំណាង​ប្រទេស​ទាំងនោះ មាន​គណៈប្រតិភូ​សរុប​ប្រមាណ​២៤០​នាក់​។ កិច្ចប្រជុំ​នេះ នឹង​ប្រព្រឹត្ត​ទៅដល់​ថ្ងៃទី​១៧ ខែមករា​។​
 
​នៅ​ចំពោះមុខ​តំណាង​ប្រទេស​ទាំងនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែងអំណរគុណ​ដល់ បក្ស​កុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជន និង​កងទ័ព​វៀតណាម ដែល​បាន​ជួយ​ជ្រោមជ្រែង ក្នុង​ការកសាង​កម្លាំង​ប្រដាប់អាវុធ ដើម្បី​ឈានទៅដល់​រំដោះប្រទេស ចេញពី​សង្គ្រាម ហើយ​បាន​ជួយសង្គ្រោះ​ប្រជាជន​កម្ពុជា ឲ្យ​រួចផុត ពី​សេចក្តីស្លាប់​។ មេដឹកនាំ​កម្ពុជា និយាយ​សំដៅទៅ​កាន់​អ្នកស្រី  Nguyen Thi Kim Ngan ប្រធានរដ្ឋសភា​វៀតណាម ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នោះ យ៉ាង​ដូច្នេះ​ថា​៖«​យើង​ពិតជា​អរគុណ ចំពោះ​ការចូលរួម​ឧបត្ថម្ភ ដែល​ធ្វើ​ឲ្យ​យើងខ្ញុំ បាន​ឆ្លង​ផុតពី​សម័យកាល​គ្រោះថ្នាក់​នោះ ហើយ​មាន​វឌ្ឍនភាព​មកដល់​ពេលនេះ​»​។ 



​បន្ទាប់មក សម្តេច ហ៊ុន សែន ក៏​ប្រាប់​បណ្តា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងនោះ​ថា ចាប់តាំងពី​ចុងឆ្នាំ​១៩៩៨​មក កម្ពុជា បានក្លាយ​ទៅជា​ប្រទេស ដែលមាន​តំប​ត់​ត្រួតត្រា​តែមួយ ព្រះមហាក្សត្រ​តែមួយ រដ្ឋធម្មនុញ្ញ​តែមួយ រដ្ឋាភិបាល​តែមួយ និង​កម្លាំងប្រដាប់អាវុធ​តែមួយ ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​៥០០​ឆ្នាំ​ចុង​ក្រោយនេះ​។ ប្រមុខ​រដ្ឋាភិបាល បញ្ជាក់ថា​៖«​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រមាណ​៥០០​ឆ្នាំ​ចុងក្រោយ មិនមាន​តំបន់​តែមួយ​ទេ  តែមាន​តំបន់​ត្រួតត្រា​ច្រើន មិនតិច​ជា​២ រហូត​មាន​តំបន់​ត្រួតត្រា​ដល់​ទៅ​៤ និង​ធ្លាប់មាន​រដ្ឋាភិបាល​២ ហើយ​តែងមាន​ជម្លោះ​»​។  
 
​ជុំវិញ​រឿងរ៉ាវ​នៃ​៧​មករា​នេះ មាន​មជ្ឈដ្ឋាន​ខ្លះ ដោយ​រួមទាំង​អ្នកប្រឆាំង​ផងដែរ នៅតែ​មិន​ឲ្យ​តម្លៃ​។ អ្នក​ទាំងនោះ តែង​ប្រកែក​ថា ៧​មករា មិនមែនជា​ថ្ងៃ ដែល​វៀតណាម ចូល​មកជួយ​កម្ពុជា​ទេ តែ​ជា​ថ្ងៃ​ដែល​វៀតណាម ចូលមក​ឈ្លានពាន​។ 
 
​យ៉ាងណាក៏ដោយ អ្នកគាំទ្រ​រដ្ឋាភិបាល ក៏ដូចជា​រដ្ឋាភិបាល​ខ្លួនឯង បានចាត់ទុក​៧​មករា ថា​ជា​ថ្ងៃកំណើត​ទី​២ ហើយ​ថែមទាំង យល់ថា បើ​គ្មាន​៧​មករា ក៏​គ្មានអ្វីៗ​ដូច​សព្វថ្ងៃ​នេះដែរ​៕  

Tag:
 APPF
  ហ៊ុន សែន​
  ៧​មករា
© រក្សាសិទ្ធិដោយ thmeythmey.com