អន្តរជាតិ
រុស្ស៊ី ប្រាប់​ជប៉ុន​ឲ្យ​ឈប់​អូស​អាមេរិក​ចូល​តុ​ចរចា​ស្វែងរក​សន្តិភាព​
15, Jan 2019 , 8:39 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergey Lavrov បាន​ប្រាប់​ឲ្យ​ជប៉ុន​ឈប់​យក​អាមេរិក​មក​ពាក់ព័ន្ធ​ការចរចា​ស្វែងរក​សន្តិភាព​ក្របខណ្ឌ​ទ្វេភាគី​។ លោក Lavrov លើកឡើង​បែបនេះ ខណៈ​រុស្ស៊ី និង​ជប៉ុន​កំពុង​ជជែក​គ្នា​បង្កើត​សន្ធិសញ្ញា​សន្តិភាព​ទ្វេភាគី ដែល​មិនទាន់​ត្រូវបាន​ចុះហត្ថលេខា​ឡើយ​តាំងពី​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​មក​នោះ​។ មិនមែន​តែ​រឿង​អូស​អាមេរិក​មក​ពាក់ព័ន្ធ​ជម្លោះទឹកដី​ទេ សូម្បីតែ​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​នៅ​ជប៉ុន ក៏ត្រូវ​លោក Lavrov ព្រមាន​ថា អាចធ្វើ​ឲ្យ​ការចរចា​រាំងស្ទះ​ដែរ​។​

 
​រុស្ស៊ី និង​ជប៉ុន កំពុង​ប្រឹងប្រែង​ចរចា​ដើម្បី​សម្រេច​ឲ្យ​សន្ធិសញ្ញា​សន្តិភាព​មួយ​។ រដ្ឋមន្ត្រីការបរទេស​ជប៉ុន Taro Kono បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​មូ​ស្គូ​ដើម្បី​ជជែក​ជាមួយ​សម​ភាគី​រុស្ស៊ី Sergey Lavrov ប៉ុន្តែ​ការខ្វែងគំនិត​នៅតែមាន​ដដែល ពិសេស​ជំហរ​ជប៉ុន​ក្នុងការ​ទាមទារ​បណ្ដា​កោះ​នៅ​ភាគ​ខាងជើង​ដែល​កំពុង​គ្រប់គ្រង​ដោយ​រុស្ស៊ី និង​តួនាទី​របស់​អាមេរិក​ផង​។​
 
​ថ្មីៗ​នេះ ជប៉ុន​បាន​ប៉ុនប៉ង​អូស​អាមេរិក​ចូលក្នុង​ការចរចា​ជាមួយ​រុស្ស៊ី​។ នៅ​ដើម​ខែម​ករានេះ មន្ត្រី​ជំនិត​នាយករដ្ឋមន្ត្រី​ជប៉ុន​ម្នាក់​និយាយថា ក្រុង​តូ​ក្យូ​ចង់​ឲ្យ​អាមេរិក​យល់​ពី​សារសំខាន់​ក្នុងការ​បញ្ចប់​ការចរចា​រវាង​រុស្ស៊ី និង​ជប៉ុន​ដើម្បី​ឈានទៅ​បង្កើត​សន្ធិសញ្ញា​សន្តិភាព ហើយ​យក​ប្រើប្រាស់​វា​ជា​មធ្យោបាយ​ដើម្បី​ទប់ទល់​ចិន​។ យ៉ាងណាមិញ លោក Lavrov ចាត់ទុក​ការព្យាយាម​នេះ​ជា​រឿង​ហួសហេតុ និង​ប្រា​ប់លោក Kono រួច​ហើយពី​ជំហរ​របស់​រុស្ស៊ី​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៤ ខែមករា ប្រមុខ​ការទូត​រុស្ស៊ី​អះអាងថា ការប៉ុនប៉ង​របស់​ជ​ប៉ុន ធ្វើ​បង្កើតជា​ការខ្វែងគំនិត​ក្នុងពេល​ចរចា​។ ខណៈ​ការចរចា​ដើម្បី​សម្រេច​ឲ្យ​បាន​សន្ធិសញ្ញា​សន្តិភាព​ចាប់ផ្ដើម​នៅ​មូ​ស្គូ លោក Lavrov ក៏​លើកឡើង​ពី​ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​ដែល​បាន​គ្របដណ្ដប់​ដល់​ទឹកដី​ជប៉ុន​ផង​។ លោក​ចាត់ទុក​វា​ជា​ឧបសគ្គ​សម្រាប់​ការចរចា ទោះជា​អាមេរិក​ចង់​បកស្រាយ​ថា គោលដៅ​របស់​វា​ប្រឆាំង​តែ​កូរ៉េខាងជើង​មួយ​ក្ដី​។​
 
​មិនទាន់​អស់​ឡើយ ដើម្បី​បញ្ចប់​ការស្វែងរក​សន្ធិសញ្ញា​ស​ន្តិ​ភាព​នោះ រុស្ស៊ី​ក៏បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ជប៉ុន​ទទួលស្គាល់​ប្រជុំ​កោះ​គូ​រី​ល​ជា​ទឹកដី​រុស្ស៊ី​ដែរ​។ ជម្លោះ​ដែន​អធិបតេយ្យ​នេះហើយ ដែល​ទប់ស្កាត់​ជប៉ុន និង​រុស្ស៊ី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្នុងពេល​៧០​ឆ្នាំ​មកនេះ​។ ត្រង់ចំណុច​នេះ លោក Lavrov និយាយថា បើ​ជប៉ុន​មិន​ព្រម​ទេ ដំណើរការ​ចរចា​លើ​បញ្ហា​ផ្សេងទៀត ពិបាក​នឹង​ទទួលបាន​លទ្ធផល​ណាស់​។ 
 
​ប្រជុំ​កោះ​គូ​រី​ល ជា​ទឹកដី​ដែល​រុស្ស៊ី​កាន់កាប់​ផ្លូវការ​ក្រោយ​បញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​មកម្ល៉េះ ដោយ​ក្រុង​មូ​ស្គូ​អះអាងថា កម្មសិទ្ធិ​របស់ខ្លួន​លើ​ដែន​កោះ​នេះ​មានចែង​ក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ផង​។ ជប៉ុន​ហៅ​ប្រជុំ​កោះ​នេះ​ថា ទឹកដី​ខាងជើង ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​តែង​ប្រកាស​កម្មសិទ្ធិ​លើ​កោះ​នេះដែរ​។ ប៉ុន្តែ​លោក Lavrov បែរជា​ប្រាប់​ឲ្យ​ជប៉ុន​ផ្លាស់ប្ដូរ​ចំណុច​វិញ​៕ 
 

Tag:
 រុស្ស៊ី​
  ជប៉ុន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com