ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួង​ការពារជាតិ​អាមេរិក ស្នើ​ឲ្យកម្ពុជា​ទម្លាក់​បទ​ចោទ​ពី​លោក កឹម សុខា​
15, Jan 2019 , 4:21 pm        
រូបភាព
​លោក Joseph H. Felter ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រប​ស់​អាមេរិក ដែល​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃ​១៦ ខែមករា ឆ្នាំ​២០១៩ ដើម្បី​ពិភាក្សា​លើ​បញ្ហា​ផ្សេងៗ ដោយ​រួមទាំង​​សំណុំរឿង​លោក កឹម សុខា សិទ្ធិសេរីភាព​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ​។ នេះ​បើ​យោងតាម​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។


 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក Felter បាន​ជួបពិភាក្សាជាមួយ លោក នាង ផាត រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ថ្ងៃរសៀល​ថ្ងៃទី​១៥ ខែមករា​នេះ​។ សេចក្ដីជូនដំណឹង​ពី​ស្ថានទូត​អាមេរិក បាន​សរសេរថា ជំនួប​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​ចក្ខុវិស័យ​រួម ដែល​ចង់​ឲ្យ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មាន​ភាព​បើកចំហ និង​មាន​ភាពសេរី និង​ពិភាក្សា​ពី​ការដែល​ទំនាក់ទំនង​រវាង​យោធា និង​យោធា​ដ៏​ល្អ​មួយ អាចជួយ​កម្ពុជា​ក្នុងការ​រក្សា​អធិបតេយ្យភាព​របស់ខ្លួន​បាន ដោយ​គ្មាន​ការបង្ខិតបង្ខំ ដើម្បី​ធានាបាន​នូវ​សន្តិភាព វិបុលភាព និង​ឯករាជ្យ​របស់​ប្រទេស​កម្ពុជា សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។ 



​សេចក្ដីជូនដំណឹង​ខាងលើ បញ្ជាក់ថា លោក Felter នឹង​ពិភាក្សា​ពី​ជំហាន​បន្ទាប់ សម្រាប់​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​យោធា​និង​យោធា នៅពេលដែល​រដ្ឋាភិបាល​កម្ពុ​ជាមាន​ភាពជឿនលឿន​ក្នុងការ​ពង្រឹង​ស្ថាប័ន និង​អនុវត្ត​កំណែទម្រង់ ដែល​រួមមាន​ការទម្លាក់​ចោល​ប​ទ​ចោទប្រកាន់​លើ​លោក កឹម សុខា ហើយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដំណើរការ​ដោយ​សេរី​។ 



​យ៉ាងណាក៏ដោយ ករណី​របស់លោក កឹម សុខា ត្រូវបាន​លើកឡើង​ក្នុងជំនួប​រវាង​លោក Felter និង លោក នាង ផាត ឬក៏​យ៉ាងណា​នោះ ពុំទាន់មាន​ព័ត៌មាន​នៅឡើយ​ទេ។ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបញ្ជាក់​ពី​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានទេ ដោយសារតែ​លោក មិន​លើក​ទូរ​សព្ទ​៕ 
 


រីឯលោក ចាន់ ចេន មេធាវីម្នាក់របស់លោក កឹម សុខា សុំមិនធ្វើអត្ថាធិប្បាយនៅក្នុងរឿងនេះ ដោយលោក ប្រាប់ថា ពុំទាន់ទទួលបានព័ត៌មាន។ 

បច្ចុប្បន្ន សុំណុំរឿងរបស់លោក កឹម សុខា កំពុងស្ថិតក្នុងដំណាក់កាលនៃការស៊ើបសួរ។ មកដល់ពេលនេះ សំណុំរឿងរបស់លោក បានអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំកន្លះហើយ។ 

កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ពោលគឺក្រោយជាប់ពន្ធនាគារបានមួយឆ្នាំ ចៅក្រមស៊ើបសួរ ក៏ឲ្យលោក នៅក្រៅឃុំជាបណ្តោះអាសន្ន។ ប៉ុន្តែ ចៅក្រមស៊ើបសួរ បានដាក់បម្រាមចំពោះលោក យ៉ាងតឹងរឹង ដោយមិនឲ្យលោក ចេញទៅណាឆ្ងាយពីផ្ទះឡើយ ហើយក៏មិនឲ្យជួបអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង និង ជនបរទេសណា ដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿង។ 

ក្រុមអ្នកប្រឆាំង បានហៅនីតិវិធីនេះ ថាជាការឃុំខ្លួនក្នុងផ្ទះ។ ពួកគេ បន្តទាមទារឲ្យតុលាការ ក៏ដូចជារដ្ឋាភិបាល ផ្តល់សេរីភាពពេញលេញជូនលោក កឹម សុខា៕ 

Tag:
 Joseph H. Felter
  នាង ផាត
© រក្សាសិទ្ធិដោយ thmeythmey.com