ជាតិ
សម្ដេច សាយ ឈុំ ៖ ការមិន​ប្រើ​ឥទ្ធិពល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង គឺជា​កត្តាចាំបាច់​សម្រាប់​កសាង​ពិភពលោក​
15, Jan 2019 , 9:39 pm        
រូបភាព
រូបពីហ្វេសប៊ុកព្រឹទ្ធសភាកម្ពុជា
រូបពីហ្វេសប៊ុកព្រឹទ្ធសភាកម្ពុជា
​សៀមរាប​៖ ការមិន​ប្រើ​ឥទ្ធិពល​កៀបសង្កត់ ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ ក្នុងការ​ទាញយក​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​នោះ គឺជា​កត្តា​ចំ​បាច់​មួយ សម្រាប់​កសាង​ពិភពលោក​ដ៏​សុខសាន្ត ហើយ​អហិង្សា​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច សាយ ឈុំ ប្រធានរដ្ឋសភា​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ នា​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ។​

 
​សម្ដេច សាយ ឈុំ បាន​បញ្ជាក់ថា ប្រទេស​នីមួយៗ​នៅក្នុង​ពិភពលោក សុទ្ធតែ​ចង់បាន​អធិបតេយ្យភាព និង​ឯករាជ្យ​ពេញលេញ ដោយ​មិន​ចង់​ឲ្យ​មានការ​លូកដៃ​ចូល​ពី​ប្រទេស​មានអំណាច​ឡើយ​។ ថ្លែង​បែបនេះហើយ សម្ដេច សាយ ឈុំ ក៏បាន​លើក​ពី​វឌ្ឍនភាព​របស់​រដ្ឋសភា​កម្ពុជា ដែល​តែងតែ​ការពារ​សន្តិសុខ សន្តិភាព តាមរយៈ​ការធ្វើ​សេចក្តីស្នើច្បាប់ និង​ការអនុវត្ត​ច្បាប់​សំខាន់ៗ រួមទាំង​ការគាំទ្រ​នូវ​វិធានការ​នានា​របស់​រដ្ឋា​ភិ​បាល ដើម្បី​ការពារ​ឯករាជ្យ និង​សិទ្ធិ​ស្វ័យ​សម្រេច​ប្រជាជន​កម្ពុជា​។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ប្រធានព្រឹទ្ធសភា បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ការមិន​រើសអើង​ប្រទេស​ធំ​និង​តូច ការរាប់​រកគ្នា​ដោយ​មេត្រីភាព និង​សហប្រតិបត្តិការ​ស្មើភាព ការមិន​ជ្រៀត​ជ្រែកចូល​កិច្ចការ ផ្ទៃក្នុង​ផង​គ្នា និង​ការមិន​ប្រើ​ឥទ្ធិពល​កៀបសង្កត់​ផ្សេងៗ ដើម្បី​បម្រើ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ ការមិន​រត់ប្រណាំង​សព្វាវុធ និង​ការមិន​ប្រើប្រាស់​កម្លាំងយោធា សុទ្ធតែជា​កត្តា​អនុគ្រោះ ដ៏​គាប់ប្រសើរ​សម្រាប់​តំបន់ និង​ពិភពលោក​ទាំងមូល​»​។​


 
​ដើម្បី​ដោះស្រាយ​បញ្ហា​នានា រួមទាំង​ការបញ្ចៀស​ភាពអវិជ្ជមាន​នៃ​ការកៀបសង្កត់​ពី​ប្រទេស​មានអំណាច​នោះ ប្រធានព្រឹទ្ធសភា​កម្ពុជា ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​ការសន្ទនា ដោយ​ស្មារតី​សហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ។ ជាពិសេស​តួអង្គ​ពាក់ព័ន្ធ​នានា លើ​បញ្ហា​សន្តិសុខ អន្តោប្រវេសន៍ ប​ញ្ហ​ជម្លោះ​ពាណិជ្ជកម្ម និង​បញ្ហា​ផ្សេងទៀត ដោយ​ត្រូវមាន​ការដោះស្រាយ​ផ្អែកលើ​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ តាមរយៈ​យន្តការ​ដែលមាន​ស្រាប់​។ បើតាម​សម្ដេច សាយ ឈុំ ការអនុវត្ត​បែបនេះ វា​នឹង​បម្រើ​ផលប្រយោជន៍​សង្គម និង​ប្រជាជន ក្នុងការ​ថែរក្សា​សន្តិភាព សន្តិសុខ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​ទាំងមូល​ផង​។​
 
 
​វេទិកាសភា​សភា​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​២៧​នេះ ធ្វើឡើង​ក្រោម​មូលបទ​«​ការពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ ក្នុងនោះ​បញ្ហានយោបាយ និង​សន្តិសុខ​ក្នុង​តំបន់​មួយចំនួន ដែល​ប្រធាន និង​ថ្នាក់ដឹកនាំ​សភា​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត​ត្រូវ​ពិភាក្សាគ្នា​នោះ គឺ​ផ្តោតទៅលើ​ទំនាស់​រវាង​បណ្ដា​ប្រទេស ដែល​ខ្វែងគំនិត​គ្នា លើ​បញ្ហា​ដែនសមុទ្រ​ចិន​ខាងត្បូង បញ្ហា​ឧបទ្វីប​កូរ៉េ បញ្ហា​សិទ្ធមនុស្ស​រ៉ូ​ហ៊ីង​យ៉ា​ជាដើម​។ ក្រៅពី​បញ្ហា​សន្តិសុខ​តំបន់ ក៏​នៅមាន​បញ្ហា​សេដ្ឋកិច្ច ការអភិវឌ្ឍ​ក្នុង​តំបន់​ដោយ​គ្មាន​ការរើសអើង រួមទាំង​បញ្ហា​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ក៏​ជា​របៀបវារៈ​ដែល​ត្រូវ​ពិភាក្សាគ្នា​ដែរ​។​
 
​កិច្ចប្រជុំសភា​អាស៊ី​ប៉ាស៊ីហ្វិក លើក​ទី​២៧ មាន​បណ្ដា​ថ្នាក់ដឹកនាំ​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា សរុប​២៣៩​រូប មកពី​២១​ប្រទេស​។ ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំងនោះ រួមមាន អូស្ត្រាលី ឡាវ រុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មីក្រូ​ណេ​ស៊ី ចិន វៀតណាម ហ្វ៊ី​ជី នូ​វែ​ល​សេ​ឡង់ ម៉ុង​ហ្គោ​លី ម៉ិ​ក​ស៊ិ​ក ថៃ ជប៉ុន សាធារណរដ្ឋ​កូរ៉េ កាណាដា ស៊ី​លី ប៉ា​ពូ​អាស៊ី​នូ​វែ​ល​ហ្គី​ណេ ហ្វីលីពីន សិង្ហ​បុរី និង​ព្រុយ​ណេ​។ នេះ​បើតាម​រដ្ឋសភា​កម្ពុជា​។ 
 
​សូមបញ្ជាក់ថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (The Asia Pacific Parliamentary Forum) បាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញ​សិទ្ធ​ចំនួន​២៧​ប្រទេស​៕
 

Tag:
 សាយ ឈុំ​
  APPF
  អាស៊ី​ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com