អន្តរជាតិ
លោក ត្រាំ ទាត់ចោលសំណើបើករដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីចរចាបញ្ហាព្រំដែន លោក ដូណាល់ ត្រាំ ពេលទៅពិនិត្យព្រំដែនអាមេរិក-ម៉ិកស៊ិកនៅរដ្ឋកាលីហ្វ័រនីញ៉ា (រូបភាព៖ AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីដើមសប្តាហ៍ បានបដិសេធការស្នើសុំរបស់សមាជិកបក្សសាធារណៈរដ្ឋម្នាក់ ដែលចង់ឲ្យមានការបើកទ្វាររដ្ឋាភិបាលអាមេរិកឡើងវិញជាបណ្តោះអាសន្ន ក្នុងគោលបំណងលើកទឹកចិត្តការចរចាជាមួយបក្សប្រជាធិបតេយ្យលើបញ្ហាសន្តិសុខព្រំដែន។ សំណើនេះគឺធ្វើឡើង ស្របពេលដែលការបិទទ្វារនៃផ្នែកខ្លះរបស់រដ្ឋាភិបាលអាមេរិក បានអូសបន្លាយដល់សប្តាហ៍ទីបួនទៅហើយនោះ។
ប្រមាណ១ភាគ៤នៃប្រតិបត្តិការសហព័ន្ធត្រូវបានបិទ ដ្បិតខ្វះខាតលុយចាប់តាំងពីថ្ងៃទី២២ខែធ្នូមក ពោលគឺក្រោយពីលោក ដូណាល់ ត្រាំ បានទាមទារប្រាក់ប្រមាណ ៥,៧ ពាន់លានដុល្លារក្នុងឆ្នាំនេះពីសភាអាមេរិក សម្រាប់សាងសង់ជញ្ជាំងនៅលើព្រំដែនអាមេរិកភាគនីរតី ជាប់នឹងប្រទេសម៉ិកស៊ិក។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters លោក ត្រាំ ជាថ្មីម្តងទៀតបានទទូចឲ្យសភាអាមេរិកផ្តល់លុយឲ្យលោក ដើម្បីសាងសង់ជញ្ជាំងព្រំដែន ដោយបានអះអាងថា ដ្រូន និងសម្ភារៈបច្ចេកវិទ្យាផ្សេងទៀតពុំអាចបញ្ឈប់ការឆ្លងដែនខុសច្បាប់បានឡើយ។ មែនទែនទៅ បក្សប្រជាធិបតេយ្យដែលបានដណ្តើមក្តោបក្តាប់សភាតំណាងមកវិញ កាលពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ បានបដិសេធការទាមទារលុយ ៥,៧ ពាន់លានដុល្លាររបស់លោកត្រាំ ដើម្បីយកទៅសាងសង់ជញ្ជាំង។
ដោយយកលេសពុំចង់ផ្តល់លុយ សមាជិកបក្សប្រជាធិបតេយ្យធ្លាប់បានបញ្ជាក់ថា វាមានវិធីងាយស្រួល ថោកជាង និងមានប្រសិទ្ធិភាព ក្នុងការពង្រឹងសន្តិសុខព្រំដែនជាងការសាងសង់ជញ្ជាំង ដែលអាចចំណាយលុយដល់ទៅជាង ២៥ ពាន់លានដុល្លារឯណោះ។ ហើយក្នុងឆ្នាំ ២០១៩ នេះ បក្សប្រជាធិបតេយ្យបានផ្តល់លុយចំនួន ១,៣ ពាន់លានដុល្លារក្នុងជំនួយផ្នែកសន្តិសុខព្រំដែនថ្មី ដើម្បីចំណាយទៅលើសម្ភារៈបច្ចេកវិទ្យាទំនើបៗជាច្រើនប្រភេទ។
គួរបញ្ជាក់ផងដែរថា ការច្រានចោលរបស់លោកត្រាំ គឺធ្វើឡើងក្រោយពីសមាជិកព្រឹទ្ធសភាម្នាក់មកពីបក្សសាធារណៈរដ្ឋ លោក Lindsey Graham កាលពីថ្ងៃអាទិត្យ បានទទូចឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បើករដ្ឋាភិបាលឡើងវិញក្នុងរយៈពេលខ្លី ក្នុងគោលបំណងចាប់ផ្តើមកិច្ចពិភាក្សាជាថ្មី។ ហើយវាក៏ជាគំនិតដែលបណ្តាសមាជិកបក្សប្រជាធិបតេយ្យបានលើកឡើង នារយៈពេលជាច្រើនសប្តាហ៍កន្លងទៅនេះផងដែរ៕
Tag:
ដូណាល់ ត្រាំ
បញ្ហាព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com