ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី នៅ ស្រី​ពៅ ផ្តោតលើ​កេរ្តិ៍ឈ្មោះ​ជាង​លុយ ពេល​បាន​ចូល ONE Championship
16, Jan 2019 , 7:59 am        
រូបភាព
 ដោយ​៖ Matias Andres
 
​នៅ ស្រី​ពៅ ជា​កីឡាការិនី​កម្ពុជា​មួយរូប​ទៀត ដែល​ត្រូវបាន​ស្ថាប័ន​ក្បាច់គុន​ដ៏​ធំជាងគេ ONE Championship ជ្រើសរើស​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​មួយ​នេះ​។ ម្ចាស់​ពានរង្វាន់​កីឡាការិនី​ឆ្នើម​ប្រចាំឆ្នាំ​២០១៨​នៅ​មី​យ៉ាន់​ម៉ា​រូបនេះ ត្រូវ​តទល់​ជាមួយ​កីឡាការិនី​ម្ចាស់ផ្ទះ Rika Ishige ក្នុង​ព្រឹត្តិការណ៍ ONE: Clash of Legends នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​។

 
​កីឡាការិនី នៅ ស្រី​ពៅ នឹង​ផ្តោត​សំខាន់​លើ​កេរ្តិ៍ឈ្មោះ ជាជាង​ថវិកា ក្រោយ​ត្រូវបាន​ស្ថាប័ន​ប្រដាល់​លំដាប់​ពិភពលោក ONE Championship អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​ដ៏​ធំ​មួយនា​អំឡុង​ខែកុម្ភៈ​ខាងមុខ​។ ប្រាប់​អ្នកសារព័ត៌មាន​របស់ ONE ក្រោយ​ហ្វឹកហាត់​កីឡាការិនី​រូបនេះ​បាន​រៀបរាប់ថា​៖«​លោកគ្រូ (​អតីត​អ្នក​ប្រដាល់ ONE Championship លោក Nicholas "JJ" Lee) សួរ​ខ្ញុំ​ថា ខ្ញុំ​ចង់វាយ​ដើម្បី​កេរ្តិ៍ឈ្មោះ ឬក៏​ដើម្បី​លុយ​? ខ្ញុំ​ឆ្លើយថា ខ្ញុំ​វាយ​ដើម្បី​កេរ្តិ៍ឈ្មោះ អត់​ទាន់​គិត​រឿង​លុយ​ទេ​»​។  
 
​ថ្វី​ដ្បិត​ពុំ​ធ្លាប់មាន​បទពិសោធ​ពាក់ព័ន្ធ​កីឡា​គុន​ចម្រុះ តែ​កីឡាការិនី​វ័យ​២៣​ឆ្នាំ​រូបនេះ ទទួលបាន​ការសរសើ​រ​ពី​គ្រូបង្វឹក លោក ហ៊ុន ចាន់​រាជ សម្រាប់​ការចូល​ហ្វឹកហាត់​ថ្ងៃ​ដំបូង​ថា នាង​ជា​កីឡាការិនី​ដែល​ឆាប់​ចាប់បាន​។ «​លោកគ្រូ​សរសើ​ខ្ញុំ​ថា ខ្ញុំ​ចាប់​ឆាប់​បាន​ណាស់​។ ខ្ញុំ​ពូកែ​ដៃ​ស្រាប់ ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រឹង​ហាត់​ចាប់​ឲ្យ​ខ្លាំង ជាពិសេស​គូប្រកួត​ខ្ញុំគេ​ពូកែ​ខ្លាំង​ខាង​ចាប់​ក្រោម​ផង​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី នៅ ស្រី​ពៅ​។ 


 
​ម្ចាស់​ពាន់រង្វាន់​កីឡាការិនី​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ Lethwei World Championship នៅ​មី​យ៉ាន់​ម៉ា​រូបនេះ មាន​អារម្មណ៍​ភ័យ​ផង រំភើប​ផង ពេល​ទទួលបាន​ដំណឹង​ថា នាង​ត្រូវបាន​គេ​ដាក់​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE Championship ជា​លើកដំបូង​។   ម្ចាស់​ជើងឯក​ខ្សែក្រវាត់ Kun Khmer World Champion រៀបរាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​អរ​ផង រំភើប​ផង តែ​ក៏​ភ័យ​ណាស់ដែរ​។ ខ្ញុំ​អត់​ធ្លាប់​វាយ MMA ពីមុន​ទេ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា ហាត់​ឲ្យ​ខ្លាំង​ឲ្យ​អស់ពី​សមត្ថភាព​។ ភាគច្រើន​គេ​ថា ខ្ញុំ​ទៅ​មិន​រួច​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ប្រឹង​ទាល់តែ​រួច​»​។​
 
​សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​សិស្ស​គុន​របស់​ក្លិប Cambodian Top Team រូបនេះ ត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​ថៃ Rika Ishige នា​ព្រឹត្តិការណ៍ ONE: Clash of Legends នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ នា​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។ 
 
​និយាយ​ពី​គូប្រកួត​ថៃ Rika វិញ ពិតជា​កំពូល​តារា​ប្រដាល់​ស្រី​ម្នាក់​ដែលជា​ប់​ឈ្មោះថា The Land Of Smiles  នាង​ចាប់ផ្តើម​ប្រកួត​ក្នុង​ស្ថាប័ន ONE Championship តាំងពី​ឆ្នាំ​២០១៧ មកដល់​សព្វថ្ងៃ​នាង​មាន​ប្រវត្តិ​ឈ្នះ​៤​ដង ចាញ់​២​ដង ហើយ​ឈ្នះ ៤​ដងនោះ​សុទ្ធតែ​ផ្តួល​ដៃគូ​មុន​ចប់​ទឹក​ទាំងអស់​។ ស្រី​ពៅ ដែលជា​កីឡាការិនី​ចំណូល​ថ្មី អាច​នឹង​ជួប​ការលំបាក​ពេល​ប៉ះ​កីឡាការិនី​ថៃ​វ័យ​២៩​ឆ្នាំ​រូបនេះ​។  
 
​ទាក់ទង​នឹង​ដំណឹង​ថា​បាន​ទៅ​ប្រកួត​នៅ ONE Championship តាមពិត​ត្រូវបាន​មនុស្សម្នា​លេចលឺ​សឹង​ផ្ទៃ​ប្រទេស​ទៅហើយ ប៉ុន្តែ នៅ ស្រី​ពៅ បែរជា​ដឹង​តាមរយៈ​លោកគ្រូ​ចាន់​រាជ ទៅវិញ​។ នាង​រៀបរាប់​ជា​សំណើច​ថា​៖«​លោកគ្រូ​(​ចាន់​រាជ​) គាត់​តេ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ក្លិប​ថា មានការ​បន្តិច​។ ពេលទៅដល់ គាត់​ស៊ុប​ប្រាយ​ខ្ញុំ​ខ្លាំង​តែម្តង ឲ្យ​ខ្ញុំ​ហាត់​ខ្លាំង​សឹង​ដាច់ខ្យល់​។ ខ្ញុំ​អត់​មាន​ដឹងថា​ត្រូវ​ហាត់ អីចឹង​អត់​បាន​ត្រៀម​អី​បន្តិច​! អ៉ូ​យ​.. សឹង​ដាច់ខ្យល់​!»​។ 
 
​បន្ទាប់មក​ទើប ស្រី​ពៅ ដឹងថា​ខាង​ស្ថាប័ន ONE Championship កំពុង​ទាក់ទង​ទៅ ដូច្នេះ​នាង​ត្រូវ​ជ្រើសរើស​ការប្រកួត​មួយ​ក្នុងចំណោម​ការប្រកួត​ពីរ​។ មួយ​គឺ​ប្រកួត​នៅ​ទីក្រុង​បាងកក ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS និង​មួយទៀត​គឺ​នៅ​ទីក្រុង​យាំង​ហ្គោ​ន ព្រឹត្តិការណ៍ ONE: REIGN OF VALOR​។ នាង​ឆ្លើយថា​៖ «​ខ្ញុំ​យល់​ព្រមទៅ​ប្រកួត​នៅ​ថៃ​។ ប៉ុន្តែ​លោកគ្រូ​ប្រាប់​ទុក​ថា​ដៃគូ​ខ្ញុំ​ម្នាក់​ហ្នឹង​ខ្លាំងណាស់​»​។​
 
​អ្នក​ប្រដាល់​ស្រី​ប្រចាំ​ក្លឹប​ក្បាច់គុន CTT រូបនេះ កំពុង​បោះជំហាន​ធំ​ទៅមុខ ហើយក៏​កំពុង​ត្រៀម​ការហ្វឹកហាត់​គ្រប់បែបយ៉ាង​ទាំងអស់​ដើម្បី​បង្ហាញ​ភាព​អស្ចារ្យ​របស់ខ្លួន​ក្នុង​ជុំរុំ​ពិភព​គុន​ដ៏​ធំ​របស់​ពិភពលោក​ខែក្រោយ​នេះ​៕  
 

Tag:
 នៅ ស្រី​ពៅ​
  ប្រដាល់​គុន​ខ្មែរ​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com