ជាតិ
សង្គមជាតិ
ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ ទទួល​ប្រាក់ខែ​មិនសូវ​ច្រើន តែ​ជួប​បញ្ហា​ប្រឈម​ច្រើន​
16, Jan 2019 , 8:59 am        
រូបភាព
រូប​ភាព​​សិក្ខាកាម​ចូល​រួម​​ក្នុង​កម្ម​វិធី​ ​ស្ត្រី​កម្ពុជា គាំ​ទ្រសេចក្តីប្រកាស​នៃ​សន្តិភាព​ និង​ការ​បញ្ឈប់​សង្គ្រាម​
រូប​ភាព​​សិក្ខាកាម​ចូល​រួម​​ក្នុង​កម្ម​វិធី​ ​ស្ត្រី​កម្ពុជា គាំ​ទ្រសេចក្តីប្រកាស​នៃ​សន្តិភាព​ និង​ការ​បញ្ឈប់​សង្គ្រាម​
ដោយ:
​ភ្នំពេញ​៖ ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ ងាយ​នឹង​ប្រឈម​ការទទួល​រង​នូវ​អំពើហិង្សា និង​ការ​បៀតបៀន​ផ្លូវកាយ និង​ផ្លូវចិត្ត ពី​ផ្ទះ​ម្ចាស់​។ បើតាម​ការបញ្ជា​ក់រប​ស់ អ្នកស្រី   យឹម សុធី ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​។ អ្នកស្រី   យឹម សុធី បញ្ជាក់ទៀតថា ស្ត្រី​ដែល​ងាយ​នឹង​ទទួលរង​ការ​បៀតបៀន​ផ្លូវភេទ ភាគច្រើន​ជា​ស្ត្រី​ទន់ខ្សោយ​ដែល​ខ្វះ​ការអប់រំ និង​ខ្វះ​ការអនុវត្ត​ច្បាប់​ការពារ​ស្ត្រី​នៅ​ម៉ោង​ការងារ​។


 
​តាមរយៈ​កម្មវិធី «​ស្ត្រី​កម្ពុជា គាំទ្រ​សន្តិភាព និង​ការបញ្ឈប់​សង្គ្រាម​» ដែល​រៀបចំ​ដោយ គណៈកម្មាធិការ​នារី​អន្តរជាតិ​ដើម្បី​សន្តិភាព​(IWPG) អ្នកស្រី យឹម សុធី ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ មាន​ក្តី​ព្រួយបារម្ភ ចំពោះ​ស្ត្រី​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​ដែល​ជួប​បញ្ហា​ផ្សេងៗ ដូចជា ស្ត្រី​ត្រូវបាន​គេ​បៀតបៀន​ផ្លូវភេទ រំលោភសិទ្ធិ​ម៉ោង​ការងារ និង​ស្ត្រី​ដែល​ទទួលរង​ការចោទប្រកាន់​ពី​ម្ចាស់ផ្ទះ​។ បញ្ហា​ទាំងនេះ អ្នកស្រី នឹង​ព្យាយាម​ដោះស្រាយ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ស្ត្រី​ទាំងនោះ រួមគ្នា​ចេះ​តវ៉ា​រក​យុត្តិធម៌ ដើម្បី​លុបបំបាត់​ការរំលោភបំពាន​ផ្លូវកាយ និង​ផ្លូវចិត្ត​។​


 លោកស្រី យឹម សុធី ប្រធាន​សមាគមអ្នក​បម្រើ​ការងារ​តាមផ្ទះ
 
​អ្នកស្រី បាន​អះអាងថា ប្រសិន​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ មាន​បញ្ហា​ផ្សេងៗ​ពី​ម្ចាស់ផ្ទះ ឬ​តាម​កន្លែង​ការងារ ខាង​អង្គការ​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​របស់ខ្លួន នឹងមាន​វិធានការ​ដោះស្រាយ​រវាង​និយោជក និង​និយោជិត​ដោយ​សន្តិវិធី​។ អ្នកស្រី យឹម សុធី ប្រាប់ថា​៖«​ស្ត្រី​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ជាមួយ​និយោជក យើង​ក៏មាន​ការការពារ​ពួកគាត់ ដោយ​ដោះស្រាយ​តាមច្បាប់​ផងដែរ​។ លើសពីនេះ យើង​នឹង​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ផ្សព្វផ្សាយ​ពី​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​ចំពោះ​ស្ត្រី ធ្វើយ៉ាងណា ឲ្យ​ស្ត្រី​បាន​យល់ដឹង​ពី​ការការពារ​ខ្លួន មុននឹង​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ និង​ចេះ​ដោះស្រាយ​បញ្ហា​ជាមួយ​ម្ចាស់ផ្ទះ​ខ្លួនឯង​ផងដែរ​»​។  
 
​ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​រូបនេះ​បន្ថែមថា ស្ត្រី​ដែល​បម្រើ​ការងារ​តាម​ផ្ទះ មាន​ប្រមាណ​ជាង​៦០០​នាក់ បាន​សហការ​ជាមួយ​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ ហើយ​ពួកគេ​ទទួលបាន​ប្រាក់ខែ​គោល ចាប់ពី​១៥០ ដល់​១៧០​ដុល្លារ​ក្នុង​មួយខែ​។​
 
​ថ្វី​ដ្បិត​ស្ត្រី​ទទួលបាន​ប្រាក់ខែ​គោល​ជិត​២០០​ដុល្លារ និង​មាន​កន្លែង​ស្នាក់នៅ និង​ការហូបចុក​ល្អ ពិតមែន ប៉ុន្តែ​ស្ត្រី​ដែលមាន​អាយុ​ចន្លោះ​៣០​ឆ្នាំ នៅ​មិនទាន់​ទទួលបាន​សិទ្ធិ​ការពារ​ខ្លួន​នៅឡើយ​ទេ​។ «​ទោះបី​ច្បាប់​ទើបតែ​ចេញ​មែន ប៉ុន្តែ​ការអនុវត្ត​ច្បាប់​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។ ពួកគេ​នៅតែ​ទទួល​បានការ​មាក់ងាយ និង​ការ​ស្តី​បន្ទាស​ពី​ម្ចាស់ផ្ទះ​ដដែល​»​។  នេះ​ការលើកឡើង​របស់​អ្នកស្រី យឹម សុធី ជាមួយនឹង​ការស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា ស្តីពី​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​ស្ត្រី​ឲ្យ​មាន​សន្តិភាព និង​សុខ​សុ​វត្តិភាព​ស្ត្រី​ក្នុង​ម៉ោង​ការងារ​។ 


 
​ស្ត្រី​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​ទូទាំង​រាជធានី​-​ខេត្ត មាន​ជាង​២៥​ម៉ឺន​នាក់​។ ស្ត្រី​ទាំងនោះ​ធ្វើការ​ជា​ស្ត្រី​មើលថែ​កូន បោសសំអាត​ផ្ទះ បោក​សម្លៀកបំពាក់ ធ្វើ​ម្ហូប លាងចាន​ជាដើម​។ ខេត្ត​ដែលមាន​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​ច្រើនជាងគេ គឺ​ខេត្តពោធិ៍សាត់ កំពង់ធំ និង​ក្រចេះ ហើយ​ពួកគេ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ ដល់​៥០​ឆ្នាំ​។ ស្ត្រី​មួយចំនួនទៀត ក៏បាន​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ធ្វើការ​ជា​អ្នកបម្រើ​តាម​ផ្ទះ​ផងដែរ​។ 
 
​ជាមួយគ្នា​ផងដែរ រដ្ឋាភិបាល បានចាត់ទុក​ការងារ​បម្រើ​តាម​ផ្ទះ ជាការ​ងារ​គ្មាន​ថ្ងៃ​ឈប់សម្រាក​ដូចនឹង​ការងារ​ផ្សេងៗ​នោះទេ​។ រដ្ឋាភិបាល ក៏បាន​ស្នើ​ឲ្យ​ម្ចាស់ផ្ទះ​ទាំងអស់ ផ្ដល់ប្រាក់​បៀវត្ស​ឲ្យ​បាន​ខ្ពស់ ដល់​អ្ន​ពួកគេ ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់ សម្រាប់​យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ ប្រមុខ​រដ្ឋាភិបាល ក៏​កំពុង​រក​ដំណោះស្រាយ​លើ​បញ្ហា​កម្មករ​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​នេះ​ផងដែរ​៕  
 

Tag:
 ​ស្ត្រី​
 ​ការងារ​ផ្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com