«ប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក៏បានមកពីការចូលរួមចំណែកពីរដ្ឋាភិបាលនិងប្រជាជនវៀតណាមផងដែរ»។ នេះជាសម្តីរបស់សម្តេច ហ៊ុន សែន ដែលលើកឡើងនៅចំពោះមុខអ្នកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម ក្នុងជំនួបទ្វេភាគី នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។
ក្នុងជំនួបនោះ អ្នកស្រី Nguyen Thi Kim Ngan បានសរសើរពីការដឹកនាំរបស់សម្តេច ហ៊ុន សែន។ សម្តីរបស់អ្នកស្រី ត្រូវបានស្រង់យកទៅបង្ហោះលទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះថា៖«ក្នុងរយៈពេល២ឆ្នាំមកនេះ លោកជំទាវ បានសង្កេតឃើញ កម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកជំទាវ បានកោតសរសើរចំពោះប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ដែលបានរក្សាសុខសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍកាន់តែរីកចម្រើនខ្លាំងឡើង»។
អ្នកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូម មកចូលរួមកិច្ចប្រជុំលើកទី២៧នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) រហូតដល់ថ្ងៃទី១៧ ខែមករា ក្រោមការរៀបចំរបស់កម្ពុជា ក្នុងតួនាទីជាម្ចាស់ផ្ទះ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងសន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព» ដោយមានការចូលរួមពីថ្នាក់ដឹកនាំខាងនីតិបញ្ញត្តិនៃប្រទេសចំនួន២១ ដោយរាប់ទាំងកម្ពុជាផងដែរ។
ជំនួបដាច់ដោយឡែករវាងសម្តេច ហ៊ុន សែន និង អ្នកស្រី Nguyen Thi Kim Ngan ធ្វើឡើងក្រោយពីអ្នកទាំងពីរ បានចូលរួមជាមួយបណ្តាតំណាងប្រទេសផ្សេងទៀត ក្នុងពិធីបើកកិច្ចប្រជុំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី១៥ ខែមករានេះ។
ក្នុងពិធីបើកកិច្ចប្រជុំនៃវេទិកាអាស៊ី-ប៉ាស៊ីហ្វិក ប្រមុខរដ្ឋាភិបាលកម្ពុជា បានរម្លឹកពីការរួមចំណែករបស់ភាគីវៀតណាម ក្នុងការផ្តួលរំលំរបបខ្មែរក្រហម រហូតទទួលបានជោគជ័យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ បន្ទាប់មក មេដឹកនាំកម្ពុជា ក៏ថ្លែងអំណរគុណដល់បក្សកុម្មុយនីស្ត រដ្ឋាភិបាល ប្រជាជន និងកងទ័ពវៀតណាម នៅចំពោះមុខតំណាងប្រទេសទាំងនោះ។
មេដឹកនាំរូបនេះ និយាយសំដៅទៅកាន់អ្នកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម យ៉ាងដូច្នេះថា៖«យើងពិតជាអរគុណ ចំពោះការចូលរួមឧបត្ថម្ភ ដែលធ្វើឲ្យយើងខ្ញុំ បានឆ្លងផុតពីសម័យកាលគ្រោះថ្នាក់នោះ ហើយមានវឌ្ឍនភាពមកដល់ពេលនេះ»។
អ្នកគាំទ្ររដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលខ្លួនឯង បានចាត់ទុក៧មករា ថាជាថ្ងៃកំណើតទី២ ហើយថែមទាំង យល់ថា បើគ្មាន៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ។
យ៉ាងណាក៏ដោយ មានមជ្ឈដ្ឋានខ្លះ ដោយរួមទាំងអ្នកប្រឆាំងផងដែរ នៅតែមិនព្រមឲ្យតម្លៃលើថ្ងៃ៧មករានេះ ។ អ្នកទាំងនោះ តែងប្រកែកថា ៧មករា មិនមែនជាថ្ងៃ ដែលវៀតណាម ចូលមកជួយកម្ពុជាទេ តែជាថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន៕