អន្តរជាតិ
សភា​អង់គ្លេស​បោះឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង Brexit ជាមួយ​សហភាព​អឺរ៉ុប​
16, Jan 2019 , 10:00 am        
រូបភាព
​សភា​អង់គ្លេស នៅ​ថ្ងៃទី​១៥ ខែមករា បាន​បោះឆ្នោត​ដោយ​សំឡេង​លើសលប់​ប្រឆាំង​កិច្ចព្រមព្រៀង​របស់​រដ្ឋា​ភិ​បាល​អង់គ្លេស​ស្ដីពី​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​។ លទ្ធផល​នេះ ធ្វើដំណើរ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស ធ្លាក់​ទៅក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ដោយ​មិនដឹងថា អង់គ្លេស​អាច​លែងលះ​ជាមួយ​អឺរ៉ុប​ដាច់ស្រេច​ឬ​យ៉ាងណា​ឡើយ​។ មេដឹកនាំ​អឺរ៉ុប​វិញ មិន​ពេញ​ចិត្តនឹង​លទ្ធផល​នេះ​ទេ ខណៈ​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ក៏​ប្រឈមមុខ​ការបោះឆ្នោត​សម្ដែង​ការទុកចិត្ត​ដែល​ស្នើ​ដោយ​បក្សប្រឆាំង​។​

 
​ដោយ​សំឡេង​ប្រឆាំង​៤៣២​ទល់នឹង​សំឡេងគាំទ្រ​២០២ សភា​អង់គ្លេស​បាន​ជំទាស់​ផែនការ​របស់​នាយករ​ដ្ឋ​មន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ក្នុងការ​ដកខ្លួន​ពី​សហភាព​អឺរ៉ុប​។ នេះ​ជា​លើកដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អង់គ្លេស ដែល​រដ្ឋាភិបាល​រង​បរាជ័យ​ធ្ងន់ធ្ងរ​បែបនេះ​។ តែ​វា​មិនមែនជា​បញ្ហា​ឡើយ អ្វី​ជា​បញ្ហាសំខាន់​វិញ​នោះ គឺ​អង់គ្លេស​អាច​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា ដោយ​គ្មាន​លក្ខខណ្ឌ​ត្រឹមត្រូវ​។​
 
​បរាជ័យ​ធំធេង​នេះ ជា​លទ្ធផល​ដែល​គេ​រំពឹងទុក​តាំងពី​លោក ម៉េ​យ៍ យក​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ក្នុង​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​ទាំង​លំបាក ទៅសុំ​ការយល់ព្រម​ពី​សភា​មកម្ល៉េះ​។ សមាជិកសភា​ភាគច្រើន​ទាំង​មកពី​បក្សប្រឆាំង ទាំង​បក្ស​កាន់អំណាច សុទ្ធតែ​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​នេះ ដ្បិត​ពួកគេ​បារម្ភ​ថា អង់គ្លេស​នៅតែ​បន្ត​ជំពាក់​វា​ក់វិន​ជាមួយ​អឺរ៉ុប​ដដែល ទោះជា​បាន​លែងលះ​ចប់សព្វគ្រប់​ហើយ​ក្ដី​។​
 
​តាមពិតទៅ លោកស្រី ម៉េ​យ៍ ប្រឹងប្រែង​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប ទទួល​ភ្លើង​ខៀវ​ពីស​ភា​។ ពីដំបូង គ្រាន់តែ​ឮ​សភា​មិន​ពេញចិត្ត​កិច្ចព្រមព្រៀង​នេះ លោកស្រី​ក៏​ងាក​ទៅ​បន្ត​ការជជែក​ជាមួយ​មេដឹកនាំ​អឺរ៉ុប​ដើម្បី​ស្វែងរក​ការធានា​ណាមួយ​ដែ​អាច​បញ្ចុះបញ្ចូល​អ្នកនយោបាយ​ក្នុងស្រុក​បាន​។ នាយករដ្ឋមន្ត្រី​រូបនេះ​ថែមទាំង​លើក​ពេល​បោះឆ្នោត​លើ​កិច្ចព្រមព្រៀង​នេះ​ក្នុង​សភា​ផង ដែល​គ្រោង​ធ្វើ​តាំងពី​ខែធ្នូ ឆ្នាំ​២០១៨ មកម្ល៉េះ​។ យ៉ាងណា បរាជ័យ​នៅតែ​ចៀស​មិន​ផុត​។​
 
​អឺរ៉ុប​សោកស្ដាយ តែ​គ្មាន​បំណង​ចរចា​ម្ដងទៀត​
 
​នៅ​អឺរ៉ុប​ឯណោះ​វិញ លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គឺជា​រឿង​សោកស្ដាយ​មួយ​។ នេះ​ជា​លើកឡើង​របស់​គណៈកម្មកា​រ​អឺរ៉ុប​ក្រោយ​ដឹង​លទ្ធផល​ពី​ទីក្រុង​ឡុង​ដ៏​។ អឺរ៉ុប​នៅតែ​ចាត់ទុក​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ ជា​ជម្រើស​ល្អ​ជាងគេ​ដដែល និង​ជា​ផ្លូវ​ដែល​អង់គ្លេស​អាច​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​។ ប៉ុ​ន្ត​ការចរចា​ជាថ្មីទៀត ទំនង​មិនអាច​កើតឡើង​បានឡើយ ខណៈ​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​ជាច្រើន ជំទាស់​គំនិត​នេះ​តួយ៉ាង​អធិការបតី​អូទ្រីស Sebastian Kurz ។​
 
​ប្រធាន​គណៈកម្មការ​អឺរ៉ុប ហ្ស​ង់​-​ក្លូដ ចាំង​គើ បាន​ទទូច​ឲ្យ​អង់គ្លេស​បញ្ជាក់​ជំហរ​ឲ្យ​បាន​ច្បាស់​ថា ពួកគេ​ចង់បាន​អ្វី​ឲ្យ​ប្រាកដ​។ លោក ថា កិច្ចព្រមព្រៀង​ដែល​សមាជិកសភា​អង់គ្លេស​ប្រឆាំង​នោះ គឺជា​កិច្ចព្រមព្រៀង​ដ៏​យុត្តិធម៌ និង​ល្អ​ជាងគេ ព្រោះ​វា​បាន​កាត់បន្ថយ​ការខូចខាត​លើ​ជនជាតិ​អង់គ្លេស និង​ពាណិជ្ជកម្ម​អង់គ្លេស​នៅ​ទូទាំង​អឺរ៉ុប​។ លោក ចាំង​គើ ព្រមាន​ថា ការប្រថុយប្រថាន​ដែល​អង់គ្លេស​ចេញពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​កើនឡើង​ខ្លាំង​ក្រោយ​ការបោះឆ្នោត​នេះ​។ 
 
​បារាំង និង​អាល្លឺម៉ង់ ដែល​អាច​ចាត់ទុកជា​បងធំ​ប្រចាំ​អឺរ៉ុប សុទ្ធតែ​ខកចិត្ត​ដូចគ្នា​នឹង​លទ្ធផល​នៅ​អង់គ្លេស​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង និយាយថា សម្ពាធ​កំពុង​ធ្លាក់​លើ​អង់គ្លេស​ហើយ និង​បាន​ព្រមាន​ថា ប្រជាជន​អង់គ្លេស គឺជា​អ្នកចាញ់​ពិតប្រាកដ បើ​ការ​លែងលះ​គ្មាន​កិច្ចព្រមព្រៀង​ទេនោះ​។ ដោយឡែក​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាល្លឺម៉ង់ Olaf Scholz លើកឡើងថា ការចាកចេញ​ដាច់ស្រេច ជា​ជម្រើស​មាន​ភាគរយ​តិច​ជាងគេ​។​
 
​អ្វី​ជា​ជំហាន​បន្ទាប់​?
 
​ភ្លាមៗ​ក្រោយ​ការប្រកាស​លទ្ធផល មេដឹកនាំ​បក្សប្រឆាំង Jeremy Corbyn ក៏​ស្នើ​បោះឆ្នោត​សម្ដែង​ការមិនទុកចិត្ត​លើ​រដ្ឋាភិបាល​លោកស្រី ម៉េ​យ៍ ដែល​ការបោះឆ្នោត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែមករា​នេះ​។ យ៉ាងណាមិញ លោកស្រី ម៉េ​យ៍ ទំនង​អាច​ឆ្លង​ផុត​ការបោះឆ្នោត​នេះ​។ 
 
​ក្រោយ​បរាជ័យ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​១៥ ខែមករា លោកស្រី ម៉េ​យ៍ មាន​ដល់​ថ្ងៃទី​២១ ខែមករា ដើម្បី​ដាក់​ផែនការ​ថ្មី​ទៅសុំ​ការយល់ព្រម​ពី​សភា​ម្ដងទៀត​។ ប្រមុខ​រដ្ឋាភិបាល​អង់​គ្លេ​ស​ទំនង​ងាក​ទៅរក​សហភាព​អឺរ៉ុប​ដើម្បី​សម្បទាន​ខ្លះទៀត​ដើម្បី​បំពេញ​បំណង​សមាជិកសភា តែ​វា​អាចជា​រឿង​ពិបាក ដ្បិត​អឺរ៉ុប​ក៏មាន​ជំហរ​តឹងតែង​ខ្លាំង មិន​ចង់​ចរចា ហើយ​អ្វីដែល​ខ្លួន​អាច​ផ្ដល់​បាន​ឲ្យ​អង់គ្លេស​នោះ ក៏បាន​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​រួចហើយ​ដែរ​។​
 
​លើសពីនោះ លោកស្រី ម៉េ​យ៍ អាច​ប្រកាស​បោះឆ្នោត​មុន​អាណត្តិ​ទៀតផង សំដៅ​ប្រមូល​កម្លាំង​ឲ្យ​បាន​ច្រើន​ក្នុង​សភា​ដើម្បី​បើកផ្លូវ​ដល់​កិច្ចព្រមព្រៀង​រវាង​លោកស្រី និង​សហភាព​អឺរ៉ុប​។ លោកស្រី​ធ្លាប់​ប្រើប្រាស់​ផ្លូវ​នេះ​ម្ដង​ហើយ​កាលពី​ឆ្នាំមុន ប៉ុន្តែ​បែរជា​បាត់​សំឡេង​ក្នុង​សភា​ទៅវិញ​។ ការប៉ុនប៉ង​ណាមួយ​បោះឆ្នោត​មុន​អាណត្តិ​នោះ អាចធ្វើ​ឲ្យ​រដ្ឋាភិបាល​លោកស្រី​កាន់តែ​ចុះខ្សោយ ឬក៏​អាច​ចាញ់​ការបោះឆ្នោត​ក៏​ថា​បាន​។ 
 
​កិច្ចព្រមព្រៀង​ឆ្លង​មិន​ផុត​សភា ព្រោះតែ​គ្មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​។ បោះឆ្នោត​មុន​អាណត្តិ​អាចជា​វិធីសាស្ត្រ​មួយ​ដើម្បី​ប្រមូល​ក្រុម​អ្នកគាំទ្រ ប៉ុន្តែ​ផ្លូវ​មួយទៀត​សម្រាប់​លោកស្រី ម៉េ​យ៍ ក៏​ធ្វើការ​ជាមួយ​បក្ស​ពលករ ដែលជា​បក្សប្រឆាំង​ធំជាងគេ​។ នាយករដ្ឋមន្ត្រី​រូបនេះ​អាច​បញ្ចុះបញ្ចូល​បក្សប្រឆាំង​តាមរយៈ​ការធ្វើសម្បទាន​ឲ្យ​បក្ស​នេះ រួច​សុំ​ការគាំទ្រ​ក្នុងការ​បោះឆ្នោត​។ យ៉ាងណាមិញ សមាជិក​បក្ស​កាន់អំណាច ទំនង​មិន​ព្រម​ឡើយ​។​
 
​ប្រជាមតិ​ម្ដងទៀត ឬ​ពន្យារពេល​ចាកចេញ ឬ​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​?
 
​មាត្រា​៥០ សន្ធិសញ្ញា Lisbon ទុក​ផ្លូវ​ឲ្យ​លោកស្រី ម៉េ​យ៍ អាច​សុំ​ពន្យារពេល​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដើម្បី​រក​ច្រកចេញ​។ តាម​មាត្រា​នេះ អង់គ្លេស​ត្រូវ​ចាកចេញ​នៅ​ថ្ងៃទី​២៩ ខែមីនា​ខាងមុខ ប៉ុន្តែ​លោកស្រី ម៉េ​យ៍ អាច​ស្នើ​ទៅ​សហភាព​អឺរ៉ុប​ឲ្យ​លើក​ពេល​បាន ដែល​ការលើក​ពេលណា​មួយ​ត្រូវការ​ការយល់ព្រម​ពី​សមាជិក​អឺរ៉ុប​ទាំង​២៧ ប្រទេស​។ ប៉ុន្តែ​បើ​គ្រាន់តែ​ពន្យារពេល​ដើម្បី​មានឱកាស​ជជែក​សុំ​សម្បទាន​ថែម​នោះ លោកស្រី ម៉េ​យ៍ ទំនង​ត្រូវ​ខកចិត្ត​ទុក​មុន​ហើយ​។​
 
​មកទល់ពេលនេះ សេណារីយោ​ដែល​អាចជា​ជម្រើស ហើយ​គ្មាន​នរណា​ចង់បាន គឺ​ការធ្វើប្រជាមតិ​ម្ដងទៀត ឬក៏​ចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​តែម្ដង​។ ជា​រឿង​ល្អ​បំផុត​ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស​អាច​គាំទ្រ​បាន​ក្នុង​រយៈពេល​ដែល​នៅ​សេសសល់​នេះ​។ បើ​មិនអាច​ទេ ការធ្វើប្រជាមតិ​ម្ដងទៀត ក៏​អាចជា​ផ្លូវ​មួយ​ដែរ​។ ក្នុង​ប្រជាមតិ​ថ្មី អ្នកបោះឆ្នោត​អាច​ត្រូវ​ជ្រើសរើស​រវាង​កិច្ចព្រមព្រៀង​ចាកចេញ​របស់លោក​ស្រី ម៉េ​យ៍ ឬ​បន្ត​នៅ​ជាមួយ​អឺរ៉ុប​។​
 
​យ៉ាងណាក្ដី ការធ្វើប្រជាមតិ​ម្ដងទៀត គឺជា​សោកស្ដាយ​បំផុត ដ្បិត​ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​ចាកចេញ​ពី​អឺរ៉ុប​តាមរយៈ​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ ទៅហើយ​។ នាយករដ្ឋមន្ត្រី ម៉េ​យ៍ បាន​ទាត់ចោល​ជម្រើស​នេះ ប៉ុន្តែ​បើ​លោកស្រី​គ្មាន​ដំណោះស្រាយ​ផ្សេង​ទេ វា​នៅតែ​អាច​កើតឡើង​ដដែល​។​
 
​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង អាច​ចាត់ទុកជា ជម្រើស​ចុងក្រោយ​មួយ​។ បើ​សភា​មិន​គាំទ្រ​កិច្ចព្រមព្រៀង អឺរ៉ុប​មិន​ធ្វើ​សម្បទាន​ខ្លះ ហើយ​រដ្ឋាភិបាល​មិនអាច​រក​ការគាំទ្រ​គ្រប់គ្រាន់​ទេ អង់គ្លេស​អាច​ដើរ​ចេញពី​អឺរ៉ុប​នៅ​ថ្ងៃទី​២៩ ខែមីនា ដោយ​មិន​ចាំ​ចាច់​មាន​កិច្ចព្រមព្រៀង​ឡើយ​។ នេះ​ជា​សេណារីយោ​ដ៏​អាក្រក់​បំផុត​សម្រាប់​ភាគី​ទាំងពីរ ហើយ​បញ្ហារ​ញ៉ៃ​រ​ញ៉ៃ​នឹង​កើតឡើង​ក្នុង​ទំនាក់ទំនង​រវាង​អង់គ្លេស និង​អឺរ៉ុប​មិន​ថា​សេដ្ឋកិច្ច ពាណិជ្ជកម្ម ឬ​នយោបាយ​ឡើយ​៕
 

Tag:
 Brexit
  អង់គ្លេស​
  អឺរ៉ុប​
  ថេ​រ៉េ​សា ម៉េ​យ៍​
© រក្សាសិទ្ធិដោយ thmeythmey.com