ជាតិ
​​​ន​យោ​បាយ​ជាតិ​
​នាយករដ្ឋមន្ត្រី ចង់បាន​គំនិត​អ្នកកាសែត ចូលដល់​ថ្នាក់​គោលនយោបាយ
16, Jan 2019 , 10:54 am        
រូបភាព
​នា​ជំនួប​ឆ្នាំ​ទី​៣​ជាមួយ​អ្នកសារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃទី​១១​ខែមករា​កន្លងទៅ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ចូលរួម​ផ្តល់​គំនិត និង​តាមដាន​ការអនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ជាពិសេស​នៅ​កម្រិត​ស្ថាប័ន និង​បុគ្គល​។​

 
«[…] ចង់​ឲ្យ​សារព័ត៌មាន​រិះគន់​ស្ថាបនា ទាំង​កម្រិត​គោលនយោបាយ ពិសេស​ការអនុវត្តរ​បស់​ស្ថាប័ន និង​របស់​បុគ្គល​។ យើង​ត្រូវ​បើកឱកាស​ឲ្យ​អ្នកសារព័ត៌មាន​ចូលរួមចំណែក​ដល់​ផ្នែក​គោលនយោបាយ ហើយ​តាមដាន​ការអនុវត្ត​គោលនយោបាយ​នោះ​។ ចំណុច​នេះ​អាច​ចូលរួម​ដល់​ការកែលម្អ ស្ថានភាព​ទាំងឡាយ ដែលជា​តម្រូវការ​រប​ស់​ប្រជាជន​»​។ នេះ​ជា​ប្រសាសន៍ និង​ជា​បំណង​មួយ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន ដែល​ត្រូវ​បានបង្ហាញ​ទៅកាន់​អ្នកសារព័ត៌មាន នៅក្នុង​ជំនួប​កាលពី​សប្តាហ៍​មុន​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាងនេះ​ទៅកាន់​អ្នកកាសែត​ជាច្រើន​ពាន់​នាក់ តែ​ប៉ុន្មាន​ថ្ងៃមុន​ដល់​ខួប​ឆ្នាំ​ទី​៣៤​នៃ​ការគ្រប់គ្រង​អំណាច​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​។ សម្តេចនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្សកាន់អំណាច​ផង​បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៖«​មិនមែន​គោលនយោបាយ​ណា ដាក់​ទៅ​សុទ្ធតែ​ត្រូវ​នោះទេ​។ អ្នកសារព័ត៌មាន​មាន​ភារកិច្ច​ជួយ តាំងពី​ភាពសមរម្យ និង​មិន​សមរម្យ​នៃ​ការអនុវត្ត​នោះ​»​។​
 
​យល់​ពី​ការពិចារណា​របស់​ប្រមុខ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ដែលជា​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​បាន​ពន្យល់​បន្ថែម​អំពី​ការយល់ឃើញ​របស់​សម្តេច​នាយករដ្ឋមន្ត្រី​ដែលថា គ្មាន​ការអភិវឌ្ឍ​ណាមួយ​ដែល​ធ្វើឡើង​ដោយ​គ្មាន​សារព័ត៌មាន​នោះឡើយ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់​ដ​ដែល ការចែករំលែក​របស់​អ្នកកាសែត​ទៅក្នុង​គោលនយោបាយ និង​ការតាមដាន​ការអនុវត្ត​គោលនយោបាយ​នោះ វា​នឹង​បានជា​ប្រយោជន៍​ច្រើន​ដល់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​សារព័ត៌មាន​ដែល​គ្រាន់តែ​បង្កើតឡើង​ដើម្បី​តែ​ប្រឆាំង​រដ្ឋាភិបាល ពុំមាន​ប្រយោជន៍​អ្វី​ទេ​»​។​
 
​អធិប្បាយ​តប​ទៅនឹង​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល លោក កៃ គឹម​សុង ដែលជា​នាយក​ប្រតិបត្តិការ​នៃ​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍ (Khmer Times) បាន​បញ្ជាក់ថា ការចូលរួម​របស់​អ្នកសារព័ត៌មាន​ទៅគ្រប់​ទីកន្លែង វា​គឺជា​តួនាទី​របស់​អ្នកសារព័ត៌មាន​រួចទៅហើយ​។ ប៉ុន្តែ​លោក គឹម​សុង បញ្ជាក់​បន្ថែមថា ការលើកឡើង​របស់​ស​ម្តេច ហ៊ុន សែន នៅក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​នោះ ដែល​លោក​យល់ស្រប​ដែល​នោះ គឺជា​ការ​ដាស់តឿន និង​ជាការ​ក្រើនរំឭក​របស់​ប្រមុខ​រដ្ឋាភិបាល​ដល់​អ្នកសារព័ត៌មាន​ទៅវិញ​ទេ​។​
 
​លោក កៃ គឹម​សុង មានប្រសាសន៍ថា​៖«​វា​គឺជា​ការងារ​របស់​អ្នកកាសែត​ដែល​ត្រូវ​សង្កេត ធ្វើការ​ងារ​ពី A ដល់ Z​។ វា​ជា​កាតព្វកិច្ច​របស់​អ្នកកាសែត​ដែល​ត្រូវ​តាមដាន​ទាំង​បញ្ហា​ជាតិ និង​បញ្ហា​អន្តរជាតិ​។ ប៉ុន្តែ​ខ្ញុំ​យល់ថា ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ គឺ​ការលើកទឹកចិត្ត​បន្ថែម​ដែល​ប្រាប់​អ្នកកាសែត​យើង កុំ​ឲ្យ​ភ្លេច​រឿង​ធំៗ និង​មើល​បញ្ហា​ឲ្យ​ជ្រៅ រួមទាំង​អាច​ចេះ​វិភាគ​ផង​»​។​
 
​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍ថា លោក​ចង់ឃើញ​អ្នកកាសែត​ចូលរួមចំណែក​ដល់គ​ម្រិ​ត​គោលនយោបាយ​។ ចំពោះ​អ្នកកាសែត​ដ៏​មាន​ពិសោធន៍​លោក កៃ គឹម​សុង ឃ្លា​មួយ​នេះ​របស់​ប្រមុខ​រដ្ឋាភិបាល មិនបាន​បាញ់​ឆ្ពោះ​តែ​ទៅ​សហគមន៍​អ្នកសារព័ត៌មាន​នោះឡើយ​។ លោក គឹម​សុង បន្ថែម​យ៉ាង​ដូច្នេះ​៖«​នេះ​ក៏​ជា​សារ​មួយ​ពី​ប្រមុខ​រដ្ឋាភិបាល​ដែល​សំដៅ​ដាស់តឿន​មន្ត្រី​រដ្ឋាភិបាល​ផងដែរ​ថា ពួកគេ​ត្រូវ​ឆ្លើយតប​ទៅ​អ្នកកាសែត និង​មិនត្រូវ​លាក់​ព័ត៌មាន​ឡើយ​។ ទាំង​មន្ត្រី ទាំង​អ្នកកាសែត យើង​បំពេញការងារ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​»​។​
 
​បើ​និយាយ​ទម្លាក់​ការទទួល​ខុស​ត្រូវតែទៅ​លើ​មន្ត្រី ដែលថា​ពួកគេ​លាក់​ព័ត៌មាន លោក ផៃ ស៊ី​ផាន ដែលជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ថា អ្នកសារព័ត៌មាន​ក៏​ត្រូវមាន​សមត្ថភាព​បំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ផងដែរ​។ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា រដ្ឋាភិបាល​របស់លោក​បាន​ខិតខំ​បង្កើត​អ្នកនាំពាក្យ​នៅ​គ្រប់​ស្ថាប័ន​របស់​រដ្ឋ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​អ្នកនាំពាក្យ​ធ្វើការ​ជាមួយ​សារព័ត៌មាន​ឲ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​៕

Tag:
 ហ៊ុន សែន​
  អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com