នៅក្នុងគណបក្សឆន្ទៈខ្មែរ មានតំណែងខ្ពស់ពីរ គឺតំណែងជាទីប្រឹក្សានិងតំណែងជាប្រធានកិត្តិយស ដែលនឹងត្រូវជ្រើសរើសមួយ សម្រាប់លោក គង់ គាំ។ នេះបើតាមលោក គង់ មុនីកា កូនប្រុសពៅរបស់លោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
លោក គង់ មុនីកា លើកឡើងថា គណបក្សឆន្ទៈខ្មែរ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការនាយកនិងគណៈកម្មាធិការអចិន្ត្រៃយ៍ នៅក្នុងអំឡុងខែមករានេះ ដើម្បីសម្រេចឲ្យលោក គង់ គាំ ធ្វើជាទីប្រឹក្សារបស់លោក ឬក៏ធ្វើជាប្រធានកិត្តិយស។ លោក បង្ហើបថា គណបក្ស អាចនឹងឲ្យលោក គង់ គាំ ធ្វើជាទីប្រឹក្សា ជាជាងប្រធានកិត្តិយស ព្រោះនេះ ជាបំណងរបស់ឪពុកលោក។
លោក គង់ មុនីកា បញ្ជាក់បែបនេះថា៖«យើងដឹងហើយថា គណបក្សឆន្ទៈខ្មែរ គឺជាប៉ូលនយោបាយថ្មី។ នៅពេលគាត់ ជួយជ្រោមជ្រែង យើងសង្ឃឹមថា យើង នឹងទទួលបានដំបូន្មាន និងសក្តានុពលបន្ថែម ដើម្បីឈានទៅមុខ ហើយអាចនឹងទាញបានអាសនៈនៅអាណត្តិក្រោយ»។
ដោយឡែក ចំពោះករណីរបស់លោក គង់ បូរ៉ា ដែលជាបងប្រុសនោះ លោក គង់ មុនីកា មិនទាន់អាចនិយាយបានទេថា នឹងផ្តល់តំណែងអ្វីឲ្យ ដោយសារតែកន្លងមក លោក គង់ បូរ៉ា មិនដែលប្រកាសជំហររបស់លោក ថាចូលទៅក្នុងគណបក្សឆន្ទៈខ្មែរ ឬយ៉ាងណា។ សារព័ត៌មានថ្មីៗ មិនអាច សុំចម្លើយពីលោក គង់ បូរ៉ា បានទេ ដោយសារតែហៅទូរសព្ទមិនចូល។
លោក គង់ គាំ និង លោក គង់ បូរ៉ា ដែលជាកូនប្រុសច្បង ទើបនឹងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជប្រទាននូវនីតិសម្បទា ដើម្បីបានចូលធ្វើនយោបាយវិញ។ លោកទាំង២ ស្ថិតក្នុងចំណោមថ្នាក់ដឹកនាំទាំង១១៨ (ស្លាប់ម្នាក់) នៃអតីតគណបក្សប្រឆាំង ដែលត្រូវបានតុលាការកំពូលហាមិនឲ្យធ្វើនយោបាយ៥ឆ្នាំ។
ក្រៅពីលោក គង់ គាំ និង លោក គង់ បូរ៉ា គេ មិនទាន់ឃើញមានអ្នកណាផ្សេង ដែលធ្វើសំណើសុំសិទ្ធិនយោបាយវិញឡើយ។ លោក សម រង្ស៊ី ប្រកាសពីក្រៅប្រទេសថា អ្វីដែលអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ត្រូវទាមទារនាពេលនេះ គឺទាមទារឲ្យឲ្យដោះលែងលោក កឹម សុខា ពុំមានមែនទៅសុំសិទ្ធិនយោបាយពីរដ្ឋាភិបាលនោះទេ។
លោក គង់ គាំ គឺជាអតីតអ្នកនយោបាយជាន់ខ្ពស់ម្នាក់ក្នុងគណបក្សប្រឆាំង ហើយក៏ធ្លាប់ជាមនុស្សដែលស្និទ្ធនឹងលោក សម រង្ស៊ី ដែរ។ ពីមុន លោក គឺជាសមាជិកព្រឹទ្ធសភា ជាប្រធានគណបក្ស សម រង្ស៊ី និងជាឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ។ ចំណែក លោ គង់ បូរ៉ា ធ្លាប់ជាតំណាងរាស្ត្រផងនិងធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិផង។
លោក គង់ គាំ រួមទាំងកូនប្រុស ដែលធ្លាប់គាំទ្រលោក សម រង្ស៊ី បានប្រែក្លាយទៅជាជំទាស់វិញ។ យ៉ាងណា លោក សម រង្ស៊ី នៅសល់កូនប្រុសរបស់លោក គង់ គាំ ម្នាក់ទៀត គឺលោក គង់ សភា ដែលបន្តដើរតាមនិងគាំទ្រលោក។
លោក គង់ សភា ក៏ធ្លាប់ជាតំណាងរាស្ត្រដែរ។ លោក និង អតីតតំណាងរាស្ត្រគណបក្សប្រឆាំងម្នាក់ទៀត គឺលោក ញ៉យ ចំរើន ធ្លាប់រងនូវការវាយដំនៅមុខរដ្ឋសភា កាលពីអំឡុងខែតុលា ឆ្នាំ២០១៥៕