អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ថៃ ពិចារណា​ប្រើប្រាស់​ជីវ​ឥន្ធនៈ​និង​បិទ​សាលារៀន ដើម្បី​ទប់ទល់​នឹង​បញ្ហា​ខ្យល់​កខ្វក់​
16, Jan 2019 , 1:44 pm        
រូបភាព
ដោយ:
ការប្រើប្រាស់​ឥន្ធនៈ​ជីវៈ B20 ដែល​ពុំ​សូវ​ប៉ះពាល់​ដល់​បរិស្ថាន និង​ការបិទ​សាលារៀន​ជា​បណ្តោះអាសន្ន​នៅ​តំបន់​រង​ឥទ្ធិពល​ខ្លាំង​ពី​ខ្យល់​កខ្វក់ គឺ​ស្ថិតនៅ​ក្នុងចំណោម​ការលើក​ឡើង​សំខាន់ៗ របស់​លោ​ល​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា ។ ការលើកឡើង​របស់​មេ​ដឹកនាំ​រូបនេះ ធ្វើឡើង​ស្រប​ពេលដែល​រដ្ឋាភិបាល​ថៃ​កំពុង​ដុតដៃដុតជើង ដោះស្រាយ​វិបត្តិ​ខ្យល់​កខ្វក់​ដែល​កំពុង​គ្របដណ្តប់​លើ​ទីក្រុង​បាងកក​ជាច្រើន​ថ្ងៃមកហើយ​​។

 
​ជាមួយ​ការអំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្លន់ស្លោ ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ នៅ​ថ្ងៃ​អង្គារ ទី​១៥ មករា​ បានប្រកាស​ពី​គម្រោង​ជួប​​បណ្តា​ភ្នាក់ងារ​ពាក់ព័ន្ធ នៅ​ថ្ងៃ​ពុធនេះ​។ ជំនួប​នេះ​គឺធ្វើឡើង​ក្នុង​គោលដៅ​ពិភាក្សា​ពី​ការប្រមូលផ្តុំ​កម្លាំង​គ្នា និង​ដាក់ចេញ​ដំណោះស្រាយ​ទប់ទល់​នឹង​បញ្ហា​ខ្យល់​កខ្វក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post ។​
 
​លោក ប្រា​យុទ្ធ បាន​និយាយថា មូលហេតុ​ចម្បង​នៃ​ការបំពុល​ខ្យល់​គឺ​បណ្តាលមកពី ផ្សែង​ពុល​ដែល​ចេញពី​យានយន្ត​។ ត្រង់ចំណុច​នេះ លោកនាយក​រដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា លោក​បានចេញ​បញ្ជា​ទៅកាន់​សាលាក្រុង និង​ក្រសួង​ដឹកជញ្ជូន​ថៃ ស្វះ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​ឲ្យ​ម្ចាស់​យានយន្ត​ផ្លាស់ប្តូរ​មកប្រើប្រាស់​ឥន្ធនៈ​ជីវៈ B20 ដែល​ល្អ​សម្រាប់​បរិស្ថាន​វិញ​។ 
 
​បន្ថែម​ពីលើ​នេះ នាយករដ្ឋមន្ត្រី​ថៃ ក៏បាន​បញ្ជា​ឲ្យ​ក្រសួង​ថាមពល​ថៃ ព​ន្លឿ​ន​ផលិតកម្ម​ប្រេងឥន្ធនៈ​ប្រភេទ​នេះ​ផងដែរ​។ ទន្ទឹមនឹង​គ្នា​នេះ លោក ប្រា​យុទ្ធ ក៏បាន​ណែនាំ​ឲ្យ​ភ្នាក់ងារ​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា​ផង់​ធូលី ដែល​ចេញពី​ទីតាំង​ការដ្ឋាន​សំណង់ និង​ការដុត​ដំណាំ​។ 
 
​ដោយ​សំដៅលើ​គម្រោង​បិទ​សាលារៀន​ជា​បណ្តោះអាសន្ន ប្រមុខ​របប​សឹក​ថៃ លោក ប្រា​យុទ្ធ បាន​និយាយថា ស្ថានការណ៍​បច្ចុប្បន្ន​ពុំទាន់​តម្រូវ​ឲ្យ​ធ្វើបែបនេះ​នៅឡើយ​ទេ​។ ទោះបីជា​យ៉ាងនេះ​ក្តី នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ខ្យល់​កខ្វក់​នេះ ការសម្រេចចិត្ត​នឹងត្រូវ​ក្លាយជា​កាតព្វកិច្ច​របស់​ក្រសួង​អប់រំ​។ 
 
​បន្ថែម​ពី​ការណែនាំ​របស់លោក​ប្រា​យុទ្ធ ប៉ូលិស​ថៃ ក៏បាន​បង្កើត​ច្រក​ត្រួតពិនិត្យ​ដើម្បី​ពិនិត្យ​រថយន្ត​ធុន​ធំ និង​យានយន្ត​ប្រើប្រាស់​ម៉ា​ស៊ូ​ត​ផ្សេងទៀត មុននឹង​អនុញ្ញាត​ឲ្យ​ពួកគេ​បើកបរ​ចូលទៅក្នុង​ក្រុង​បាង​កង ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ដល់ ម៉ោង​៣​រសៀល​។ 
 
​ក្រោយពី​មាន​ភ្លៀង​មួយ​មេ​កាលពី​ព្រឹក​ថ្ងៃទី​១៥ កម្រិត​ខ្យល់​កខ្វក់​ក្នុង​ទីក្រុង​បាន​ធ្លាក់ចុះ​។ យោងតាម​ការ​ឲ្យ​ដឹង​របស់​នាយកដ្ឋាន​ឧតុនិយម​ថៃ ការធ្លាក់​ភ្លៀង​នេះ​បាន​កើតឡើង​ដោយសារ​ឥទ្ធិពល​ខ្យល់​ពី​ភាគ​ខាង​អាគ្នេយ៍ ដែល​នាំយក​ទឹកភ្លៀង​ពី​ឈូង​សមុទ្រ​ថៃ​ទៅកាន់​ក្រុង​បាងកក​។ នាយកដ្ឋាន​ដដែល​នេះ ក៏បាន​បញ្ជាក់ទៀតថា ឥទ្ធិពល​ខ្យល់​ត្រជាក់​ពី​ប្រទេស​ចិន​នឹង​ទៅដល់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​១៦ ឬ​ថ្ងៃទី​១៧ ខែមករា ដែល​នាំយក​ទឹកភ្លៀង​ទៅកាន់​ទីក្រុង​៕

Tag:
 ថៃ​
  ខ្យល់​កខ្វក់​
© រក្សាសិទ្ធិដោយ thmeythmey.com