ជាតិ
បទសម្ភាសន៍
២៥ខេត្ត/រាជធានី
​មរតក​ដី​១៧​ហិកតា​ពី​ឪពុក តែ​លោក អៀង សុធា​រ៉ា តែងតាំង «​ធម្មជាតិ​» ជា​ម្ចាស់​កម្មសិទ្ធិ​
16, Jan 2019 , 2:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោកឪពុក និង​អ្នក​ម្តាយ​របស់លោក អៀង សុធា​រ៉ា បានប្រគល់​មរតក​ដី​ស្រែ និង​ចម្ការ​ចំនួន​១៧​ហិកតា​ឲ្យ​មក​រូបលោក ដោយ​ភ្ជាប់​ជាមួយនឹង​ប្រស្នា​៤​ប្រការ ដែល​បាន​ចារ​នៅលើ​បន្ទះ​លោហ​ស្ពាន់​មួយ​ផ្ទាំង​។ អ្នកជំនួញ​ចិត្តធម៌​វ័យ​៥៦​ឆ្នាំ អៀង សុធា​រ៉ា មិន​តម្រូវ​ឲ្យ​មាន​មេធាវី​មក​បញ្ជាក់​ពី​កម្មសិទ្ធិ​កាន់កាប់​មរតក​នេះ​ពី​ឪពុកម្តាយ​របស់​លោ​កឡើ​យ​។ ផ្ទុយទៅវិញ ប្រធាន​មូលនិធិ​អៀង រូបនេះ បែប​ជា​រៀបចំ​ពិធីបុណ្យ​បែប​ព្រះពុទ្ធសាសនា ដើម្បី​ទទួល​មរតក​ដែលមាន​ភ្ជាប់​ជាមួយនឹង​បណ្តាំ​នេះ​ដោយ​ដាក់ឈ្មោះថា «​បុណ្យ​មរតកសាសន៍​ព្រះបិតា​ធម្មជាតិ​»​។ លោក អៀង សុធា​រ៉ា បាន​បញ្ជាក់ថា ក្នុង​មួយជីវិត​របស់លោក ប្រស្នា​៣​ចំណុច​ដំបូង គឺអាច​ដោះស្រាយបាន​ដោយ​មិនមាន​ក្តីបារម្ភ​។ ប៉ុន្តែ ប្រស្នា​ចុងក្រោយ បានធ្វើ​ឲ្យ​រូបលោក​គិត​ច្រើនជាង​មុន ហើយ​ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ដី​ទំហំ​១៧​ហិកតា​នោះ និង​រក​អ្នកមាន​ចិត្តបុណ្យ​មក​បន្តវេន​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ដើម្បី​អាច​ដោះស្រាយ​ប្រស្នា​នោះ​រហូត​គ្រប់​៥​ពាន់​ព្រះវស្សា តាម​បណ្តាំ​លោកឪពុក​។​


​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​លោក ជាវ សំណាង អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (ThmeyThmey.com) និង​លោក អៀង សុធា​រ៉ា ប្រធាន​មូលនិធិ​អៀង និង​ជា​កូនប្រុស​ម្នាក់​របស់លោក​តា អៀង អឿន អាយុ​៧៩​ឆ្នាំ និង​លោកយាយ ឌឿ​ក សា​គីម អាយុ​៧៦​ឆ្នាំ ក្នុងចំណោម​បងប្អូន​បង្កើត​របស់លោក​ទាំង​៧​នាក់ ដូចតទៅ​៖
 
​លោក ជាវ សំណាង​៖ លោកឪពុក និង​អ្នក​ម្តាយ​របស់លោក អៀង សុធា​រ៉ា បានប្រគល់​ដី​ស្រ និង​ចម្ការ​ចំនួន​១៧​ហិកតា ឲ្យ​លោក​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ទំនុកបម្រុង​ព្រះពុទ្ធសាសនា ជាពិសេស​គឺ វិស័យ​ពុទ្ធិកសិក្សា​។ ហើយ​លោក សុធា​រ៉ា ក៏បាន​រៀបចំ​ពិធីបុណ្យ​មួយ ដើម្បី​ទទួល​មរតក​នេះ​ដោយ​ដាក់ឈ្មោះថា «​បុណ្យ​មរតកសាសន៍​ព្រះបិតា​ធម្មជាតិ​»​។ ហេតុអ្វី​បានជា​លោក​ដាក់ឈ្មោះ​បុណ្យ​នេះ​យ៉ាង​ដូច្នេះ​?
 
​លោក អៀង សុធា​រ៉ា​៖ ការដាក់​ឈ្មោះ​នេះ​មិនមែន​មានតែ​ខ្ញុំ​ម្នាក់ឯង​ទេ គឺមាន​លោកឪពុក​ខ្ញុំ និង​មាន​បុគ្គល​មួយចំនួនទៀត ជាពិសេស លោក​ធម្ម​បណ្ឌិត ហេង មណី​ចិន្តា ដែល​លោក​បាន​ជួយ​រក​ឈ្មោះ ដើម្បី​ឲ្យ​សម​នឹង​អ្វីដែល​លោកឪពុក​ខ្ញុំ​ចង់បាន​។ ក្រោយពី​រក​ឈ្មោះ​បាន​ច្រើន​ហើយ យើង​ក៏បាន​សម្រេច​គ្នា​ដាក់ឈ្មោះ​ពិធីបុណ្យ​នេះ ថា «​បុណ្យ​មរតកសាសន៍​ព្រះបិតា​ធម្មជាតិ​»​។ បើ​យើង​មើល​អំពី​ផ្លូវច្បាប់​ក្នុងការ​ប្រគល់​ទ្រព្យសម្បត្តិ​ដែល​ឪពុក​ឲ្យ​ជា​ដីធ្លី ផ្ទះសម្បែង​មក​កូន គួរតែ​ធ្វើទៅ​តាមផ្លូវ​ច្បាប់​ដោយមាន​មេធាវី ឬក៏​ធ្វើការ​ផ្ទេរកម្មសិទ្ធិ​ទៅ​គឺ​ចប់​ហើយ​។ ប៉ុន្តែ រឿងនេះ​ចម្លែក​ត្រង់​ថា គាត់​ផ្ទេរមរតក​នេះ​តាមរបៀប​មួយ​ដែល​គាត់​បានគិត​តាំងពី​យូរណាស់​មកហើយ​ថា ធ្វើ​តាមបែប​ព្រះពុទ្ធសាសនា​។ នៅពេលដែល​គាត់​មានគំនិត​អីចឹង ខ្ញុំ​ជា​កូន​ក៏​គិត​ធ្វើ​ពិធីបុណ្យ​មួយ​ឲ្យ​សាក​សម​ទៅនឹង​ទឹកចិត្ត​ដ៏​មាន​ព្រហ្ម​វិហារធម៌​របស់គាត់​ចំពោះ​ខ្ញុំ​។ ម្លោះ​ហើយ​បានជា​ខ្ញុំ នាំ​បងប្អូន សាច់ញាតិ និង​សហការី រៀបចំ​ឲ្យ​បានជា​ឈ្មោះ​ផង និង​ជា​កម្ម​ពិធីបុណ្យ​នេះ​ផង​។  តើ​មានន័យ​អ្វី​? ហេតុអ្វី​បានជា​មិន​ទទួល​ស្ងាត់ៗ​? ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ធ្វើ​ពិធីបុណ្យ​បែបនេះ​ដោយ​៖
 
​ទី​១. គឺជា​គំរូ​មួយ​ល្អ​ដែរ សម្រាប់​ឪពុកម្តាយ​ដទៃទៀត នៅពេលដែល​គាត់​មានចិត្ត​ថា នឹង​ឲ្យ​មរតក ឬក៏​ទ្រព្យសម្បត្តិ​ដីធ្លី ផ្ទះសម្បែង​ដល់​កូន​។ គំរូ​នេះ គាត់​អាច​នឹង​ឃើញថា ការផ្តល់​មរតក​មិនមែន​ចាំបាច់​តែ​ធ្វើតាម​ផ្លូវច្បាប់​ទេ គឺអាច​ធ្វើ​តាមបែប​ព្រះពុទ្ធសាសនា ដោយមាន​ពិធី​ទទួល​អីចឹង​ទៅ ហើយក៏​ជា​ពិធី​មួយ​ដែលមាន​តាំងពី​ចាស់​បុរាណ​ដែរ​មើលទៅ ប៉ុន្តែ​ឥឡូវ​ក៏​យើង​ភ្លេច​ទៅ​។​
 
​ទី​២. ចំពោះ​កូន​វិញ​ក៏ត្រូវ​គិតថា ឪពុកម្តាយ​ខំធ្វើការ​រកស៊ី​ទាំងយប់​ទាំង​ថ្ងៃ ខំ​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ចិញ្ចឹម​កូន ហើយ​លើសពី​ច​ញ្ចឹ​ម គឺ​ឪពុកម្តាយ​សល់​ទ្រព្យសម្បត្តិ​ដែល​គាត់​ខំ​សន្សំ ដើម្បី​ទុក​ចែក​ឲ្យ​កូន​។ អីចឹង​យើង​ជា​កូន ត្រូវ​ត្រៀមខ្លួន​ដោយ​ធ្វើជា​កូន​ដ៏​ល្អ​, កូន​ដែល​គួរ​ឲ្យ​ទុកចិត្ត មិន​ប្រព្រឹត្ត​អ្វីដែល​ខុសឆ្គង ទើប​ឪពុកម្តាយ​ប្រគល់​មរតក​នោះ​ឲ្យ​។ ដូច​ខ្ញុំ​ជា​កូន ខ្ញុំ​ក៏​គិតថា ធ្វើបុណ្យ​បែបនេះ​ទទួល​នូវ​មរតក​នេះ ក៏​ដើម្បី​ជា​គំរូ​សម្រាប់​កូន​ដទៃទៀត​ដែរ​។​
 
​ចំណែកឯ​ការដាក់​ឈ្មោះថា «​មរតកសាសន៍​ព្រះបិតា​ធម្មជាតិ​» ឪពុក​ខ្ញុំ គាត់​បានបញ្ជាក់​ហើយ​ថា ពាក្យ​«​ព្រះបិតា​ធម្មជាតិ​» មិនមែន​ខ្លួន​គាត់​ទេ គឺ​គាត់​សម្តៅ​ទៅលើ​ព្រះ​ពុទ្ធអង្គ​។ អីចឹង​ពាក្យ «​មរតកសាសន៍​ព្រះបិតា​ធម្មជាតិ​» នេះ ឪពុក​ខ្ញុំ គាត់​សំដៅថា ដី​ចំនួន​១៧​ហិកតា ដែលមាន​ទាំង​ស្រែ​, ស្រូវ​, សត្វ និង​អ្វីៗ​ទាំងអស់ ដែល​ដុះ​នៅលើ​ដី​នោះ មិនមែនជា​របស់គាត់​ទេ គឺ​របស់​ធម្មជាតិ ហើយ​បិតា​នៃ​ធម្មជាតិ គឺ​ព្រះពុទ្ធ​ហ្នឹងឯង​។ ព្រះពុទ្ធ​បាន​ត្រាស់ដឹង ហើយ​លោក​បាន​បង្ហាញថា មនុស្ស​ទាំងអស់គ្នា​សព្វថ្ងៃ រស់​បាន​ដោយសារ​ធម្មជាតិ អីចឹង​យើង​ត្រូវតែ​គោរព​ធម្មជាតិ ត្រូវតែ​ស្រឡាញ់​ធម្មជាតិ​។ បើទោះជា យើង​បាន​រៀនសូត្រ​ចេះដឹង​ប៉ុណ្ណា​ក៏ដោយ ក៏​យើង​នៅតែ​រស់នៅក្នុង​ធម្មជាតិ ដូច្នេះ​យើង​ត្រូវតែ​គោរព​ទៅតាម​ច្បាប់ធម្មជាតិ​។ ទាំងអស់នេះ គឺ​លោកឪពុក​ខ្ញុំ គាត់​បាន​ពន្យល់​ដល់​ក្រុមការងារ​រៀបចំ​ពិធីបុណ្យ​នេះ ដើម្បី​កុំ​ឲ្យ​យល់ច្រឡំ​ថា កេរ​មរតក​នេះ គឺ​ផ្ទេរ​ពី​ឪពុក​ខ្ញុំ មក​ខ្ញុំ​។ ខ្ញុំ​សូមបញ្ជាក់ថា ការចំណាយ​ទាំង​ស្រុក​នៃ​កម្មវិធី​បុណ្យ​នេះ គឺ​នៅលើ​ខ្ញុំ​ផ្ទាល់​។ ប្រសិនបើ ញាតិមិត្ត បងប្អូន ដែលមាន​សទ្ធា​ជ្រះថ្លា​ចូល​បច្ច័យ​ក្នុង​ពិធីបុណ្យ​នេះ គឺ​យើង​យកទៅជួយ​ពុទ្ធិកសិក្សា​តែម្តង ខ្ញុំ​មិន​យកទៅ​ទូទាត់​ថ្លៃ​ចំណាយ​នៅក្នុង​ពិធីបុណ្យ​នេះ​ទេ​។ ទាំងអស់នេះ​គឺជា​មូលហេតុ​ដែល​រៀបចំ​ឲ្យ​មាន​កម្មវិធី​បុណ្យ​នេះ​ឡើង​។​



​លោក ជាវ សំណាង​៖
ដូច្នេះ​លោក សុធា​រ៉ា ជឿជាក់ថា ការរៀបចំ​ពិធី​ផ្ទេរមរតក​បែប​សាសនា​នេះ ជា​គំរូ​ភាព​មួយ​ដល់​ឪពុកម្តាយ និង​កូនៗ ដែល​ពួកគាត់​ស្រឡាញ់​ធម្មជាតិ និង​គោរព​ប្រតិបត្តិ​តាម​ព្រះពុទ្ធសាសនា ដូច​គ្រួសារ​លោក សុធា​រ៉ា ឪពុកម្តាយ និង​កូនៗ​ដទៃ គួរ​អនុវត្តន៍​តាម​វិធី​នេះ​ទៅ​?
 
​លោក អៀង សុធា​រ៉ា​៖ ពាក្យ​ថា​ធ្វើបុណ្យ គឺ​ធ្វើអំពើ​ល្អ​។ អីចឹង​! អ្នក​ដែល​គាត់​មាន​ឧបនិស្ស័យ ជា​មនុស្ស​ល្អ គឺ​គាត់​អាច​ចាប់​យកបាន ឬមួយ​ក៏​គាត់​គ្រាន់​បានតែ​ឮ ក៏​សរសើរ​។ ប៉ុន្តែ ក៏មាន​អ្នក​ដែល​បានឮ ហើយ​គាត់​ចាប់អារម្មណ៍ និង​គិតទុក​ក្នុង​ចិត្ត​ថា ថ្ងៃក្រោយ​បើ​មានបាន ចង់​ចែក​ឲ្យ​កូន​ដោយ​ធ្វើបែបនេះ​ដែរ​។ អីចឹង​ក៏​អាច​ថា មាន​គំរូ​មួយ​ល្អ​ដែរ​។ ហើយ​ដើម្បី​ឲ្យ​ព្រះពុទ្ធសាសនា​ចម្រុងចម្រើន​នៅ​ស្រុក​យើង ខ្ញុំ​សូម​អំពាវនាវ​ដល់​មាតាបិតា និង​បុត្រ​ធីតា គួរ​យក​ចំណុច​ល្អៗ​ពី​កម្មវិធី​បុណ្យ​នេះ ទៅ​អនុវត្តន៍​តាម​គ្រួសារ​រៀងៗ​ខ្លួន ដើម្បី​បានជា​បច្ច័យ​គាំទ្រ ដល់ទី​អារាម​, ព្រះពុទ្ធសាសនា និង​ព្រះសង្ឃ ព្រោះ​ទាំងនេះ គឺជា​មូលដ្ឋាន​នៃ​គុណធម៌ និង​សីលធម៌​នៅក្នុង​សង្គម​។ ការចេះ​ខន្តី​, សច្ចៈ​, កតញូ​, អរិយ​សច្ចៈ​ទាំង​៤ និង​អរិ​យម​ទាំង​៨​ប្រកា គឺជា​គ្រឹះ​ដ៏​រឹងមាំ​មែនទែន ហើយ​គ្រឹះ​ទាំងអស់នេះ​បានមកពី​តាមរយៈ ដូចជា ការ​ឲ្យ​កូន​ទៅ​បួស​, យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​, យក​ផល​ស្រូវ​មួយចំណែក​ដែល​លក់បាន​ទៅ​ជួយ​ខាង​ពុទ្ធិក ឬ​ជួយ​ទៅ​វត្ត​អារាម នោះបាន​ព្រះពុទ្ធសាសនា​យើង​រឹងមាំ​។ ហើយ​សូមកុំ​មើល​កំហុស​បន្តិចបន្តួច​នៅក្នុង​វត្ត​អារាម ដូចជា វត្តមាន​សំរាម​ច្រើន និង​មើលឃើញ​ព្រះសង្ឃ​មិនបាន​គោរព​វិន័យ​ខ្ជាប់ខ្ជួន ទាំងនេះ​គឺ​មិនមែន​តំណាង​ឲ្យ​ព្រះសង្ឃ​ទាំង​៦​ម៉ឺន​អង្គ​នៅក្នុង​ស្រុក​ខ្មែរ​ទេ ហើយក៏​មិនមែន​តំណាង​ឲ្យ​ព្រះពុទ្ធសាសនា​ដែរ​។ ការចូលរួម​ទាំងអស់​នេះ គឺជា​គំរូ​មួយ​ដើម្បី​ព្រះពុទ្ធសាសនា​។ 
 
​លោក ជាវ សំណាង​៖ នៅក្នុង​មរតក​នោះ​ឪពុក​របស់លោក សុធា​រ៉ា ក៏បាន​ចារ​ពី​បណ្តាំ​មួយចំនួន​ផងដែរ​។ តើ​បណ្តាំ​នោះ​និយាយ​ពីអ្វី​ខ្លះ​ដែរ​បាទ​?
 
​លោក អៀង សុធា​រ៉ា​៖ បាទ​! បណ្តាំ​ហ្នឹង​គាត់​ផ្តាំ​ថា​៖ «​មរតកសាសន៍​ពី​ឧបាសក អៀង អឿន និង​ឧបាសិកា ឌឿ​ក សា​គីម (​អៀន អឿន គឺជា​ឪពុក​ខ្ញុំ ហើយ ឌឿ​ក សា​គីម គឺ​ម្តាយ​) ដល់​អ្នកទទួល​កាន់កា​ប់​គ្រប់គ្រង​ដី​ចំនួន​១៧​ហិកតា​នេះ​ដូចតទៅ ទី​១. យើងរ​ស់បាន​ដោយសារ​ធម្មជាតិ កុំ​បំផ្លាញ​ធម្មជាតិ ទី​២. ត្រូវគោរព​ស្រឡាញ់​ធម្មជាតិ ទី​៣. ត្រូវ​អភិរក្ស និង​អភិវឌ្ឍន៍​ធម្មជាតិ ទី​៤. ត្រូវ​ឧបត្ថម្ភ​ដល់​ពុទ្ធិកបឋមសិក្សា​មួយឆ្នាំ​ស្មើនឹង​តម្លៃ​ស្រូវ​១០​តោន រហូត​គ្រប់​៥​ពាន់​ព្រះវស្សា​។ ដី​ចំនួន​១៧​ហិកតា​នេះ ស្ថិតនៅ​តំបន់​ព្រៃ​ក្តួច​នៃ​ភូមិ​ពោធ​អណ្តោត ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​ខេត្ត ព្រៃវែង នៅ​ថ្ងៃ​សុក្រ ៦​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ដែល​ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩»​។ គាត់​ផ្តាំ​ប៉ុណ្ណឹង​!



​លោក ជាវ សំណាង​៖
តើ​លោក សុធា​រ៉ា នឹង​តាំងចិត្ត​ប្រតិបត្តិ​ទៅតាម​បណ្តាំ​របស់​ឪពុក​យ៉ាងដូចម្តេច​?
 
​លោក អៀង សុធា​រ៉ា​៖ ត្រង់ចំណុច​នេះ ខ្ញុំ​បាន​ពិភាក្សា​គ្នាច្រើន​ដែរ​។ នៅក្នុង​បណ្តាំ​ហ្នឹង​ចំណុច​ដែល​សំខាន់ គឺ​គោរព​, ស្រឡាញ់ និង​អភិវឌ្ឍន៍​ពាក់ព័ន្ធ​នឹង​ធម្មជាតិ ក្នុង​មួយជីវិត​ខ្ញុំ ធ្វើបាន​។ ប៉ុន្តែ បណ្តាំ​ចុងក្រោយ គឺ​ត្រូវ​ឧបត្ថម្ភ​ដល់​ពុទ្ធិកបឋមសិក្សា​មួយឆ្នាំ​ស្មើនឹង​តម្លៃ​ស្រូវ​១០​តោន រហូត​គ្រប់​៥​ពាន់​ព្រះវស្សា​។ ចំណុច​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​គិតថា ត្រូវ​សរសេរ​ផ្តាំ​ទៅ​អ្នក​ដែល​ទទួល​បន្ត​ពី​ខ្ញុំ រហូត​អាច​ផ្ទេរមរតក​នេះ​ទៅ​កូន បើ​គាត់​ស្មោះស្ម័គ្រ​នឹង​មក​ធ្វើ​កិច្ចការ​នេះ​បន្ត​។ ប៉ុន្តែ បើ​កូន​ខ្ញុំ​មិន​ចង់​ធ្វើ ខ្ញុំ​ត្រូវ​រក​អ្នកដទៃ​ដែល​គាត់​ស្មោះស្ម័គ្រ​មក​ធ្វើ​កិច្ចការងារ​នេះ​។ នេះ​ជា​រឿង​មួយ​ដែលថា គួរ​ឲ្យ​សប្បាយចិត្ត ប៉ុន្តែ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ច្រើន ព្រោះ​ជា​ប្រស្នា​ដែល​ខ្ញុំ​គិត​ច្រើន ថា​គួរ​ឲ្យ​ទៅ​នរណា ហើយ​មិនមែន​ដល់​ថ្ងៃ​ទើប​ឲ្យ​ទៅ​អ្នក​នោះទេ គឺ​ត្រូវ​អប់រំ​អ្នកនោះ​ឲ្យ​ចេះ​គោរព​, ស្រឡាញ់ និង​អភិវឌ្ឍន៍​ធម្មជាតិ​តាំងពី​នៅ​តូច​រហូតដល់​គាត់​ពេញវ័យ ហើយ​ខ្ញុំ​មើលទៅ​ថា គាត់​អាចធ្វើ​កិច្ចការ​នេះ​បាន ស្រប​ពេលដែល​ខ្ញុំ​ដល់​វ័យចាស់​ហើយ បាន​ខ្ញុំ​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​គាត់​។ ការបន្ត​មរតក​នេះ​ត្រូវ​មើល​មនុស្ស និង​រៀបចំ​ជា​យន្តការ​តាំងពី​ដើមទី ដើម្បី​អប់រំ​អ្នកធ្វើ​កិច្ចការងារ​នេះ​បន្ត ទើប​អាច​ជោគជ័យ​។​
 
​លោក ជាវ សំណាង​៖ មកដល់ពេលនេះ​! តើ​លោក អៀង សុធា​រ៉ា បាន​គិតថា​នឹងត្រូវ​ផ្ទេរមរតក​នេះ​ទៅ​កូន ឬ​នរណា ដើម្បី​ឲ្យ​គាត់​បន្តការងារ​នេះហើយ​ឬ​នៅ​?
 
​លោក អៀង សុធា​រ៉ា​៖ មកដល់​ថ្ងៃនេះ ខ្ញុំ​មាន​មនុស្ស​ល្អៗ​ច្រើន​ដែល​កំពុង​នៅ​ជុំវិញ​ខ្ញុំ អីចឹង​អាច​ថា ពី​ជំនាន់​ខ្ញុំ​ទៅដល់​ជំនាន់​បន្ទាប់ គឺ​មិនមាន​បញ្ហា​អ្វី​ទេ​។ ជំនាន់​បន្ទាប់​ទៅទៀត ខ្ញុំ​មិន​ច្បាស់​ទេ ទាល់តែ​ឲ្យ​អ្នកទទួល​បន្ទាប់​មើល​ទៅតាម​ជំនាន់​គាត់​ទៀត​។ ប៉ុន្តែ​យ៉ាងណា ខ្ញុំ​នឹងធ្វើ​កិច្ចការ​នេះ​ដោយ​អស់ពី​ចិត្ត​ពី​ថ្លើម និង​ប្រុងប្រយ័ត្ន​ជាទីបំផុត​។ 


 
​លោក ជាវ សំណាង​៖ ប្រសិនបើ កូនប្រុស​ទាំង​២​របស់លោក អៀង សុធា​រ៉ា មិន​ព្រមធ្វើ​ការងារ​នេះ​បន្ត​ពី​លោក ហើយ​លោក សុធា​រ៉ា មើលឃើញ​អ្នកដទៃ ដែល​គាត់​ស្រឡាញ់​ចូលចិត្ត​ធ្វើ​កិច្ចការងារ​នេះ​បន្ត តើ​លោក សុធា​រ៉ា ពេញចិត្ត​នឹង​ឲ្យ​ទៅ​អ្នកផ្សេង​ដែរ ឬក៏​មាន​អារម្មណ៍​ថា ស្តាយ​មរតក​ដែលជា​កេរ​មរតក​របស់​ឪពុកម្តាយ​បាន​ចែកជូន​លោក សុធា​រ៉ា​? 

​លោក អៀង សុធា​រ៉ា​៖ ការបន្ត​វេន និង​ការធ្វើ​ទាន​នេះ គឺ​ខ្ញុំ​មិនអាច​កំណត់​បានទេ បើ​ខ្ញុំ​នៅតែមាន​ចិត្តចង្អៀត​ចង្អល់​ថា ទាល់តែ​កូន​ខ្ញុំ​, សាច់ញាតិ​ខ្ញុំ​, ក្មួយ​ខ្ញុំ ទើប​ខ្ញុំ​ផ្ទេរ​ឲ្យ រឿងនេះ​នឹង​អាច​បរាជ័យ​វិញ​។ និយាយ​ដោយស្មោះ ប្រសិនបើ សមត្ថភាព​ស្មើគ្នា ចិត្តថ្លើម​ល្អ​ប្រហាក់ប្រហែលគ្នា ច្បាស់​ជា​ឲ្យ​មក​កូន​ហើយ​។ ប៉ុន្តែ​ប្រសិនបើ មាន​អ្នក​ដែល​ល្អ​ជាង​កូន​ខ្ញុំ​ច្បាស់​តែម្តង ប្រាកដជា​ឲ្យ​ទៅ​អ្នកផ្សេង ដោយ​កុំ​គិតថា​ជាវ​ង្ស​ត្រកូល​យើង ហើយ​ត្រូវ​ពន្យល់​ប្រាប់​កូន​វិញ​ថា សមត្ថភាព និង​ចិត្តថ្លើម​របស់​កូន​មិនទាន់​ដល់​អ្នកផ្សេង​។ ការ​ឲ្យ​ទៅ​អ្នកដទៃ​បន្តក​ចិ្ច​ការងារ​នេះ មិនមែន​ធ្វើ​ឲ្យ​កូន​បាក់​ទឹកចិត្ត​ទេ គឺ​ឲ្យ​គាត់​ខំប្រឹង​បន្ថែមទៀត​។ នេះ​គឺ​ដូចជា​របៀប​ដឹកនាំ​បន្តវេន​នៅក្នុង​ក្រុមហ៊ុន​, ការផ្តល់​មរតក ឬក៏​កិច្ចការងារ​ផ្សេងៗ​ដែរ យើង​កុំ​គិតតែ​ក្រុមគ្រួសារ​ពេក ត្រូវ​គិតដល់​អ្នក​ដែលមាន​សមត្ថភាព​ខ្ពស់​, មាន​គុណធម៌​ខ្ពស់​, សុខភាព​ល្អ​ទាំង​កាយ និង​ចិត្ត បើ​ពិចារណា ឬ​គណៈកម្មការ​យើង​វាយតម្លៃ​ឃើញបែបនេះ យើង​គួរតែ​ឲ្យ​គាត់​ជា​អ្នក​បន្តវេន​ក្រុមហ៊ុន​យើង ឬក៏​ទទួល​មរតក​ពី​យើង ដើម្បី​ជួយ​ជ្រោមជ្រែង​ការងា​យើង​ឲ្យ​ទៅមុខទៀត​។​
 
​លោក ជាវ សំណាង​៖ លោក អៀង សុធា​រ៉ា នៅក្នុង​បណ្តាំ​នៃ​ចំណុច​ទី​៤ គឺ​តម្រូវ​ឲ្យ​លោក ឧបត្ថម្ភ​ដល់​ពុទ្ធិកបឋមសិក្សា​មួយឆ្នាំ​ស្មើនឹង​តម្លៃ​ស្រូវ​១០​តោន រហូត​គ្រប់​៥​ពាន់​ព្រះវស្សា​។ តើ​លោក សុធា​រ៉ា ចុះទៅ​ធ្វើស្រែ​ដោយ​ខ្លួនឯង ឬក៏​ជួល​អ្នកផ្សេង​ធ្វើ​? 
 
​លោក អៀង សុធា​រ៉ា​៖ ពាក្យ​ថា «​ស្រែ​ហើយនឹង​ស្រូវ​» គឺ​ជាប់​នៅក្នុង​សន្តាន​ចិត្ត​របស់​ឪពុក​ខ្ញុំ  តាំងពី​យូរណាស់​មកហើយ​។ ការពិតទៅ​ឪពុក​ខ្ញុំ គឺជា​ពេទ្យ​ទេ ប៉ុន្តែ គាត់​មិន​ងាយ​ងាក​ទៅណា​ក្រៅពី​កសិកម្ម​នេះ​ទេ ព្រោះ​គាត់​ស្រឡាញ់​កសិកម្ម​។ មកដល់ពេលនេះ ខ្ញុំ​មិនទាន់បាន​ជម្រាប​គាត់​ទេ​ថា ខ្ញុំ​មាន​ផែនការមេ ដើម្បី​រៀបចំ​ដី​ចំនួន​១៧​ហិកតា​នេះ ឲ្យ​ទៅជា​រមណីយដ្ឋាន​ធម្មជាតិ​ដោយមាន​ស្រែ​, ចម្ការ​បន្លែ​, លំនៅឋាន​, ភោជនីយដ្ឋាន​, កន្លែង​ធ្វើ​សមាធិ និង​មាន​កោះ​ជាដើម ដែល​វា​ស្រដៀង​នឹង​រមណីយដ្ឋាន​ពិ​កនិក​ដែរ គ្រា​ត់​តែ​មិនមាន​ភ្នំ ខ្ញុំ​ធ្វើ​ទៅជា​មានទឹក មាន​កោះ​វិញ​។ តាម​គម្រោង​នេះ បាន​ថវិកា​ច្រើនជាង​តម្លៃ​ស្រូវ​១០​តោន​ទៅទៀត​។ ដល់​ពេលដែល​ចំណេញ​ច្រើន ខ្ញុំ​នឹង​គិត​ទៀតថា ឧបត្ថម្ភ​ស្រូវ​តម្លៃ​ត្រឹម​១០​តោន ឬ​មានចិត្ត​ជ្រះថ្លា​ច្រើន​ជាងនេះទៀត​។ ឧបមា​ថា ក្នុង​រយៈពេល​៥​ឆ្នាំ​ដំបូង​នៃ​ការអភិវឌ្ឍ​រមណីយដ្ឋាន​នេះ គឺ​ខាត ក៏​ខ្ញុំ​នៅតែ​ឧបត្ថម្ភ​ដល់​ពុទ្ធិកបឋមសិក្សា​មួយឆ្នាំ​ស្មើនឹង​តម្លៃ​ស្រូវ​១០​តោន​ដែរ​។ ប្រសិនបើ គម្រោង​នេះ​អាច​រកប្រាក់​បាន​លើសពី​តម្លៃ​ស្រូវ​១០​តោន​ក្នុង​មួយឆ្នាំ ឪពុក​ខ្ញុំ គាត់​រឹតតែ​សប្បាយចិត្ត មិនមែន​មានន័យថា ឲ្យ​តែ​ធ្វើស្រែ​យក​ស្រូវ​នោះទេ​។ 


 
​លោក ជាវ សំណាង​៖ ក្នុងចំណោម​បងប្អូន​បង្កើត​ទាំង​៧​នាក់​របស់លោក អៀង សុធា​រ៉ា ហេតុអ្វី​បានជា​ឪពុកម្តាយ​របស់លោក សម្រេចចិត្ត​ប្រគល់​មរតក​នេះ​ជូន​តែ​លោក សុធា​រ៉ា ម្នាក់ឯង​អីចឹង​?

​លោក អៀង សុធា​រ៉ា់​៖ ទាល់តែ​សួរ​គាត់​! [​សើច​...] បើ​សួរ​ខ្ញុំ ខ្ញុំ​ពិបាក​ឆ្លើយ​! បងប្អូន​ខ្ញុំ​ទាំង​៧​នាក់ ស្លាប់​អស់​២​នាក់​ហើយ​។ ទាល់តែ​សួរ​គាត់​ថា ហេតុអ្វី​បានជ្រើសរើស​ឲ្យ​មក​ខ្ញុំ​?
 
​លោក ជាវ សំណាង​៖ ជា​សំណួរ​ចុងក្រោយ​របស់ខ្ញុំ​! តើ​លោកឪពុក និង​អ្នក​ម្តាយ​របស់លោក សុធា​រ៉ា ជា​មនុស្ស​បែបណា​ដែរ ដែល​គាត់​បាន​អប់រំ​បណ្តុះបណ្តាល​ឲ្យ​លោក សុធា​រ៉ា រស់នៅ​ដោយ​ស្រឡាញ់​ធម្មជាតិ​, ចូលចិត្ត​ធ្វើបុណ្យ​ទាន និង​គោរព​ប្រតិបត្តិ​តាម​មាគ៌ា​ព្រះពុទ្ធ​?
 
​លោក អៀង សុធា​រ៉ា​៖ ឪពុកម្តាយ​ខ្ញុំ ជា​មនុស្ស​សាមញ្ញ​។ ឪពុក​ខ្ញុំ គាត់​រៀន​នៅ​វិទ្យាល័យ​ព្រះអង្គដួង ខេត្តព្រៃវែង ហើយ​គាត់​រៀន​ពេទ្យ និង​ធ្វើ​ការងារ​ពេទ្យ​អីចឹង​ទៅ​។ តាំងពី​តូច​មក​ខ្ញុំ​ឃើញ​គាត់​ចូលចិត្ត​ជួយ​អ្នកដទៃ ពេលខ្លះ​គាត់​ជួយ​គេ​ទាំង​ខ្លួន​គាត់​កំពុង​ឈឺ​ក៏មាន​។ ម្តាយ​ខ្ញុំ​ក៏​អីចឹង​ដែរ ខ្ញុំ​មិនឃើញ​គាត់​ធ្វើអំពើ​បាប​ណាមួយ​ទេ​, គាត់​តែងតែ​ប្រដៅ​កូន​ឲ្យ​ធ្វើអំពើ​ល្អ ជួយ​អ្នកដទៃ ជាពិសេស គាត់​នាំ​ខ្ញុំ ធ្វើបុណ្យ​តាំងពី​នៅ​តូច​។ ក្រៅពី​ថែរក្សា​, ដាំ​ដើមឈើ និង​ស្រឡាញ់​ធម្មជាតិ​, កាលពីពេល​ថ្មីៗ​នេះ ឪពុក​ខ្ញុំ និង​ខ្ញុំ​បាន​ជួយ​ការងារ​ពុទ្ធិកសិក្សា​ច្រើន​នៅ​វត្ត​វិហារ​ធំ​នៃ​ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​ខេត្ត ព្រៃវែង​។ ហើយ​គាត់​ក៏បាន​បបួល​ខ្ញុំ​ចូលរួម​ជួយ​សាងសង់​ប​ច្ឆា​រហូត​បាន​១០​កន្លែង​ឯណោះ ពីព្រោះ​គាត់​យល់ថា នៅ​ស្រុក​ជនបទ ជាពិសេស ប្រជាជន​ក្រីក្រ​ពិបាក​រក​កន្លែង​បញ្ចុះ និង​បូជា​សព្វ​។ ដោយសារ​គំរូ​ល្អ​របស់គាត់​បាន​អប់រំ​ខ្ញុំ​ឲ្យ​ក្លាយជា​មនុស្ស​បែបនេះ​រហូត​មកដល់​សព្វថ្ងៃ​។​


 
​មាន​លោកឪពុក និង​អ្នក​ម្តាយ ដែល​គាត់​មានចិត្ត​ធម៌ ចូលចិត្ត​ធ្វើអំពើ​ល្អ​ដោយ​ជួយ​អ្នកដទៃ​, ចូលចិត្ត​ធ្វើបុណ្យ​ទាន និង​ស្រឡាញ់​ធម្មជាតិ បែបនេះ បាន​ជំរុញ​ទឹកចិត្ត និង​អប់​រំលោក អៀង សុធា​រ៉ា ឲ្យ​មាន​ចិត្តបុណ្យ និង​ដើរ​តាម​មាគ៌ា​ជីវិត​ដ៏​គំរូ​របស់​លោកឪពុក អៀង អឿន និង​អ្នក​ម្តាយ ឌឿ​ក សា​គីម​។​
 
​សូមបញ្ជាក់ថា ពិធី​«​បុណ្យ​មរតកសាសន៍​ព្រះបិតា​ធម្មជាតិ​» ដែល​លោក អៀង សុធា​រ៉ា រៀបចំ​នេះ ប្រារព្ធ​នៅ​ភូមិ​ពោធ​អណ្តោត ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​ខេត្ត ព្រៃវែង កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩៕



Tag:
 លោក អៀង សុធារ៉ា
  ព្រៃវែង
  ព្រះពុទ្ធសាសនា
  មរតក
 
© រក្សាសិទ្ធិដោយ thmeythmey.com