អន្តរជាតិ
មេទ័ពចិនប្រាប់មេទ័ពអាមេរិក៖ ចិនមិនឲ្យតៃវ៉ាន់របេះទៅណាឡើយ ទោះក្នុងតម្លៃណាក៏ដោយ ឧត្តមសេនីយ៍ Li Zuocheng សមាជិកគណៈកម្មការយោធាមជ្ឈិម
× ចិននៅតែប្រកាន់ជំហរថា តៃវ៉ាន់ជាទឹកដីមួយរបស់ខ្លួន ដែលមិនអាចរបូតទៅណាឡើយ។ ជំហរនេះត្រូវបានមន្ត្រីជាន់ខ្ពស់យោធាចិន Li Zuocheng ប្រាប់ទៅមន្ត្រីយោធាអាមេរិក John Richardson នៅថ្ងៃទី១៥ ខែមករា។ លោកឧត្តមសេនីយ៍ Li ក៏ប្រាប់មេទ័ពអាមេរិកពីជំហររបស់ចិនដែលប្រឆាំងរាល់ការលូកដៃរបស់ប្រទេសខាងក្រៅចូលកិច្ចការតៃវ៉ាន់ដែរ។
ឧត្តមសេនីយ៍ Li Zuocheng បានជួបជាមួយឧត្តមនាវី John Richardson មេបញ្ជាការកងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី១៥ ខែមករា ខណៈដែលទំនាក់ទំនងរវាងចិន និងអាមេរិកកំពុងមិនសូវល្អក្នុងវិស័យពាណិជ្ជកម្ម។ ខណៈទំនាក់ទំនងទ្វេភាគីក្នុងផ្នែកយោធានៅល្អប្រសើរ មហាអំណាចទាំងពីរនេះក៏មានចំណុចខ្វែងគំនិតគ្នាច្រើនដែរ ជាពិសេសទំនាក់ទំនងកងទ័ព និងស៊ីវិលរវាងអាមេរិក និងកោះតៃវ៉ាន់ ដែលជាចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចិន លោក Li ជាសមាជិកគណៈកម្មការយោធាមជ្ឈិមដែលគ្រប់គ្រងកងទ័ពរំដោះប្រជាជនចិន បានប្រាប់លោក Richardson ថា តៃវ៉ាន់ជាបញ្ហាផ្ទៃក្នុង និងជាការបារម្ភចំពោះផលប្រយោជន៍ចិន និងអារម្មណ៍របស់ប្រជាជនទាំងមូល។ ឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះបន្តថា ចិនមិនលើកលែងដល់ការលូកដៃនៃកម្លាំងខាងក្រៅ ហើយប្រសិនបើមានអ្នកណាចង់បំបែកតៃវ៉ាន់ពីចិន កងទ័ពចិននឹងការពារទឹកដីដូនតាឲ្យបានទោះក្នុងតម្លៃណាក៏ដោយ។
ចំពោះមុខប្រមុខកងទ័ពជើងទឹកអាមេរិក មេទ័ពចិនដដែលក៏ស្នើឲ្យយោធាទាំងពីរគោរពគ្នាទៅមក បង្កើនការជឿទុកចិត្តគ្នា ពង្រឹងទំនាក់ទំនង គ្រប់គ្រងបញ្ហាប្រថុយប្រថាន និងជំរុញទំនាក់ទំនងយោធាឲ្យក្លាយជាកត្តារក្សាស្ថិរភាពក្នុងទំនាក់ទំនងប្រទេសទាំងពីរ។ លោក Richardson ក៏ឆ្លើយតបវិញដោយវិជ្ជមាន និងបង្ហាញឆន្ទៈរបស់អាមេរិកក្នុងការពង្រឹងការផ្លាស់ប្ដូរទស្សនកិច្ចជាន់ខ្ពស់ ក៏ដូចជាដោះស្រាយការខ្វែងគំនិតគ្នាដោយការចរចាផង។
តាមពិតទៅ បញ្ហាតៃវ៉ាន់ តែងតែធ្វើឲ្យទំនាក់ទំនងរវាងអំណាចទាំងពីរប្រែប្រួល។ អាមេរិកដែលមិនទទួលតៃវ៉ាន់ជាប្រទេសផងនោះ នៅតែបន្តជួយកោះមួយនេះក្នុងឋានៈជាសម្ព័ន្ធមិត្តសន្ធិសញ្ញា ហើយគេមិនគួរភ្លេចទេថា អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេរបស់តៃវ៉ាន់។ ទំនាក់ទំនងល្អូកល្អឺនបែបនេះក៏បន្តដាក់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ តែចិននៅមិនសុខឡើយ ដ្បិតនៅតៃវ៉ាន់ចលនាប្រកាសឯករាជ្យកំពុងដឹកនាំកិច្ចការជាតិ។
ក្នុងខែថ្មីៗនេះ អាមេរិកបានបញ្ជូននាវាចម្បាំងរបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដែលខណ្ឌចែកដីគោក និងដែនកោះតៃវ៉ាន់ ក្នុងន័យសម្ញែងអំណាចផង និងជាការបញ្ជាក់ពីទំនាក់ទំនងជាមួយតៃវ៉ាន់ផង។ ប៉ុន្តែចិនចាត់ទុកសកម្មភាពរបស់អាមេរិក ជាការបំពានអធិបតេយ្យព្រោះតៃវ៉ាន់ជាខេត្តមួយរបស់ចិន។ ថ្មីនេះទៀតសោត អាមេរិកក៏ធ្វើឲ្យចិនកាន់តែខឹង បន្ទាប់តំណាងរាស្ត្រអាមេរិកនាំគ្នាអនុម័តច្បាប់លើកទឹកចិត្តដល់ការធ្វើទស្សនកិច្ចរវាងអាមេរិក និងតៃវ៉ាន់៕
Tag:
ចិន
អាមេរិក
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com