កីឡាជាតិ
ជាតិ
កីឡាករ ONE Championship រៃអង្គាស​ថវិកា​ជួយ អេ រដ្ឋា ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​
16, Jan 2019 , 8:19 pm        
រូបភាព
លោក ហ៊ុន ចាន់រាជ (ស្តាំ)យកថវិកាប្រគល់ជូនកីឡាករ អេ រដ្ឋា (កណ្តាល) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក ហ៊ុន ចាន់រាជ (ស្តាំ)យកថវិកាប្រគល់ជូនកីឡាករ អេ រដ្ឋា (កណ្តាល) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
ដោយ: ថ្មីៗ
​កីឡាករ​និង​អតីត​កីឡាករ ONE Championship បាន​សាមគ្គី​គ្នា​រៃអង្គាស​ថវិកា​ជួយ​ដល់​កីឡាករ អេ រដ្ឋា ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅឡើយ​។ កីឡាករ អេ រដ្ឋា ដែលមាន​វ័យ​ទើប​១៩​ឆ្នាំ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​ឡាន​បុក​និង​កិន​ពីលើ​បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​។

 
​ដើម្បី​ជួយ​សម្រួល​លើ​ការចំណាយ​ថ្លៃ​ព្យាបាល និង​មើលឃើញ​ពី​លទ្ធភាព​ខ្វះខាត​របស់​កីឡាករ អេ រដ្ឋា ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កន្លងមក ក្រុម​កីឡាករ​និង​អតីត​កីឡាករ ONE Championship បានរួម​គ្នា​បង្កើត​មូល​ធិ​និ​រៃអង្គាស​ថវិកា​ជួយ​ដល់​កីឡាករ​រូបនេះ​។ ទោះបី​មិន​បង្ហាញ​ពី​ចំនួន​ទឹកប្រាក់​ដែល​ទទួលបាន តែ​ថវិកា​ទាំងនេះ​ត្រូវបាន​លោក ហ៊ុន ចាន់​រាជ គ្រូបង្វឹក​ក្លិប Cambodia Top Team និង​ក្រុមការងារ​យកទៅ​ប្រគល់ជូន​រួចហើយ​កាលពីពេល​កន្លងទៅ​ថ្មីៗ​។ 
 
​មិនមែន​មានតែ​ក្រុម​កីឡាករ ONE Championship នោះទេ សូម្បី​ថ្នាក់ដឹកនាំ​ប្រទេស ពិសេស​សម្តេច ប៊ុនរ៉ានី ហ៊ុនសែន ប្រធាន​កាក​ក្រ​បាទ​ក្រហម​កម្ពុជា ក៏បានផ្តល់​ជា​ថវិកា​និង​គ្រឿងឧបភោក​និង​បរិភោក​ជូន​កីឡាករ​រូបនេះ​ដែរ​។ លើសពីនេះ លោក អេ ភូ​ថង គ្រូបង្វឹក​ក្លិប​អេ​ភូ​ថង​កីឡា និង​កីឡាករ កែវ រំ​ចង់ បាន​ស្វះ​ស្វែងរក​មូលនិធិ​ក្នុង​និង​ក្រៅប្រទេស​ជួយ​ដល់​កីឡាករ​រូបនេះ​ទៀតផង​។ ហើយ​កាលពីពេល​ថ្មីៗ រដ្ឋា ទទួលបាន​ថវិកា​ចំនួន​៥០០​ដុល្លារ​ពី​តារាចម្រៀង​កញ្ញា ទេព បូ​ប្រឹក្ស ដែល​បាន​ទៅសួរសុខទុក្ខ​រូបគេ​។   
 
«​មុន​មានរឿង​ហេតុនេះ​កើតឡើង គាត់​បានឈ្នះ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​កំពុង​ត្រៀម​វាយ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​។ ស្ទើរ​មួយជីវិត គាត់​ប្រឹង​ប្រកួត​ដើម្បី​យក​ខ្សែក្រវាត់​មួយ ដល់ពេល​ជិត​បានសម្រេច បែរជា​ជួប​គ្រោះថ្នាក់​នេះ​ទៅវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ចាន់​រាជ ពេល​យកលុយ​ទៅ​ប្រគល់ជូន​កីឡាករ អេ រដ្ឋា​។ 
 
​លោក ហ៊ុន ចាន់​រាជ ជាមួយ​អតីត​កីឡាករ ONE Championship និង​លោក Nicholas "JJ" Lee នៅ​ចាំមើល​ការខុសត្រូវ អេ រដ្ឋា ជាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ពួកគេ​បាន​បង្កើត​កម្មវិធី​ជាច្រើន ដើម្បី​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​អាច​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​ការវះកាត់ និង​ព្យាបាល​របួស​។ 
 
​អេ រដ្ឋា ដែលជា​កូនកំព្រា​ឪពុកម្តាយ​តាំងពីក្មេង បច្ចុប្បន្ន​មាន​អាយុ​១៩​ឆ្នាំ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​ឡាន​បុក​និង​កិន​ពីលើ​អំឡុងពេល​កំពុង​ជិះ​ម៉ូតូ​មកពី​លេង​ផ្ទះ​បងប្អូន ដែល​បណ្តាល​ឲ្យ​រងរបួស​បាក់ជើង ដាច់​ពោះវៀន និង​បែក​ប្លោកនោម​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ នៅមុខ​វត្ត​និរោធ ម្តុំ​បុរី​លុច​សារី ក្នុង​ខណ្ឌ​ច្បារអំពៅ​។ 
 
​ទោះបី​ស្ថានភាពរ​បួ​សមានភាព​ធូ​ស្បើយ​បន្តិច​ក៏ដោយ តែ រដ្ឋា មិនទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ ពោលគឺ​រូបគេ​នៅ​ដេក​សម្រាក​ព្យាបាល​នៅលើ​គ្រែ​នៅឡើយ​។ បើតាម​ការអះអាង​រប​ស់​គ្រូពេទ្យ រដ្ឋា អាច​ចំណាយពេល​ពី​ពីរ​ទៅ​បី​ខែ​ក្នុងការ​សម្រាក​ព្យាបាល តែ​លទ្ធិភាព​ដើរ​រួច​ដូច​ធម្មតា​មាន​តិចតួច​បំផុត​សម្រាប់​រូបគេ ដោយសារ​របួស​ផ្នែក​ខាងក្នុង​ធ្ងន់ធ្ងរ​ពេល​។    
 
​រដ្ឋា បាន​រៀបរាប់ថា​៖«​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត​ខ្លាំង បាន​កីឡាករ​ស្រុក​ខ្មែរ​យើង​ជួយ​លើក​កម្លាំងចិត្ត​ដល់​កីឡាករ​ខ្មែរ​ដូចគ្នា​។ ខ្ញុំ​សប្បាយចិត្ត ដូច​មនុស្ស​បានរ​ស់ម​ក​វិញ​ម្តងទៀត​អីចឹង​។ បើសិនជា​ខ្ញុំ​អាច​ព្យាបាល​ជា ខ្ញុំ​បន្ត​ប្រដាល់​ទៅទៀត ពីព្រោះ​ខ្ញុំ​ស្រលាញ់​ខ្លាំងណាស់​»​។ 
 
​ថ្វីបើ​នៅ​ឈឺ​ចុក អេ រដ្ឋា មាន​ស្មារតី​វិជ្ជមាន​ខ្លាំង និង​មានសង្ឃឹម​ច្រើន​ថា​នឹង​អាច​ឆាប់​ជាសះស្បើយ ហើយ​ជឿថា​គាត់​អាច​ធ្វើបាន បើ​មានការ​លើកទឹកចិត្ត​ជា​បន្ត​បន្ទាប់ពី​សំណាក់​បងប្អូន​រួម​ជាតិ និង​មិត្ត​រួម​អាជីព​។ ជាមួយគ្នានេះ រដ្ឋា បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន ដែល​បាន​ជួយឧបត្ថម្ភ​ដល់​រូបគេ​៕ 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  អេ រដ្ឋា​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com