កីឡាអន្តរជាតិ
អន្តរជាតិ
Theerathon បន្តខ្ចីជើងនៅ J.League ដោយចូលរួមជាមួយក្លិប Yokohama
× ក្លិប Muangthong United នៃលីគកំពូលថៃ នៅថ្ងៃទី១៦ ខែមករានេះ បានបញ្ជាក់ថាកីឡាកររបស់ខ្លួន Theerathon Bunmathan បានវិលត្រឡប់ទៅលេងនៅ J.League វិញហើយដោយចូលរួមជាមួយ Yokohama F. Marinos ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។
Theerathon ដែលបច្ចុប្បន្នកំពុងមានភារកិច្ចជាមួយក្រុមជម្រើសជាតិថៃក្នុងយុទ្ធនាការដណ្តើមពានរង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ ត្រូវបាន Vissel Kobe ខ្ចីទៅលេងមួយរដូវកាលផងដែរកាលពីឆ្នាំ២០១៨។ ប៉ុន្តែសម្រាប់រដូវកាល ២០១៩នេះ ខ្សែការពារដែលជាកម្មសិទ្ធរបស់ក្លិប Muangthong United ត្រូវបាន Yokohama F. Marinos ខ្ចីទៅលេងឲ្យក្រុមពួកវិញម្តងដោយមានកិច្ចសន្យារយៈពេល១ឆ្នាំ។
ខ្សែការពារស្លាបឆ្វេង វ័យ២៨ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យ Vissel Kobe ចំនួន២៨ប្រកួត និងជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១០ ក្នុងក្របខណ្ឌកំពូលរបស់ជប៉ុន J.League សម្រាប់រដូវកាល២០១៨។ ដោយឡែកក្លិបថ្មីរបស់គេ Yokohama បានបញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១២ ដែលស្ថិតក្រោមការដឹកនាំរបស់អតីតគ្រូជម្រើសជាតិអូស្ត្រាលីលោក Ange Postecoglou។
ការត្រឡប់ទៅលេងនៅជប៉ុននេះ មានន័យថា Theerathon នឹងចូលរួមជាមួយមិត្តរួមជាតិរបស់គេ Chanathip Songkrasin ដែលបានបន្តស្នាក់នៅជាមួយក្លិប Hokkaido Consadole Sapporo មួយឆ្នាំទៀត។ Chanathip ដែលត្រូវបានខ្ចីពី Muangthong ដែរនោះ បានជួយក្រុម Sapporo បានចំណាត់ថ្នាក់ទី៤ក្នុងតារាង J.League រដូវកាលមុនផងដែរ។
Theerathon Bunmathan កាលនៅលេងឲ្យ Vissel Kobe
ដោយឡែកមិត្តរួមជាតិរបស់គេមួយរូបទៀតគឺ Teerasil Dangda ត្រូវត្រឡប់ទៅកាន់ Muangthong United វិញក្រោយបញ្ចប់ការខ្ចីជើងពីសំណាក់ក្លិប Sanfrecce Hiroshima រយៈពេល១រដូវកាល។
សូមបញ្ជាក់ថា Theerathon, Dangda និង Chanathip បានរួមចំណែកជួយក្រុមរហស្សនាមដំរីឲ្យឆ្លងផុតវគ្គចែកពូល ទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ី Asian Cup លើកទី១៧ ដោយទទួលបានចំណាត់ថ្នាក់ទី២ ពូល A៕
Tag:
បាល់ទាត់
Theerathon Bunmathan
Muangthong United
Yokohama F. Marinos
© រក្សាសិទ្ធិដោយ thmeythmey.com