អន្តរជាតិ
បញ្ហា​ខ្យល់​កខ្វក់​អាចធ្វើ​ឲ្យ​ថៃ ខាតបង់​ជាង​២០០​លាន​ដុល្លារ​អាមេរិក​
16, Jan 2019 , 9:19 pm        
រូបភាព
ដោយ:
​បញ្ហា​ខ្យល់​កខ្វក់​ធ្ងន់ធ្ងរ​ក្នុង​ទីក្រុង​បាងកក នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ថៃ ប្រសិនបើ​អាជ្ញាធរ​ពុំ​ចាត់វិធានការ​ឲ្យ​បាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ដើម្បី​សម្អាត​ខ្យល់​កខ្វក់​នេះ​ទេនោះ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​មួយ ចេញផ្សាយ​កាលពី​ថ្ងៃទី ១៥ មករា​។​

 
​យោងតាម​ការវិភាគរ​បស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​បាងកក បញ្ហា​ខ្យល់​កខ្វក់​នេះ​អាចធ្វើ​ឲ្យ​ថៃ​ខាត​បង់លុយ​ប្រមាន ៦,៦ ពាន់​លាន​បាត ឬ ជាង​២០៧​លាន​ដុល្លារ នៅក្នុង​វិស័យ​សុខាភិបាល និង​ទេសចរណ៍ ដ្បិត​ឥទ្ធិពល​នៃ​វិបត្តិ PM2.5 កាលពី​ថ្មីៗ​នេះ​។​
 
​របាយការណ៍​ខាងលើ​ដដែល​នេះ​បាន​បង្ហាញថា វិស័យ​សុខាភិបាល និង​ទេសចរណ៍ នឹងត្រូវ​រង​ផលប៉ះពាល់​ខ្លាំង​ពី​បញ្ហា​ខ្យល់​កខ្វក់​នេះ ដោយសារតែ​ប្រជាជន​ប្រឈមមុខ​នឹង​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សុខភាព​របស់​ពួកគេ ដែល​បណ្តាលមកពី​គុណភាព​ខ្យល់​កម្រិត PM2.5​។ មួយវិញទៀត ក្រុម​អ្នកទេសចរ​បានសម្រេច​ចិត្ត​ចាក​ចេញពី​ទីក្រុង​បាងកក ដោយសារ​ព្រួយបារម្ភ​ពី​បញ្ហា​ខ្យល់​បំពុល ដែល​វា​កំពុង​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍រ​បស់​ថៃ​។ 
 
​បើ​ផ្អែកលើ​ទិន្នន័យ​ស្តីពី​អ្នកមាន​បញ្ហា​សុខភាព​ទាក់ទង​នឹង​ខ្យល់​បំពុល របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Kasikorn បាន​រកឃើញថា កម្រិត​គុណភាព​ខ្យល់ PM2.5 ដែល​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង​នេះ បាន​បង្កើន​ចំនួន​អ្នកជំងឺ​ប្រព័ន្ធ​ដង្ហើម​។ តួយ៉ាង គេ​បាន​ប៉ាន់​ស្មានថា យ៉ាងហោចណាស់ មនុស្ស​ប្រមាណ ២,៤​លាន​នាក់ ក្នុង​ប្រជាជន​បាងកក​សរុប ១១​លាន​នាក់ កំពុង​កើត​ជំងឺ​ផ្លូវដង្ហើម និង​អា​ឡាក់​ស៊ី​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ថៃ The Nation របាយការណ៍​ដដែល​នេះ​បាន​ព្រមាន​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ​ពុំ​ចាត់វិធានការ​ចាំបាច់​ណាមួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ខ្យល់​កខ្វក់​នេះ​ឲ្យ​បាន​ឆាប់រហ័ស​ទេនោះ ចំនួន​អ្នកទេសចរ​ដ៏​ច្រើន​ប្រហែលជា​លុបចោល​ដំណើរ​កម្សាន្ត​របស់​ពួកគេ​ទៅកាន់​ប្រទេស​ថៃ ដែល​វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​ទេសចរណ៍​ថៃ​។ ហើយ​គេ​បាន​ប៉ាន់​ស្មានថា ការខាតបង់​អាច​នឹង​កើន​ដល់ ៣,៥ ពាន់​លាន​បាត ឬ​ស្មើនឹង ៤,៥ ភាគរយ​នៃ​ប្រាក់ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​ថៃ​សរុប​ក្នុង​ក្រុង​បាងកក អំឡុងពេល​ក្នុងឆ្នាំនេះ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះដែរ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ខាងលើនេះ ក៏បាន​ទទូច​ឲ្យ​អាជ្ញាធរ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ទៅលើ​មូលហេតុ​ដែល​បង្ក​ឲ្យ​មានការ​បំពុល​ខ្យល់ និង​រៀនសូត្រ​ពី​កិច្ចប្រឹងប្រែង​របស់​ប្រទេស​ដ៏​ទៃ​ក្នុងការ​ទប់ទល់​នឹង​បញ្ហា​បំពុល​ខ្យល់ ក្នុង​គោលដៅ​ដាក់ចេញ​នូវ​គម្រោង​សកម្មភាព​រយៈពេល​វែង​៕
 

Tag:
 របាយការណ៍​
  ថៃ​
  ខ្យល់​បំពុល
© រក្សាសិទ្ធិដោយ thmeythmey.com