ភ្នំពេញ៖ ក្រោយពីគ្មានដំណោះស្រាយលើបញ្ហាខ្លួន លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យ បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍លើសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន ដែលបានលុបឈ្មោះគ្រូបង្រៀនចំនួន១១នាក់ ចេញពីក្របខណ្ឌក្រសួង កាលពីឆ្នាំមុន។
ក្នុងពាក្យបណ្ដឹងរបស់លោក រ៉ុង ឈុន បានស្នើសុំ២ចំណុចទៅតុលាការ រួមមានទី១ សុំឲ្យតុលាការចេញសាលក្រមបដិសេធ ចំពោះការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងអប់រំ និងចុងក្រោយ លោក រ៉ុង ឈុន សុំឲ្យមានការផ្ដល់តួនាទីនៅក្នុងក្របខណ្ឌដើមវិញ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យរូបនេះ ដែលបានយកពាក្យបណ្ដឹងទៅដាក់នៅតុលាការ បាននិយាយថា ការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងអប់រំកន្លងមក គឺមិនត្រឹមត្រូវ ហើយថែមទាំងអនុវត្តផ្ទុយពីលក្ខន្តិកមន្ត្រីរាជការ ក្នុងការបញ្ឈប់រូបលោក និងគ្រូបង្រៀន១០ទៀតផ្សេងទៀត ចេញពីក្របខណ្ឌក្រសួងអប់រំនេះ។
សូមស្ដាប់សំឡេងលោក រ៉ុង ឈុន៖
ដំបូងឡើយលោក រ៉ុង ឈុន ដែលកាលណោះបានលាឈប់ពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមទាំងលោកគ្រូ និងអ្នកគ្រូផ្សេងទៀត ដែលបានឈប់ពីតួនាទីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ,ក្រុមប្រឹក្សាស្រុក-ខណ្ឌ និងក្រុមប្រឹក្សារាជធានី-ខេត្ត ក្រោយពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយកាលថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។ លោក រ៉ុង ឈុន និងគ្រូបង្រៀនទាំង១០នាក់នេះ ក៏បានដាក់ពាក្យសុំបម្រើការងារវិញនៅដើមខែមករា ឆ្នាំ២០១៨។ ប៉ុន្តែពាក្យស្នើសុំបម្រើការងារវិញនេះ ត្រូវបានខាងក្រសួងអប់រំ បដិសេធ ហើយមិនអនុញ្ញាតឲ្យបំពេញការងារវិញ ក្រោមហេតុផលថា លោក រ៉ុង ឈុន និងលោកគ្រូ-អ្នកគ្រូទាំងនោះ ដាក់ពាក្យចូលធ្វើការហួសកាលបរិច្ឆេទកំណត់ ពោលគឺពួកគាត់ត្រូវដាក់ពាក្យយ៉ាងយូរត្រឹមថ្ងៃទី២៧ ធ្នូ ឆ្នាំ២០១៧ប៉ុណ្ណោះ ដោយមិនត្រូវទុករហូតដល់ខែមករាឆ្នាំ២០១៨នោះទេ។
ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួន ណារ៉ុន ដែលបានប្រកាសលុបឈ្មោះលោក រ៉ុង ឈុន ដែលបម្រើការងារនៅក្នុងនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ ចេញពីក្របខណ្ឌ ដោយសំអាងថា លោក រ៉ុង ឈុន អវត្តមានដោយគ្មានច្បាប់អនុញ្ញាត តាំងពីថ្ងៃទី១ រហូតដល់ថ្ងទី៣០ ខែមករា ឆ្នាំ២០១៨មកម្ល៉េះ។
ប៉ុន្តែការលើកឡើងរបស់ក្រសួងអប់រំនេះ ត្រូវបានលោក រ៉ុង ឈុន បដិសេធ ហើយចាត់ទុកជាការលាបព័ណ៌ និងរើសអើងលើរូបលោក ដែលចូលបម្រើការងារជាមួយអតីតគណបក្សប្រឆាំងកន្លងមក។ ត្រង់ចំណុចនេះ ទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យរូបនេះ បានពន្យល់ថា លោកបានដាក់ពាក្យសុំចូលធ្វើការវិញ ដោយភ្ជាប់ជាមួយកាលបរិច្ឆទសុំបំពេញការងារនៅខែដើមកុម្ភៈ ដូច្នេះគ្មានចំណុចអ្វីដែលត្រូវបញ្ឈប់លោក ដោយសារអវត្តមានបំពេញការងារនៅខែមករានោះទេ។ ចំណែកការដាក់ពាក្យសុំបម្រើការងារហួសថ្ងៃកំណត់របស់ក្រសួងអប់រំនោះ គឺដោយសារតែរូបលោក រង់ចាំរដ្ឋសភា ប្រកាសលុបឈ្មោះលោកចេញពីសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅគ្រាដែលលោកបានលាឈប់សិន។
សូមស្ដាប់សំឡេងលោក រ៉ុង ឈុន៖
ដើម្បីរកដំណោះស្រាយលើបញ្ហានេះ លោក រ៉ុង ឈុន ក៏ធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងអប់រំ ឲ្យជួយរកចំណុចរួមមួយ ក្នុងការដោះស្រាយបញ្ហាខ្លួន។ ប៉ុន្តែគ្មានដំណោះស្រាយឡើយ ទើបលោកសម្រេចចិត្តដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយបញ្ហានេះ។ ហើយបើនៅតែគ្មានដំណោះស្រាយទៀត រូបលោកនិងលោកគ្រូ-អ្នកគ្រូ នឹងបន្តដាក់ពាក្យប្ដឹងលើរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន តែម្ដង។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងអប់រំ ដើម្បីឆ្លើយតបជុំវិញការលើកឡើងរបស់លោក រ៉ុង ឈុន បាននៅឡើយទេ។
គួរបញ្ជាក់ថា គ្រូបង្រៀនដែលដាក់ពាក្យបណ្ដឹងសុំចូលបម្រើការងារក្នុងក្របខណ្ឌវិញ រួមមានលោក រ៉ុង ឈុន , លោក លី ឌី, អ្នកស្រី វង រុន្នី, លោក គង់ ស៊ីវង្ស , លោក ជុំ ចាន់, លោក មុត មល្លា , លោក ពៀក ម៉ាប់ , លោក ច័ន្ទ សុភា , លោក ហុង ជា , លោក យិន ឈូករ័ត្ន , លោក ខែម ស៊ីថា ។ អ្នកទាំង១១នាក់នេះ ត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌ កាលពីខែមករា ឆ្នាំ២០១៨កន្លងមក៕