ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ព្រឹទ្ធសភា​ជប៉ុន ប្រាប់​សម្តេច ហ៊ុន សែន ថា «​ជប៉ុន បន្ត​ជួយ​កម្ពុជា​»
16, Jan 2019 , 9:39 pm        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង សមាជិកព្រឹទ្ធសភាជប៉ុន
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង សមាជិកព្រឹទ្ធសភាជប៉ុន
ដោយ: ថ្មីៗ
​លោក Takuji Yanagimoto សមាជិក​ព្រឹទ្ធសភា​ជប៉ុន បានលើកឡើង​នៅ​ចំពោះមុខ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា «​ប្រទេស​ជប៉ុន នឹង​បន្ត​គាំទ្រ​និង​ជួយ​ដល់​កម្ពុជា​បន្ថែមទៀត​»​។ អ្នក​ទាំងពីរ បាន​ជួបគ្នា នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នេះ​។ 


 
​ក្នុងជំនួប​នោះ លោក Takuji Yanagimoto បាន​និយាយថា បច្ចុប្បន្ន អ្នកវិនិយោគ​ជប៉ុន បានមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ លោក បន្តថា ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ ក៏មាន​ទំនាក់ទំនង​កាន់តែ​ល្អ​ផងដែរ​។
 
​លើសពីនេះ សមាជិក​ព្រឹទ្ធសភា​ជប៉ុន​រូបនេះ បាន​សរសើរ​ពី​ការរីកចម្រើន​សេដ្ឋកិច្ចកម្ពុជា​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​ពីស​ម្តី​របស់លោក បែបនេះ​ថា​៖«​ចំពោះ​សេដ្ឋកិច្ចកម្ពុជា ក៏​កំពុង​តែមាន​សន្ទុះ​រីកចម្រើន​យ៉ាង​លឿន ដែល​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ល្អ​របស់​កម្ពុជា​»​។​
 
​សម្តេច ហ៊ុន សែន ឆ្លើយតប​ថា ជប៉ុន បាន​ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​ស្វែងរក​សន្តិ​ភាព​ឲ្យ​កម្ពុជា និង​បាន​បញ្ជូន​កងកម្លាំង​ជា​លើកដំបូង​ជួយ​ដល់​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បន្តថា បន្ទាប់ពី​កម្ពុជា​បោះឆ្នោត​ឆ្នាំ​១៩៩៣ ជប៉ុន នៅតែ​បន្ត​ជួយ​ដល់​កម្ពុជា ជាពិសេស​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការអភិវឌ្ឍ​។ 
 
​លោក Takuji Yanagimoto និង​គណៈប្រតិភូ បានមក​ចូលរួម​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF)​។ កិច្ចប្រជុំ​នេះ ប្រព្រឹត្តទៅ​នៅ​ខេត្តសៀមរាប ក្រោម​ប្រធានបទ «​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព និង​សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ដែលមាន​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​១៤​ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩៕ 
 

Tag:
 ហ៊ុន សែន​
  កម្ពុជា​-​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com