អត្ថបទពាណិជ្ជកម្ម
ZhongAn និង​Grab រួមគ្នា​បង្កើត​ក្រុមហ៊ុន​លក់​ផលិត​ផល​ធានារ៉ាប់រង​បែប​ឌីជីថល​នៅ​តំបន់​អាស៊ីអាគ្នេយ៍​
16, Jan 2019 , 4:04 pm        
រូបភាព
​ក្រុមហ៊ុន ZhongAn Technologies International Group Limited (ZA International) និង​ក្រុមហ៊ុន Grab Holdings Inc (Grab) ដែលជា​កម្មវិធី​ផ្ដល់​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ ទៅ​សេវាកម្ម​ដោយផ្ទាល់ (O2O) ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​នឹង​បង្កើត​ក្រុមហ៊ុន​វិនិយោគ​រួមមួយ ដើម្បី​ធ្វើ​អាជីវកម្ម​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​បែប​ឌីជីថល នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ដំណឹង​នេះ ត្រូវ​បានប្រកាស​នៅថ្ងៃនេះ ដោយ ក្រុមហ៊ុន ZhongAn Online P&C Insurance (ZA Insurance) ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង ផ្ដល់​សេវា​តាម​អ៊ីនធឺណិត​ដំបូង​គេ​នៅក្នុង​ប្រទេស​ចិន ដែលជា​ក្រុមហ៊ុនមេ របស់​ក្រុមហ៊ុន ZA International ។​
 
​ការវិនិយោគ​រួម​នេះ នឹង​បង្កើតជា​ផ្សារ​ធានារ៉ាប់រង​បែប​ឌីជីថល ដែលមាន​លក់​ផលិតផល​ធានារ៉ាប់រង​ដោយផ្ទាល់ ក្នុង​ប្រភេទ​ផ្សេងៗ​ជាច្រើន តាមរយៈ​កម្មវិធី​ចល័ត​របស់ Grab​។ ក្រុមហ៊ុន​វិនិយោគ​រួម​នេះ នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុង​ពិភពលោក ដើម្បី​អភិវឌ្ឍ​ផលិតផល ដែល​ត្រូវបាន​បង្កើតឡើង​ជាពិសេស ឲ្យ​ស្រប​តាប​តម្រូវការ នៃ​ការរស់នៅ​របស់​ប្រជាជន​អាស៊ីអាគ្នេយ៍​។ 
 
​នៅក្នុង​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង ក្រុមហ៊ុន ZA International ដែលជា​ក្រុមហ៊ុន​បង្កើតឡើង​ដោយ ZA Insurance សម្រាប់​ការអភិវឌ្ឍន៍​អាជីវកម្ម​ក្រៅប្រទេស នឹង​នាំយក​ធនធាន​បច្ចេកទេស ដើម្បី​បង្កើត​កម្មវិធី​ចែកចាយ​ផលិតផល​ធានារ៉ាប់រង និង​ចំណេះដឹង​ផ្នែក​ប្រព័ន្ធ​អ៊ីនធឺណិត មក​ដំណើរការ​ក្រុមហ៊ុន​វិនិយោគ​រួម​នេះ​។ 
 
Grab នឹងដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ធានារ៉ាប់រង​បែប​ឌីជីថល​នេះ នៅក្នុង​កម្មវិធី​ចល័ត​របស់ខ្លួន ហើយ​ប្រើប្រាស់​មូលដ្ឋាន​អ្នកប្រើប្រាស់​ដ៏​ច្រើន​របស់ខ្លួន ក៏ដូចជា​ការយល់ដឹង​របស់ខ្លួន​ផ្នែក​អតិថិជន ដើម្បី​ផ្ដល់នូវ​ផលិតផល​ធានារ៉ាប់រង តាម​តម្រូវការ​សម្រាប់​អ្នកប្រើប្រាស់​រាប់លាន​នាក់​។ 
 
​កម្មវិធី​ឌីជីថល​នេះ នឹងដាក់​ឲ្យ​ដំណើរការ​ក្នុងប្រទេស​សិង្ហ​បុរី នៅ​ឆមាស​ទីមួយ នៃ​ឆ្នាំ​២០១៩​នេះ មុន​ត្រូវដាក់​ឲ្យ​ដំណើរការ​នៅតាម​ប្រទេស​ផ្សេងទៀត​។ កម្មវិធី​នេះ​នឹង​ផ្ដល់​លទ្ធភាព​ដល់​ប្រជាជន ដែល​មិន​ប្រើ​សេវា​ធានារ៉ាប់រង ឬ​ប្រជាជន​ដែល​ទទួលបាន​សេវា​ធានារ៉ាប់រង​មិន​គ្រប់គ្រាន់ ឲ្យ​ពួកគាត់​អាច​ទទួលបាន​នូវ​ផលិតផល​ធានារ៉ាប់រង ដោយ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​។ ធ្វើ​ដូច្នេះ​វា​នឹង​អនុញ្ញាត​ឲ្យ​ពួកគាត់​អាច​ស្វែងរក និង​ទូទាត់​ដោយផ្ទាល់​លើ​ផលិតផល​ធានារ៉ាប់រង ក្នុងតម្លៃ​សមរម្យ តាមរយៈ​កម្មវិធី Grab ដោយ​ពុំ​ចាំបាច់​ត្រូវ​ឆ្លងកាត់​ភ្នាក់ងារ ឬ​ឈ្មួញកណ្ដាល​ឡើយ​។​
 
​ការវិនិយោគ​រួមគ្នា​របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដូចជា​ការស្វែងរក​សេវា​ធានារ៉ាប់រង បុព្វលាភ​រ៉ាប់រង​ដែល​ថ្លៃ និង​ជម្រើស​ក្នុងការ​ទូទាត់ ពីព្រោះ​វា​អនុញ្ញាត​ឲ្យ​ការទូទាត់​ប្រាក់​បុព្វលាភ​រ៉ាប់រង​អាច​កំណត់ និង​កាត់ចេញ​ដោយ​ស្វ័យប្រវត្តិ តាមរយៈ កម្មវិធី GrabPay ឬ​ដៃគូ​ផ្សេងទៀត​របស់ខ្លួន​ដែល​ផ្ដល់​សេវា​ទូទាត់​បែបនេះ​។ ជាដំបូង Grab ជាមួយនឹង​ក្រុមហ៊ុន Chubb នឹង​ផ្ដល់ជូន​នូវ​ផលិតផល​ធានារ៉ាប់រង សម្រាប់​អ្នកបើកបរ​ដៃគូ​របស់ខ្លួន ក្នុងប្រទេស​សិង្ហ​បុរី ដើម្បី​ជួយ​ការពារ​ពួកគេ ពី​ការខាតបង់​ប្រាក់ចំណូល​ដោយសារតែ​ជំងឺ ឬ គ្រោះថ្នាក់​។ 
 
​កាលពី​ឆ្នាំមុន Grab បាន​ពង្រីក​វិសាលភាព​របស់ខ្លួន លើសពី​អាជីវកម្ម​ស្នូល​ផ្នែក​ដឹកជញ្ជូន ដើម្បី​ក្លាយជា​កំពូល​កម្មវិធី​នៅក្នុង​តំបន់ ហើយ​ផ្ដល់​ដល់​អ្នកប្រើប្រាស់​នូវ​សេវា​នានា​ដូចជា សេវា​ដឹកជញ្ជូន​ម្ហូបអាហារ ដឹកជញ្ជូន​កញ្ចប់​ទំនិញ ដឹកជញ្ជូន​គ្រឿងទេស សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​ច្រើន​ទៀត​។ នៅ​ឆ្នាំនេះ Grab នឹង​ពង្រីក​ទៅរក​សេវា​ផ្ញើ​ប្រាក់​អន្តរជាតិ និង​សេវា​ថែទាំ​សុខភាព​តាម​អន​ឡាញ​។ 
 
​លោក Ming Maa ប្រធាន​ក្រុមហ៊ុន Grab មានប្រសាសន៍ថា ការដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​ផ្ដល់​សេវា​ធានារ៉ាប់រង គឺជា​ផ្នែក​មួយ​នៃ​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ក្នុងការ​ក្លាយជា​កំពូល​កម្មវិធី​ឈានមុខ​គេ សម្រាប់​បម្រើ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ នៅក្នុង​តំបន់​។ លោក Ming Maa ប្រធាន​ក្រុមហ៊ុន Grab បញ្ជាក់ទៀតថា​៖ «​ការទាញយក​ទៅប្រើ​ប្រាស់​ជាង ១៣០​លាន​ដង នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​មាន​វត្តមាន​នៅក្នុង​ទីក្រុង​ចំនួន ៣៣៦​ទីក្រុង ធ្វើ​ឲ្យ​យើង​យល់ដឹង​ស៊ីជម្រៅ​អំពី​ឥរិយាបថ​របស់​អ្នកប្រើប្រាស់ និង​តម្រូវការ​របស់​ពួកគេ ហើយ​វា​ផ្ដល់​លទ្ធភាព​ឲ្យ​យើង អាច​ផ្ដល់នូវ​ផលិតផល​ធានារ៉ាប់រង ដែល​ជួយ​បង្កើត​គុណ​តម្លៃ​សម្រាប់​អតិថិជន​របស់​យើង​»​។​
 
​លោក Wayne Xu អនុប្រធាន​ក្រុមហ៊ុន ZhongAn ទទួលបន្ទុក​អាជីវកម្ម​អន្តរជាតិ បាន​ថ្លែង​ឲ្យ​ដឹងថា ក្នុង​រយៈកាល​ប្រាំ​ឆ្នាំ​មកនេះ ក្រុមហ៊ុន ZA Insurance បានទទួល​បទពិសោធ​ន៍​យ៉ាងច្រើន ក្នុង​ការផ្ដល់សេវា​ការពារ​ហានិភ័យ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ដល់​អតិថិជន​ជាម​នុស្ស​ជំនាន់​ថ្មី​។ ក្រុមហ៊ុន ZA Insurance បាន​ចាប់ដៃ​ជាមួយ​ដៃគូ​ផ្នែក​អ៊ីនធឺណិត​បែបនេះ​ជាង ៣០០​ក្រុមហ៊ុន ហើយ​បាន​នាំចេញ​នូវ​សេវាកម្ម​បច្ចេកវិទ្យា​របស់ខ្លួន ជាមួយ​គោលបំណង​កសាង​ប្រព័ន្ធ​សេវា​ធានារ៉ាប់រង ដែលមាន​ក្រុមហ៊ុន ZhongAn ជា​ស្នូល​។  លោក Wayne Xu បញ្ជាក់ទៀតថា​៖«​យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​ប្រកាស​ពី​ភាពជា​ដៃគូ​ស៊ីជម្រៅ​នេះ ជាមួយ​ក្រុមហ៊ុន Grab ដែលជា​ក្រុមហ៊ុន​យក្ស ផ្នែក​អ៊ីនធឺណិត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ យើង​មាន​ជំនឿ​ចិត្ត​ថា យើង​អាចបំពេញ​តម្រូវការ​ផ្នែក​ធានារ៉ាប់រង ដល់​អតិថិជន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន តាមរយៈ​ក្រុមហ៊ុន Grab និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ឈានមុខ​គេ​ផ្សេងទៀត​»​។ 
 
​លោក Reuben Lai នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់ Grab Financial បាន​ថ្លែង​បញ្ជាក់​ពី​បេស​សកម្ម​របស់ Grap គឺ​ការនាំយក​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​សំខាន់ និង​មានតម្លៃ​សមរម្យ មក​ទីផ្សារ​អាស៊ីអាគ្នេយ៍​។ តាមរយៈ​ភាពជា​ដៃគូ​នេះ  នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់ Grab Financial រូបនេះ សង្ឃឹមថា នឹង​ផ្ដល់​ដល់​អ្នកប្រើប្រាស់​ដៃគូ​អ្នកបើកបរ និង​ពាណិជ្ជករ​របស់ខ្លួន នូវ​សេវា​ធានារ៉ាប់រង​ដែលមាន​តម្លៃ​សមរម្យ សម្រាប់​ការពារ​ពួកគេ ពី​ភាពមិនប្រាកដប្រជា​ក្នុង​ជីវិត​រស់នៅ​។ លោក Reuben Lai បន្ថែមទៀតថា​៖«​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ឌីជីថល​តែមួយគត់ ដែល មាន​អាជ្ញាប័ណ្ណ ធ្វើ​ប្រតិបត្តិការ​នៅក្នុង​បណ្ដា​ប្រទេស​ធំៗ​ទាំង​៦ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ យើង​នឹង​ប្រើប្រាស់​វិសាលភាព​គ្របដណ្ដប់​ថ្នាក់​តំបន់​របស់​យើង និង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ផ្នែក​សេវា​ធានារ៉ាប់រង​លំដាប់​ពិភពលោក ដើម្បី​ពង្រីក​វិសាលភាព​របស់​យើង នៅក្នុង​ទីផ្សារ​ឲ្យ​បាន​លឿន​»​។ 
 
​ការវិនិយោគ​រួមគ្នា​ជាមួយនឹង Grab គឺជា​ការបោះ​ជំហាន​ទៅក្នុង​ទីផ្សារ​អាស៊ី អាគ្នេយ៍ របស់​ក្រុមហ៊ុន ZA International ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អាជីវកម្ម​ក្រៅប្រទេស សម្រាប់​ក្រុមហ៊ុន ZA Online ដែល​បាន​បង្កើតឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ ២០១៧​។ លោក Bill Song ប្រធាន​ប្រតិបត្តិការ​របស់ ZA International បាន​ថ្លែងថា​ចាប់តាំងពី​ការបង្កើត​ក្រុមហ៊ុន​នេះ​ឡើង ZA International បាន​ផ្ដោតលើ​ការកសាង​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា និង​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​អាជីវកម្ម​ក្រៅប្រទេស​។ «​ទៅ​ថ្ងៃ​ខាងមុខ យើង​សង្ឃឹមថា ទីផ្សារ​អាស៊ី នឹង​ដើរតួ​ជា​មូលដ្ឋានគ្រឹះ សម្រាប់​ការពង្រីក​អាជីវកម្ម​របស់​យើង​ទូទាំង​សកលលោក ជាមួយនឹង​បេសកកម្ម​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​តាម​របត់​ថ្មី ក្នុង​ពិភពលោក ដែលមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ចាក់​ស្រែះ​នេះ​»​។ នេះ​ជា​បញ្ជាក់​របស់លោក លោក Reuben Lai៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com