ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​ឥណ្ឌូណេស៊ីពង្រឹង​ពាណិជ្ជកម្ម ទេសចរណ៍ និង​ការហោះ​ហើរត្រង់ ជាមួយ​កម្ពុជា​
17, Jan 2019 , 8:59 am        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង អនុប្រធានាធិបតីឥណ្ឌូណេស៊ី
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង អនុប្រធានាធិបតីឥណ្ឌូណេស៊ី
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​ពង្រឹង​ទំហំ​ពាណិជ្ជកម្ម និង​ប្រឹងប្រែង​ជំរុញ​ទេសចរណ៍​រវាង​កម្ពុជា​និង​ឥណ្ឌូណេស៊ី​។ ការស្នើ​របស់​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា គឺធ្វើឡើង​ក្នុងជំនួប​ជាមួយ​លោក  លោក Jusuf Kalla អនុ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​នេះ​។


 
​ប្រមុខ​រដ្ឋា​ភិ​កម្ពុជា ក៏​ស្នើ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ រវាង​កម្ពុជា ​និង​ឥណ្ឌូណេស៊ី​ផងដែរ​។ ទំព័រ​ហ្វេ​ស​ប៊​ក​របស់​សម្តេច ហ៊ុន សែន បាន​សរសេរ​ពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​យ៉ាង​ដូច្នេះ​ថា​៖«​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់​មួយចំនួន រួមទាំង​សន្តិភាព ដែល​កម្ពុជា​និង​ឥណ្ឌូណេស៊ី​អាច​ចូលរួម​ជួយ​បាន ព្រោះ​ប្រទេស​ទាំងពីរ ក៏​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម​និង​បញ្ហា​ជាច្រើន ដែល​អាច​យក​បទពិសោធ​ទាំងនោះ​ទៅ​ជួយ​ប្រទេស ដែល​កំពុងមាន​បញ្ហា​ទាំងនោះ​»​។  
 
​លោក Jusuf បាន​ដឹក​គណៈប្រតិភូ មកកាន់​កម្ពុជា គឺ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ( APPF) និង​អបអរសាទរ​ក្នុងការ​ប្រកាស​ជា​ផ្លូវការ​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC)​។ ក្នុងជំនួប​ជាមួយ​សម្តេច ហ៊ុន សែន លោក Jusuf បាន​លើកឡើងថា បេសកកម្ម​របស់លោក​នាពេលនេះ ក៏​ដើម្បី​សិក្សា​ឈ្វេងយល់ និង​ពង្រឹង​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ល្អ​រវាង​ប្រទេស​ទាំងពីរ​ដែរ​។ 
 
​បើតាម​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​ដដែល លោក Jusuf បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នេះ ជា​សកម្មភាព​មួយ ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម​ធ្វើយ៉ាងណា​រក្សា​និង​ពង្រឹង​ទំនាក់ទំនង ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​នៅក្នុង​ខួប​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនង​ការទូត​៦០​ឆ្នាំ រវាង​ប្រទេស​កម្ពុជា​និង​ឥណ្ឌូណេស៊ី​»​។ 
 
​សម្ដេច ហ៊ុន សែន ឆ្លើង​តប​ថា ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​ល្អជា​យូរ​ឆ្នាំ​មកហើយ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា រម្លឹក​ដូច្នេះ​ថា​៖«​កន្លងមក ឥណ្ឌូណេស៊ី បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ស្វែងរក​សន្តិភាព​ឲ្យ​កម្ពុជា ដែល​ពេលនោះ​ឥណ្ឌូណេស៊ី បាន​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១​និង​ទី​២  និង​បាន​ធ្វើជា​សហប្រធាន នៃ​សន្និសីទ​ក្រុងប៉ារីស​ផងដែរ​»៕
 

Tag:
 ​ហ៊ុន សែន​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com