អន្តរជាតិ
កុំយកគំរូតាម! យុវជនឥណ្ឌាម្នាក់ប្រារព្ធខួបកំណើតដោយយកកាំភ្លើងបាញ់នំខេករបស់ខ្លួន
× វីដេអូមួយរបស់យុវជនម្នាក់ ដែលបាញ់នំខួបកំណើតរបស់ខ្លួន កំពុងល្បីល្បាញពេញបណ្តាញសង្គមនៅឥណ្ឌា។ ក្នុងវីដេអូ ជំនួសដោយការយកកាំបិតកាត់នំ យុវជនម្ចាស់ខួប បែរជាយកកាំភ្លើងបាញ់លើនំ ដើម្បីឲ្យមានលក្ខណៈខុសប្លែកៗទៅវិញ។
មិនមានប្រភពណាមួយអះអាងពីអត្តសញ្ញាណយុវជនម្ចាស់ខួបនោះឡើយ ប៉ុន្តែគេសន្និដ្ឋានថា សកម្មភាពនេះ កើតឡើងនៅក្រុង Meerut រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ ក្នុងវីដេអូ គេឃើញមានយុវជន៣នាក់ រួមទាំងអ្នកថត បាននាំគ្នាឈរប្រារព្ធខួបកំណើតនៅក្បែររថយន្តមួយគ្រឿង ហើយនំខួបកំណើតត្រូវបានដាក់លើខឿននៃផ្លូវមួយ។
ដើម្បីឲ្យខុសប្លែកពីគេ យុវជនម្ចាស់ខួប បានធ្វើរឿងដ៏ឆ្កួតលីលា ដោយយកកាំភ្លើងបាញ់ទៅលើនំ ហើយមិត្តភក្តិរបស់គេ បីនាក់ផ្សេងទៀត នាំគ្នាស្រែកអបអរដោយរំភើបរីករាយ។
ក្រោយចែករំលែកវីដេអូពេញបណ្តាញសង្គម TikTok សមត្ថកិច្ចបានបើកការស៊ើបអង្កេតដើម្បីដាក់ចំណាត់ការលើក្រុមក្មេងៗទាំងនោះ ព្រោះសកម្មភាពនេះ ជាគំរូមិនល្អមួយក្នុងសង្គមឥណ្ឌា៕
© រក្សាសិទ្ធិដោយ thmeythmey.com