កីឡាជាតិ
ជាតិ
អ៊ិន សូដាវីដ៖ ការបោះជុំរុំហ្វឹកហាត់នៅថៃ ជាបទពិសោធដ៏ល្អសម្រាប់ត្រៀមរដូវកាលថ្មី រូបភាពពីហ្វេសប៊ុកក្លិបបាល់ទាត់វិសាខា
× កីឡាករ អ៊ិន សូដាវីដ ដែលកំពុងស្ថិតនៅលើទឹកដីថៃដែលជាកន្លែងបោះជុំរុំហ្វឹកហាត់របស់ក្រុមវិសាខា បានចាត់ទុកការបោះជុំរុំនេះថា វាជាការពង្រឹងខ្លួនដ៏ល្អសម្រាប់ត្រៀមប្រជែងដណ្តើមជើងឯកក្នុងរដូវកាលថ្មី។ ក្នុងអំឡុងពេលបោះជុំរុំហ្វឹកហាត់ចំនួន១០ថ្ងៃមកនេះ វិសាខាបានប្រកួតមិត្តភាពជាបន្តបន្ទាប់ និងមិនទាន់ស្គាល់បរាជ័យនោះទេ។
កីឡាករ អ៊ិន សូដាវីដ ដែលទើបផ្ទេរពីក្លិបភ្នំពេញក្រោនទៅកាន់ក្លិបវិសាខា បានចាត់ទុកការបោះជុំរុំហ្វឹកហាត់នៅថៃ ថាជាបទពិសោធ និងជាការពង្រឹងសមត្ថភាពដ៏ល្អ សម្រាប់ត្រៀមប្រជែងដណ្តើមជើងឯកក្នុងពានរង្វាន់សម្តេច ហ៊ុន សែន និងលីកកំពូលក្នុងរដូវកាលឆ្នាំ២០១៩។ ព្រោះការបោះជុំរុំនេះ ជួយឲ្យវិសាខាដឹងពីចំណុចខ្លាំង និងចំណុចខ្វះខាតដែលត្រូវកែតម្រូវដើម្បីរៀបចំក្រុមកាន់តែប្រសើរ។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅប្រទេសថៃខ្សែបម្រើវ័យក្មេងរូបនេះរៀបរាប់ដូច្នេះថា៖«សម្រាប់ខ្ញុំការបោះជុំរុំមួយរយៈកន្លងមកនេះ គឺបទពិសោធមួយដ៏សម្រាប់ក្រុមយើង ព្រោះវាមានទាំងចំណុចល្អ និងចំណុចមិនល្អ ដែលត្រូវកែតម្រូវនៅប្រទេសយើងបន្ថែម។ តាមរយៈការប្រកួតមិត្តភាពជាមួយក្រុមមកពីម៉ាឡេស៊ី និងក្រុមនៅប្រទេសថៃមួយចំនួន គឺជាបទពិសោធដ៏ល្អក្នុងការប្រជែងក្នុងលីកកំពូល។ ខ្ញុំសង្ឃឹមថា ក្រុមយើងនឹងធ្វើបានល្អនៅលីកឆ្នាំនេះ»។
ក្រោយចូលរួមជាមួយវិសាខាបានមួយរយៈ អ៊ិន សូដាវីដ មានការយល់ចិត្តគ្នាជាមួយមិត្តរួមក្រុម និងលេងស៊ីសង្វាក់បានល្អច្រើន។ ប៉ុន្តែ ដាវីដ អះអាងថា នៅក្នុងក្រុមវិសាខាមានការប្រកួតប្រជែងខ្លាំង ដ្បិតកីឡាករភាគច្រើនមានសមត្ថភាព និងបច្ចេកទេសខ្ពស់ទាំងកីឡាករជំនាន់មុន និងជំនាន់ក្រោយ។
គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្លិបវិសាខាបានចំណាយពេល១០ថ្ងៃហើយ ដើម្បីបោះជុំរុំហ្វឹកហាត់នៅប្រទេសថៃ។ ក្នុងអំឡុងពេលបោះជុំរុំនេះ វិសាខាបានប្រកួតមិត្តភាពអន្តរជាតិចំនួន៤លើក ដោយលទ្ធផលឈ្នះ៣ និងស្មើ១លើក។ ក្នុងនោះបានយកឈ្នះអតីតក្រុមរបស់កីឡាករ ចាន់ វឌ្ឍនាកា Pahang FA ៣-១, ឈ្នះក្រុម RSU FC ៥-០ និងឈ្នះ MOF Customs United ១-០ មួយដង និងស្មើ ១-១ មួយដង៕
Tag:
វិសាខា
អ៊ិន សូដាវីដ
Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com