ជាតិ
២៥ខេត្ត/រាជធានី
ជាប់​បាក់​ឌុប​បាន​និទ្ទេស​“C” ! សំណាង មិន​រៀន​បន្ត តែម​ករ​ត់ PassApp នៅ​ភ្នំពេញ​
17, Jan 2019 , 11:48 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយ​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៨ ទទួលបាន​និទ្ទេស​“C” យុវជន កែវ សំណាង បាន​បដិសេធ​បំណង​ធំ​ពី​ឪពុកម្តាយ និង​សាច់ញាតិ ដែល​ចង់​ឲ្យ សំណាង ផ្តើម​ជីវិត​ជា​និស្សិត​មហាវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ លើ​មុខជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ​។ យុវជន​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ រូបនេះ បាន​ពន្យល់​ពី​មូលហេតុ ដែល​ខ្លួន​មិន​ចង់​បន្ត​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ដោយ​ងាក​ចាប់​របរ​រត់ PassApp នៅ​ភ្នំពេញ​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រឡង​ជាប់​ថ្នាក់​ទី​១២ ខ្ញុំ​ឈប់រៀន ហើយ​មក​ភ្នំពេញ​ជួល PassApp គេ​រត់ ដើម្បី​រកប្រាក់​បើកហាង​កាហ្វេ និង​ភោជនីយដ្ឋាន​មួយ​នៅ​ភ្នំពេញ​។ ម្យ៉ាងទៀត ខ្ញុំ​មិន​ចង់​នៅ​ប្រកបមុខរបរ​ចិញ្ចឹម​ត្រី​នៅក្នុង​បឹង​ទន្លេសាប​ដែល​នៅជាប់​នឹង​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ទេ ព្រោះ​ប្រឈម​នឹង​គ្រោះថ្នាក់​ណាស់ ពេល​មាន​ព្យុះ និង​ភ្លៀង​ខ្លាំង​ម្តងៗ​។​

 
​យុវជន​វ័យ​២០​ឆ្នាំ កែវ សំណាង បាន​វេច​បង្វេចខោអាវ​ពី​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ មក​រស់​នៅផ្ទះ​ម្តាយមីង​នា​ក្រុងភ្នំពេញ​។ សំណាង បាន​ចិញ្ចឹមចិត្ត​តាំងពី​នៅ​ស្រុកកំណើត​ដោយ​មិន​រេ​គំនិត​ទេ​ថា នឹង​ជួល PassApp គេ​នៅ​ភ្នំពេញ ដើម្បី​រត់​រកប្រាក់​សម្រាប់​បើកហាង​កាហ្វេ និង​ភោជនីយដ្ឋាន​មួយកន្លែង ដែលជា​ក្តី​ស្រមៃ​របស់ខ្លួន​តាំងពី​កុមារភាព​មកម្ល៉េះ​។​
 
​តើ​ហេតុអ្វី​បានជា សំណាង នឹកឃើញ​ជួល PassApp មក​រត់​នៅ​ភ្នំពេញ​បែបនេះ​? សំណាង បាន​ឆ្លើយ​នឹង​សំណួរ​អ្នកសារព័ត៌មាន​ថ្មីៗ ដែល​កំពុង​សម្ភាស​នៅពេល​ធ្វើដំណើរ​តាម  PassApp ពី​ម្តុំ​សាលា​ព្រែកលាប​កសិកម្ម ឆ្ពោះទៅ​ការិយាល័យ​នៃ​សារព័ត៌មាន​ថ្មីៗ​នៅ​ម្តុំ​ផ្សារ​បឹងត្របែក​ថា​៖ «​ខ្ញុំ​បន់​ឲ្យ​តែ​ចប់​ថ្នាក់​ទី​១២, ខ្ញុំ​មិន​ចង់​រៀន​ទៀត​ទេ​។ ខ្ញុំ​ស្រឡាញ់​ផ្នែក​ចុង​កាហ្វេ ប៉ុន្តែ អត់​មាន​ដើមទុន​។ ពេល​ហ្នឹង ពូ​ខ្ញុំ គាត់​រត់ PassApp នៅ​ភ្នំពេ​ញ រកប្រាក់​បាន​ច្រើន​ដែរ គាត់​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​មករ​ត់ PassApp ជាមួយ​គាត់​។ មុខរបរ​នេះ​អត់​ចំណាយ​ដើមទុន​ទេ ខ្ញុំ​ជួល​គេ​ទាល់តែ​ចុងខែ​បាន​ខ្ញុំ​យកលុយ​ទៅ​ឲ្យ​គេ​»​។ សំណាង បាន​ផ្តើម​ជីវិត​ជា​អ្នករត់ PassApp នៅ​ភ្នំពេញ​បាន​ជាង​៧​ខែ​ហើយ​។ 


 
​បច្ចុប្បន្ន យុវជន​មាឌ​ស្តើង​ខ្ពស់​រូបនេះ កំពុង​មមាញឹក​នឹង​បេសកកម្ម​ស្វែងរក​ប្រាក់​តាមរយៈ​ជួល PassApp គេ​នៅ​ភ្នំពេញ​ក្នុងតម្លៃ​មួយថ្ងៃ ២​ម៉ឺន​រៀល​។ «​ចាប់ពី​ម៉ោង​៥​ព្រឹក រហូតដល់​ម៉ោង​៩​យប់ បើ​ថ្ងៃ​សៅរ៍ ខ្ញុំ​នៅ​ដឹក​ភ្ញៀវ​រហូតដល់​ម៉ោង​២​យប់ ព្រោះ​យប់​ថ្ងៃ​សៅរ៍ គេ​ដើរលេង​ដល់​យប់​ជ្រៅ​»​។ យុវជន​វ័យ​២០​ឆ្នាំ កែវ សំណាង បានបញ្ជាក់​យ៉ាង​ដូច្នេះ​។ ក្រោយ​កាត់កង​ថ្លៃ​ជួល​, ចាក់​ហ្គាស និង​ប្តូរ​ប្រេងម៉ាស៊ីន មុខរបរ​នេះ​អនុញ្ញាត​ឲ្យ សំណាង ចំណេញ​ប្រា​ក់បាន ១៥០​ដុល្លារ ទៅ​២០០​ដុល្លារ​ក្នុង​មួយខែ​។​
 
​ជីវិត​ជា​អ្នករត់ PassApp មកពី​ខេត្តពោធិ៍សាត់ រូបនេះ បាន​ចំណាយពេល​យ៉ាងតិច ១៦​ម៉ោង​ក្នុង​មួយថ្ងៃ ដើម្បី​រត់ PassApp ។ «​ថ្ងៃ​ខ្លះ​រត់ PassApp ហត់​អស់កម្លាំង​ពេក ក៏​រក​កន្លែង​ចត​ក្រោម​ដើមឈើ​នៅតាម​ដងផ្លូវ​សម្រាក​យក​កម្លាំង ហើយ​បាន​រត់​បន្តទៀត​»​។ អ្នករត់ PassApp វ័យក្មេង​រូបនេះ បញ្ជាក់​ពីមុខ​របរ​ប្រចាំថ្ងៃ​របស់ខ្លួន​យ៉ាង​ដូច្នេះ​។ ហត់​កាយ​ពិតមែន តែ សំណាង តែង​សប្បាយចិត្ត និង​មានសង្ឃឹម​ជានិច្ច​នៅពេលដែល​ស្រមៃ​ដល់​ជំនួញ​នៅក្នុង​ក្តី​សុបិន​របស់ខ្លួន​ម្តងៗ​។ 
 
​ក្រៅពី​ប្រភព​ទុន​ដែល​កំពុង​រក​សព្វថ្ងៃ ការ​ស្តាប់​ប្រវត្តិ​អ្នកជំនួញ និង​ខ្សែជីវិត​របស់​មហាសេដ្ឋី​នៅលើ​ពិភពលោក​ដែល​ពួកគាត់​និយាយ​ពី​ជំនួញ និង​ជីវិត​តស៊ូ គឺជា​ដើមទុន​មួយផ្នែក​សម្រាប់ សំណាង​។ មានគំនិត និង​ស្រឡាញ់​ការរកស៊ី​ជាង​ធ្វើការ​ងារ​ឲ្យ​គេ ណាមួយ​ឪពុកម្តាយ មិន​ហាមឃាត់ គ្រាន់តែ​ពួកគាត់​បារម្ភ គឺជា​ដើមទុន​មួយផ្នែក​ទៀត ដែល​ជំរុញ​ឆន្ទៈ​យុវជន​វ័យ​២០​ឆ្នាំ​មកពី​ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ រូបនេះ ឲ្យ​មានឱកាស និង​លទ្ធភាព​បើកហាង​កាហ្វេ​បាន​ដោយ​ជោគជ័យ ហើយ​នឹងមាន​គម្រោង​បើក​ភោជនីយដ្ឋាន​មួយកន្លែង​ផងដែរ បន្ទាប់ពី​ការបើក​ហាង​កាហ្វេ​នោះ ទទួលបាន​ផ្លែផ្កា​ពិតប្រាកដ​។​
 
​បើទោះជា មានមិត្តភក្តិ បងប្អូន​របស់​សំណាង​មួយចំនួន មក​បន្ត​ការសិក្សា​នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ក៏សំណាងមិនមាន​អារម្មណ៍​តូចចិត្ត និង​ខ្មាសអៀន​ពួកគេ​ឡើយ ដោយ​សំណាង​ពោល​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះបីជា​យ៉ាងណា​ក៏​ខ្ញុំ​មិនមាន​អារម្មណ៍​ខ្មាស​ពួកគាត់​ទេ នេះ​ជា​ជំ​ហ៊ាន​ដំបូង​ដែល​ខ្ញុំ​ចេញ​រកស៊ី​»​។ ផ្ទុយទៅវិញ កាន់តែ​ធ្វើ​ឲ្យ​សំណាង​មាន​ឆន្ទៈ​បន្ថែម ដើម្បី​បង្ហាញ​ពី​ការតស៊ូ និង​ភាពជោគជ័យ​នៅ​ថ្ងៃ​អនាគត​ដល់​ពួកគេ​វិញ​។​
 
​សំណាង ពិបាក​នឹង​ឆ្លើយ​ណាស់​ថា អាច​នឹងត្រូវ​បើកហាង​កាហ្វេ​បាន​នៅពេលណា ពោលគឺ​អាស្រ័យទៅលើ​ថា តើ​សំណាង​អាច​រកប្រាក់​បាន​គ្រប់​ទៅតាម​ទំហំ​នៃ​អាជីវកម្ម​របស់ខ្លួន នៅពេលណា​? ប៉ុន្តែ សំណាង បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បើកហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ធម្មតា អត់​ហ៊ាន​ប្រាថ្នា​បើក​ធំ​ទេ ព្រោះ​ខ្លាច​អត់​មាន​ដើមទុន​គ្រប់​។ ទាល់តែ​ខ្ញុំ​បើ​ហាង​កាហ្វេ​បាន​ជោគជ័យ បាន​ខ្ញុំ​គិត​បើក​ភោជនីយដ្ឋាន​តាម​ក្រោយ​»​។​
 
​ប្រសិនបើ ជំនួញ​នេះ​ជោគជ័យ​តាម​ក្តី​ប្រាថ្នា និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​យុវជន​វ័យ​២០​ឆ្នាំ កែវ សំណាង ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​កាលពី​ឆ្នាំ​២០១៨ ដោយ​ទទួលបាន​និទ្ទេស​“C” ពិតប្រាកដ​មែន នោះ​ជោគវាសនា​របស់ សំណាង នឹងមិន​ផ្ញើ​នៅលើ​ទូក​នេសាទ ដែលជួនកាល​ជួប​ព្យុះ ជួប​ភ្លៀង​ខ្លាំងៗ ដូច​ឪពុកម្តាយ​របស់ខ្លួន​ដែល​ធ្លាប់​ជួប​គ្រោះ​លិច​ទូក​នៅក្នុង​ទន្លេ ប៉ុន្តែ មិន​ដល់​ថ្នាក់​បាត់បង់​ជីវិត​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com