កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជួយ Juventus លើក​ពាន Super Cup នៅ​ទឹកដី​អារ៉ាប់​ដែល​បិទ​សិទ្ធិ​ស្ត្រី​ចូល​កីឡដ្ឋាន
17, Jan 2019 , 2:02 pm        
រូបភាព
Cristiano Ronaldo បាន​ក្លាយជា​វីរបុរស​របស់ Juventus ដោយ​ជួយ​ក្រុម​យកឈ្នះ AC Milan ១-០ ដើម្បី​លើក​ពាន Super Cup ជា​លើក​ទី​៨ និង​ជា​ពាន​ដំបូង​ដែល​ពួកគេ​ទទួលបាន​ប្រចាំ​រដូវ​កាល​នេះ​ផងដែរ​។​


 
​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន King Abdullah Sports City ក្នុង​ទីក្រុង Jeddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​រាត្រី​ថ្ងៃទី​១៦ ខែមករា ខ្សែប្រយុទ្ធ​ឆ្នើម Ronaldo ជា​អ្នករក​គ្រាប់​បាល​ជ័យជម្នះ​ឲ្យ​ក្រុម​រហស្សនាម​សេះបង្កង់​ដោយ​ប្រើ​ក្បាល​តែ​ត​បញ្ចូល​ទី ដែល​រួមចំណែក​ប​ញ្ចូ​ន​បាល់ (Assist) ដ៏​ល្អ​ពី​ខ្សែបម្រើ Miralem Pjanic​។​


 
​មួយ​គ្រាប់​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៣​ឆ្នាំនេះ បាន​នាំ​ឲ្យ Juventus លើក​ពាន Super Cup លើក​ទី​៨ និង​ជាការ​បំបែក​កំណត់ត្រា​ក្នុងនាម​ក្លិប​ដែល​ឈ្នះ​ពាន​នេះ​ច្រើនជាងគេ ខណៈដែល AC Milan ឈ្នះ ៧​លើក​។ 
 
​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​ផងដែរ​ជុំវិញ​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នៅក្នុង​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ​។ ​ដោយសារ​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​នេះ អ្នកគាំទ្រ​ជា​ស្ត្រី​ដែល​នៅ​លីវ​មិនត្រូវ​បាន​អនុ​ញ្ជា​ត​ឲ្យ​ទិញ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​នេះ​នោះទេ ដោយ​ឲ្យ​តែ​ស្ត្រី​មានគ្រួសារ​ហើយ​មាន​ប្តី​អមដំណើរ​ប៉ុណ្ណោះ​ទើប​អាច​ចូលរួមបាន​។ អំឡុង​ការប្រកួត​នោះបាន​គ្របដណ្តប់​ដោយ​ភាព​ជ​ម្រូ​ង​ចម្រាស ខណៈដែល​ស្ត្រី​មួយចំនួន​បាន​អំពាវនាវ​ទាមទារ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ដូច​បុរស​ដែរ​។ 


 
​បើ​យោងតាម​ការផ្សព្វផ្សាយ​ពី​ចំនួន​អ្នក​ចូល​ទស្សនា​ក្នុងជំនួប​រវាង​ក្រុម​យក្ស​អ៊ីតាលី​ទាំងពីរ​នេះ បើទោះបី​មានការ​រឹតត្បិត​យ៉ាងនេះ​ក្តី ប៉ុន្តែ​តួលេខ​បង្ហាញថា​មាន​ស្ត្រី​ដល់​ទៅ ១៥០០០​នាក់​ស្ថិតក្នុង​កីឡដ្ឋាន King Abdullah Sports City នោះ​ក្នុងចំណោម​អ្នក​ចូ​រួម​សរុប​៦១០០០​នាក់​៕
 
 

Tag:
 បាល់ទាត់​
  Super Cup
  សិទ្ធិ​
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com