ជាតិ
រយៈពេលប៉ុន្មានថ្ងៃនេះ ហ្វូងត្រីដ៏មហាសាល បានផ្លាស់ទីចេញពីបឹងទន្លេសាប ឆ្ពោះទៅទន្លេមេគង្គ ត្រឹមរយៈពេល៣០នាទីម្តង នៅដាយត្រី អឺ១៥ អាចចាប់ត្រីបានពី២តោន ទៅ៣តោន។ នៅក្នុងថ្នក់ដាយ ដែលកម្មករកំពុងលើកចេញពីទឹកនេះ អាចមានទម្ងន់ជិត៣តោន។ រូបភាពៈ ឈុត ឈាណា/អច្ឆរិយភាពនៃទន្លេមេគង្គ
× ស្របទៅនឹងសេចក្តីជូនដំណឹងបន្ថែម របស់រដ្ឋបាលជលផល រយៈពេលប៉ុន្មានថ្ងៃនេះ ហ្វូងត្រីដ៏មហាសាល បានធ្វើចរាចរ ចេញពីបឹងទន្លេ ឆ្លងកាត់ទន្លេសាប ឆ្ពោះទៅទន្លេមេគង្គ។ នៅគន្លងដាយ អឺ១៥ តាមដងទន្លេសាប ស្ថិតនៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ត្រឹមតែរយៈពេលកន្លះម៉ោងម្តង គេអាចចាប់ត្រីបានពី ២តោន ទៅ៣តោន ដែលជាប្រភេទត្រីរៀល (Gymnostomus siamensis) និងត្រីចម្រុះផ្សេងទៀត ដែលជាប្រភេទត្រីសម្រាប់ធ្វើប្រហុក ផ្អក និងត្រីឆ្អើរ។ នៅគន្លងដាយទី១៥នេះ មាន៤មាត់ «ដាយ»។ ដូច្នេះសរុបទាំងបួនមាត់ដាយ ក្នុងរយៈពេលមួយម៉ោង គេអាចចាប់ត្រីបាន មិនតិចជាង១០តោនទេ។ ចំណែកឯគន្លងដាយ ១៤ គន្លងផ្សេងទៀត នៅតាមដងទន្លេសាប សុទ្ធតែចាប់ត្រីបានច្រើនគ្នា តែតិចជាងគន្លងទី១៥។
បណ្ឌិត ហ្សេប ហូហ្គេន (រូបខាងធ្វេង) លោក អេង ជាសាន (រូបកណ្តាល) និង ម្ចស់ដាយអឺ១៥ ។ រូបភាពៈ ឈុត ឈាណា/អច្ឆរិយភាពនៃទន្លេមេគង្គ
នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រមទាំងសាស្ត្រាចារ្យ និងក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ណេវ៉ាដា រ៉េណូ និងមកពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក រួមមាន៖ បណ្ឌិត ហ្សេប ហូហ្គេន, បណ្ឌិត ស៊ូឌីប សាន់ដ្រា, បណ្ឌិត ហ្គោដុន ហ៊ោតគ្រីវ និងសាស្ត្រាចារ្យ ហន ឃេ ហន បានចុះទៅគន្លងដាយអឺ១៥ ដើម្បីពិនិត្យមើលការប្រើបច្ចេកវិទ្យាអេកូសោន ដែលជាបច្ចេកវិទ្យាថ្មីមួយ អាចប៉ាន់ប្រមាណបរិមាណត្រី ដែលកំពុងធ្វើចរាចរ ផ្លាស់ទីចេញពីបឹងទន្លេសាប នៅតាមដងទន្លេសាបឆ្ពោះទៅទីជម្រកក្នុងរដូវប្រាំង និងជាទីកន្លែងដែលពួកវាពងកូនផងដែរ នៅតំបន់មេគង្គលើ។
លោក អេង ជាសាន បានមានប្រសាសន៍ថា៖«តួលេខដែលចេញពីបច្ចេកវិទ្យានេះ មានសារៈសំខាន់ណាស់ សម្រាប់ការគ្រប់គ្រងធនធានជលនៅក្នុងប្រទេសកម្ពុជា ក៏ដូចធនធានជលផល នៅក្នុងទន្លេមេគង្គទាំងមូលផង»។
បន្ទាប់ពី លោក អេង ជាសាន ក៏បានអញ្ជើញសាស្ត្រចារ្យ និងក្រុមអ្នកស្រាវជ្រាវទាំងអស់ ទៅមើលការនេសាទដោយប្រើឧបករណ៍ «ម៉ាញ់» នៅស្រុកមុខកំពូល ខេត្តកណ្តាល។ ដោយមើលឃើញផល ចាប់ត្រីទទួលបានច្រើនគួរជាទីមោទកភាព ថ្លែងប្រាប់ក្រុមអ្នកស្រាវជ្រាវ បន្ទាប់ពីបានទស្សនកិច្ចដល់កន្លែងដោយផ្ទាល់ក្នុងទន្លេមេគង្គ លោក អេង ជាសាន បានមានប្រសាសន៍ថា៖«ត្រីដែលធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ត្រឹមតែ ១ភាគរយ ដែលអាចទៅដល់គោលដៅដោយសុវត្ថិភាពរហូតដល់រដូវទម្លាក់ពង នោះត្រីនៅក្នុងបឹងទន្លសាបនឹងសម្បូរត្រីខ្លាំងណាស់។ ព្រោះថា ក្នុងត្រីមួយក្បាល វាអាចទម្លាក់ពងបានរាប់មិនអស់»។
លោក អេង ជាសាន ព្រមទាំងក្រុមអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យក្នុងពេលជិះទូកទៅមើលការនេសាទ ដោយប្រើឧបករណ៍នេសាទ «ម៉ាញ់» នៅក្នុងទន្លេមេគង្គ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ។ រូបភាពៈ ឈុត ឈាណា/អច្ឆរិយភាពនៃទន្លេមេគង្គ
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលជលផល បានចេញសេចក្តីជូនដំណឹងមួយ ស្តីអំពីរដូវធ្វើប្រហុក ផ្អក គឺចាប់ថ្ងៃ៦កើត ដល់ថ្ងៃ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី១១ រហូតដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ នឹងមានត្រីចុះមកយ៉ាងច្រើន ប្រសិនបើផ្ទៃមេឃស្រឡះល្អ៕
© រក្សាសិទ្ធិដោយ thmeythmey.com