អន្តរជាតិ
វៀតណាម ចាប់ផ្តើម​សមាហរណកម្ម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពិភពលោក CPTPP
17, Jan 2019 , 7:39 pm        
រូបភាព
ដោយ:
​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូរ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ​មួយ​របស់​ពិភពលោក បាន​ចូល​ជា​ធរមាន​នៅក្នុង​បណ្តា​ប្រទេស​សមាជិក​មួយចំនួន​ហើយ​កាលពី​ចុងឆ្នាំ​២០១៨ កន្លងទៅ​។ នៅ​ដើមឆ្នាំ​២០១៩​នេះ កិច្ចព្រមព្រៀង​នេះ ក៏ត្រូវ​អនុវត្ត​ផងដែរ​នៅក្នុង​ប្រទេស​សេដ្ឋកិច្ច​កំពុង​លូតលាស់​នៅក្នុង​តំបន់ គឺ​វៀតណាម​។



អត្ថបទទាក់ទង
 
​ចាប់ពី​ថ្ងៃ​១៤ មករា តទៅ វៀតណាម បាន​ក្លាយជា​សមាជិក​ពេញសិទ្ធិ​មួយ​ដែល​អាចអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​បំផុត​មួយ​របស់​ពិភពលោក CPTPP បាន​ហើយ​។ នេះ ក៏មាន​ន័យ​ដែរ​ថា ដល់ពេល​ហើយ​ដែល​សមាជិក​អាស៊ាន ដែលមាន​សេដ្ឋកិច្ច​លូតលាស់​គួរកត់សម្គាល់​មួយ​នេះ ត្រូវ​ទទួលបន្ទុក ក៏ដូចជា​មានឱកាស​ថ្មី​ក្នុងដំណាក់កាល​នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ទូលំទូលាយ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម CPTPP នឹង​បង្កើត​ឱកាស​ថ្មី​កាន់តែច្រើន​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង ក្លាយជា​កត្តា​ជម្រុញ​ថ្មី​សម្រាប់​វៀតណាម​ក្នុងការ​ធ្វើកំណែទម្រង់​អង្គភាព​សេដ្ឋកិច្ច និង​បរិយាកាស​ធុរកិច្ច​ផងដែរ​។ 
 
​តាម​ក្រសួង​ដដែល តាមរយៈ​កិច្ចព្រមព្រៀង​នេះ វៀតណាម រំពឹងថា​បង្កើន​ផលិតផល​ក្នុងស្រុក​សរុប បាន ១,៧ ពាន់​លាន​ដុល្លារ និង​ការនាំចេញ ៤ ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០៣៥​។ ដើម្បី​ទទួលយក​ឱកាស​នេះ រដ្ឋាភិបាល​វៀតណាម ក៏​ត្រៀម​សហការ​ជាមួយនឹង​អ្នកជំនាញ​ដើម្បី​ណែនាំ​ដល់​វិស័យសេដ្ឋកិច្ច​ជាតិ​ជាមួយនឹង​ការស្រាវជ្រាវ​ស៊ីជម្រៅ​ឲ្យ​យល់ច្បាស់​ពី​លំហូរ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ផងដែរ​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា CPTPP មាន​សមាជិក​សរុប​ទាំងអស់ ១១ ប្រទេស​។ កិច្ចព្រមព្រៀង​នេះ បាន​ចូល​ជា​ធរមាន​ក្នុង​ជំហាន​ដំបូង​នៅ​ថ្ងៃ​៣០ ធ្នូ ឆ្នាំ​២០១៨ ក្នុងប្រទេស​សមាជិក​ដូចជា អូស្ត្រាលី កាណាដា ជប៉ុន ម៉ិ​ក​ស៊ិ​ក ណូ​វែ​ល​ហ្សេ​ឡង់ និង​សិង្ហ​បុរី​។ វៀតណាម គឺជា​សមាជិក​ទី​៧​ហើយ ដែល​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ខណៈ ព្រុយ​ណេ ម៉ាឡេស៊ី ស៊ី​លី និង​ប៉េ​រូ កំពុងស្ថិត​នៅក្នុង​នីតិវិធី​ស្នើ​ផ្តល់​បត្យាប័ន​របស់​ប្រទេស​។ 
 
​សមាជិក​ទាំង​១១ នៃ​កិច្ចព្រមព្រៀង CPTPP រួមគ្នា​តែមួយ ស្មើនឹង​ទីផ្សារ​សរុប ៥០០​លាន​នាក់ ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប ១៣,៥ ទ្រី​លាន​ដុល្លារ និង​ស្មើនឹង ១៣ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ជាស​កល​។ 
 
​ក្រោម​កិច្ចព្រមព្រៀង​នេះ សមាជិក​ទាំងអស់​ត្រូវ​មាន​ក្របខណ្ឌ​ច្បាប់​តឹងរ៉ឹង​ក្នុង​វិស័យ​ពាណិជ្ជកម្ម បន្ធូរបន្ថយ​របាំង​ពន្ធគយ និង​បើកចំហ​ទីផ្សារ​របស់ខ្លួន​។ កិច្ចព្រមព្រៀង​នេះ​ក៏​នឹង​អនុវត្ត​ស្តង់ដា​ការងារ​ថ្មី ហើយ​ចាប់បង្ខំ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​សមាជិក​ខ្លះ​ត្រូវបង្កើត​ការប្រកួតប្រជែង​ក្នុង​វិស័យ​ដែល​កំពុង​កាន់កាប់​ដោយ​អ្នកវិនិយោគ​នៃ​ប្រទេស​ទាំងនោះ​ផងដែរ​៕ 
 

Tag:
 វៀតណាម​
  អាស៊ាន​
  CPTPP
© រក្សាសិទ្ធិដោយ thmeythmey.com