ជាតិ
សេដ្ឋកិច្ច
EU ចាប់ផ្ដើមគិតពន្ធលើអង្ករកម្ពុជាចាប់ពីថ្ងៃទី១៨មករា រូបថត AFP
× ភ្នំពេញ៖ គណៈកម្មការសហភាពអឺរ៉ុប បានសម្រេចយកពន្ធគយឡើងវិញលើផលិតផលអង្ករនាំចូលពីកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការនេះ នៅថ្ងៃទី១៧ខែមករានេះ។
ការសម្រេចយកពន្ធលើអង្ករនេះ ត្រូវគិតចាប់ពីថ្ងៃទី១៨ខែមករានេះតទៅ តែការដកហូតពន្ធនេះត្រូវបន្ធូរបន្ថយតាមដំណាក់កាលក្នុងរយៈពេល៣ឆ្នាំ។ ឆ្នាំដំបូងគិតពន្ធ ១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុងមួយតោន ឆ្នាំទី២មកទៀត ពន្ធនេះធ្លាក់មកត្រឹម ១៥០អឺរ៉ូ និង ១២៥អឺរ៉ូនៅឆ្នាំទី៣។ ការយកពន្ធនេះ គឺអនុវត្តសម្រាប់អង្ករនាំចេញពីកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា។
ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតជុំវិញសំណុំរឿងអង្ករនេះ ក្រោយពីមានបណ្ដឹងរបស់ប្រទេសអ៊ីតាលី និងមានការគាំទ្រពីប្រទេសមួយចំនួន ដែលបានចោទថាអង្ករកម្ពុជា និងមីយ៉ាន់ម៉ាដែលនាំចូលសហភាពអឺរ៉ុប បានធ្វើឲ្យប៉ះពាល់អ្នកផលិតនៅប្រទេសទាំងនោះ។
កម្ពុជាបានទទួលបានការអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ។ កាលពីឆ្នាំ២០១៨ កន្លងទៅ ទីផ្សារដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ គឺសហគមន៍អឺរ៉ុបមានជិត២៧ម៉ឺនតោន ជិតស្មើនឹង៤៣ភាគរយនៃចំនួននាំចេញសរុប។
ក្នុងចំណោមប្រទេសចំនួន២៦នៃសហភាពអឺរ៉ុបដែលនាំចូលអង្ករកម្ពុជា បារាំង មានចំណែកទិញជិត១៤ភាគរយ ហូឡង់ជាង៤ភាគរយ ប៉ូឡូញ ជិត៤ភាគរយ រីឯបែលហ្ស៊ិក អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ សាធារណរដ្ឋឆេក និងអេស្ប៉ាញ ចន្លោះពីជាង២ភាគរយ ទៅជាង៣ភាគរយ។
គួរបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃនេះ នឹងធ្វើសន្និសីទកាសែតជុំវិញការសម្រេចយកពន្ធលើអង្ករនេះ។ សារព័ត៌មានថ្មីៗ នឹងលម្អិតព័ត៌មាននេះបន្ថែមទៀត នៅពេលក្រោយទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com