អន្តរជាតិ
លោក គីម យ៉ុង​ឈុ​ល ទៅ​អាមេរិក​ពិភាក្សា​រក​ទីតាំង និង​ពេល​សម្រាប់​ជំនួប ត្រាំ​-​គីម លើក​ទី​ពីរ​
17, Jan 2019 , 8:39 pm        
រូបភាព
លោក គីម យ៉ុងឈុល ទៅដល់ព្រលានយន្តហោះប៉េកាំង។ (រូបភាព AFP)
លោក គីម យ៉ុងឈុល ទៅដល់ព្រលានយន្តហោះប៉េកាំង។ (រូបភាព AFP)
​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង គីម យ៉ុង​ឈុ​ល កំពុងស្ថិត​ក្នុង​ដំណើរ​ទៅកាន់​អាមេរិក ដើម្បី​ជួបចរចា​ជាមួយ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ ជុំវិញ​ជំនួប​មេដឹកនាំ​លើក​ទី​ពីរ​។ នៅ​អាមេរិក មនុស្ស​ជំនិត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន រូបនេះ ក៏​គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែរ​។ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ក្រោយ​ជំនួប​នេះ មេដឹកនាំ​អាមេរិក​ទំនងជា​ប្រកាស​ផ្លូវការ​ពី​កាលបរិច្ឆេទ និង​ទីតាំង​ជំនួប​លើក​ទី​ពីរ​នេះ​។​

 
​លោក គីម យ៉ុង​ឈុ​ល បាន​ទៅដល់​ព្រលានយន្តហោះ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​១៧ ខែមករា ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​អាមេរិក​។ លោក គីម យ៉ុង​ឈុ​ល ដែលជា​ដៃស្ដាំ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នឹង​ជួប​ជាមួយ​ដៃគូ​សន្ទនា​របស់ខ្លួន គឺ​រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុ​ម​ប៉េ​អូ លើ​ប្រធានបទ​គម្រោង​នៃ​ជំនួប​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ។ 
 
​កាសែត​អាមេរិក Washington Post ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមករា ថា លោក គីម យ៉ុង​ឈុ​ល នឹង​ជួប​ជាមួយ​លោក ត្រាំ នៅ​សេត​វិមាន​នៅ​ថ្ងៃទី​១៨ ខែមករា ហើយ​ក្រោយ​ជំនួប​នេះ លោក ត្រាំ អាច​ប្រកាស​ពី​ព័ត៌មាន​លម្អិត​ខ្លះ​ទាក់ទង​ជំនួប​លើក​ទី​ពីរ​ជាមួយ​លោក គីម ។ កាសែត​ដដែល​បន្តថា បើ​លោក ត្រាំ ប្រកាស​ព័ត៌មាន​នេះ​មែន ជំនួប​ទី​ពីរ​អាច​កើត​នៅ​ខែមីនា ឬ​មេសា ហើយ​ទីតាំង​អាចជា​ទីក្រុង​ដា​ណា​ង​របស់​វៀតណាម​។​
 
​វៀតណាម បាន​ក្លាយជា​បេក្ខភាព​នាំមុខ​ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ជំនួប​ដ៏​ធំ​នេះ ខណៈ​អាមេរិក​បាន​សម្លឹង​រក​ទីតាំង​ជាច្រើន​ដើម្បី​រៀបចំ​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​។ កន្លងមក វៀតណាម​ដែលជា​សម្ព័ន្ធមិត្ត​ស្និទ្ធ​មួយ​របស់​កូរ៉េខាងជើង ហើយ​ក៏មាន​ទំនាក់ទំនង​ល្អប្រសើរ​ជាមួយ​អាមេរិក​ដែរនោះ ធ្លាប់​បង្ហាញ​ឆន្ទៈ​រ៉ាប់រង​លើ​ការរៀបចំ​ជំនួប​រវាង​លោក ត្រាំ និង​លោក គីម ទៅកាន់​មន្ត្រី​កូរ៉េខាងត្បូង កូរ៉េខាងជើង និង​អាមេរិក​ដែរ​។ 
 
​បើតាម​កាសែត​អាមេរិក​ខាងលើ ក្នុងករណី​ជំនួប​រវាង​មន្ត្រី​អាមេរិក និង​កូរ៉េខាងជើង​មានដំណើរ​ការ​រលូន ជំនួប​ថ្នាក់​ក្រុមការងារ អាច​នឹង​កើតឡើង​ដើម្បី​ជជែក​ពី​បញ្ហា​លម្អិត​នៃ​ជំនួប​មេដឹកនាំ​។ ប្រេសិត​ពិសេស​សម្រាប់​កិច្ចការ​កូរ៉េខាងជើង Stephen Biegun នឹង​ជួប​ជា​លើកដំបូង​ជាមួយ​សម​ភាគី​កូរ៉េខាងជើង Choe Son-hui ដែលជា​អនុរដ្ឋមន្ត្រី​ការបរទេស​ផង​។ ជំនួប​មន្ត្រី​ក្រុមការងារ​អាចធ្វើ​នៅ​ប្រទេស​អឺរ៉ុប​ខាងលិច​ណាមួយ​។ 
 
​លោក គីម យ៉ុង​ឈុ​ល ទៅ​អាមេរិក​លើកចុងក្រោយ​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ ពេល​លោក​នាំ​សំបុត្រ​របស់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​ទៅ​ឲ្យ​ប្រធានាធិបតី​អាមេរិក ហើយ​ដែល​ឈានដល់​ការបើក​ជំនួប​ប្រវត្តិសាស្ត្រ​នៅ​សិង្ហ​បុរី​។ គេ​រំពឹងថា ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក គីម ទំនង​មាន​សំបុត្រ​ក្នុង​ដៃ​ប្រគល់​ឲ្យ​លោក ត្រាំ ដូចគ្នា​ដែរ​។ បើ​គិត​តាមដាន​ចាស់​នេះ ជំនួប​លោក ត្រាំ និង​លោក គីម នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះ​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  គីម យ៉ុង​ឈុ​ល
© រក្សាសិទ្ធិដោយ thmeythmey.com