អត្ថបទពាណិជ្ជកម្ម
វិទ្យាស្ថាន​ជាតិ NIPTICT ប្រគល់​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកដំបូង ដល់​និស្សិត​ជំនា​ន់ទី​១
17, Jan 2019 , 3:36 pm        
រូបភាព
ដោយ:
​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) បានរៀបចំ​ពិធី​ប្រគល់​សញ្ញាបត្រ​បរិញ្ញាបត្រ​ជា​លើកដំបូង ដល់​និស្សិត​ជំនា​ន់ទី​១​របស់ខ្លួន បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការសិក្សា​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៨​។ សញ្ញាបត្រ​ដែល​ត្រូវ​ប្រគល់ជូន​និស្សិត​បញ្ចប់​ការសិក្សា​ជំនា​ន់ទី​១​នេះ រួមមាន​សញ្ញាបត្រ​បរិ​ញ្ញាប​ត្រ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​, បរិញ្ញាបត្រ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​បរិញ្ញាបត្រ​ទូរគមនាគមន៍ និង​បណ្ដាញ​កុំព្យូទ័រ ។
 
​ពិធី​នេះ ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ នៅឯ​ទីស្ដីការក្រសួង ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រោម​អធិបតីភាព​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​


 
​លោក ត្រាំ អ៊ី​តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​នេះ​ថា វិទ្យាស្ថាន​ជាតិ NIPTICT បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ និង​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ លោក ត្រាំ អ៊ី​តឹក វិទ្យាស្ថាន​ជាតិ​នេះ បានផ្តល់​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​តម្រូវ​តាម​ទីផ្សារ ការងារ​ក្នុង​យុគ្គសម័យ​សេដ្ឋកិច្ច​ឌីជីថល ឧស្សាហកម្ម​ជំនាន់​៤.០​។ លោក​រដ្ឋមន្ត្រី ក៏បាន​ចូលរួម​អបអរសាទរ និង​កោតសរសើរ ដល់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ បន្ទាប់ពី​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​អស់​រយៈពេល​បួន​ឆ្នាំកន្លងមក​នោះ​។ 


 
​លោក សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​មានប្រសាសន៍​ក្នុង​ពិធី​នេះ​ថា​៖ នេះ​ជា​មោទកភាព​មួយ ដែល​វិទ្យាស្ថាន​ជាតិ NIPTICT បាន​បណ្ដុះបណ្ដាល​ដោយ​ជោគជ័យ​នូវ ធនធានមនុស្ស សម្រាប់​យុគ្គសម័យ​សេដ្ឋកិច្ច​ឌី​ជី​ថ លើកដំបូង​របស់ខ្លួន​។ លោក សេង សុភាព ឲ្យ​ដឹង​ទៀតថា ៩៩% នៃ​និស្សិត​បញ្ចប់​ការសិក្សា​ជំនា​ន់ទី​១​នេះ ទទួលបាន​ការងារ​ដែ​ល​មាន ប្រាក់​បៀរ​វត្ស​ក្នុង​កម្រិត​ខ្ពស់ នៅតាម​បណ្ដា​ក្រុមហ៊ុន​ធំៗ​ជាច្រើន ដូចជា​ក្រុមហ៊ុន Smart, MetFone, Ezecom, SeaTel, Pathmazing, ក្រុមហ៊ុន e-Commerce និង​ឡូ​ជី​ស្ទីក​ជាដើម​។​


 
​វិទ្យាស្ថាន​ជាតិ NIPTICT បានធ្វើ​កិច្ចសហប្រតិបត្តិការ និង​ចុះ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយ​ស្ថាប័នរដ្ឋ និង​ឯកជន ក្រុមហ៊ុន​ធំៗ និង​ដៃគូ​អភិវឌ្ឍន៍​ជាង​១០០ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ឲ្យ​និស្សិត ចុះ​កម្មសិក្សា​, ហាត់​ការ និង​រក​ការងារ​ធ្វើ ក្រោយ​បញ្ចប់​កា​សិក្សា​របស់ខ្លួន​។ សូមបញ្ជាក់ថា បច្ចុប្បន្ន​វិទ្យាស្ថាន​ជាតិ NIPTICT មាន​និស្សិត​កំពុង​សិក្សា​សរុប​ជាង ៤០០​នាក់​។ 


 
​វិទ្យាស្ថាន​ជាតិ​និ​ប​ទីក​(NIPTICT) ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ ឯកទេស​ទូរគមនាគមន៍ និង បច្ចេកវិទ្យា​ព័ត៌មាន​តែមួយគត់​នៅ​កម្ពុជា ដែល​បង្កើតឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ NIPTICT កំពុងផ្ដល់​ការបណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ E-Commerce, Telecoms និង Computer Science ដែលជា​ជំនាញ​មាន​តម្រូវការ​ខ្ពស់ ក្នុង​ទីផ្សារការងារ​នា​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល (Digital Economy) និង​បដិវត្ត​ឧស្សាហកម្ម​ជំនាញ់​ទី​៤ (Industrial 4.0)​។​


 
​វិទ្យាស្ថាន​ជាតិ NIPTICT មាន​បេសកកម្ម​ចម្បង​៣ គឺ​១.​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ ២.​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ និង​ទី​៣. លើកកម្ពស់​សហគ្រិនភាព និង​នវានុវត្តន៍​លើ​វិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មាន ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​ប្រកបដោយ​គុណភាព និង​ជំនាញ​ខ្ពស់ ក្នុង​វិស័យ ICT ដែល​បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​៕
 


















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com