កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​ជាមួយ​ក្លិប PKNS ហើយ​
17, Jan 2019 , 3:59 pm        
រូបភាព
ដោយ:
​ក្រោយ​ការប្រកាស​ពី​ក្លិប​បាល់ទាត់​បឹងកេត​កាលពីពេល​ថ្មីៗ​នេះ ខ្សែប្រយុទ្ធ​ឆ្នើម​កម្ពុជា ចាន់ វឌ្ឍនាកា បាន​ចាក​ចេញពី​កម្ពុជា ដើម្បី​ចូលរួម​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី PKNS FC នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​នេះ​។ នេះ​ជាការ​ចេញទៅ​ប្រកប​អាជីព​ជា​លើក​ទី​២​នៅលើ​ទឹកដី​ម៉ាឡេស៊ី សម្រាប់​កីឡាករ​មកពី​ខេត្តកំពត​រូបនេះ​។

 
«​ជំរាបលា ពុក​ម៉ែ បងប្អូន អ៊ុំ​ពូ​មីង ទាំងអស់គ្នា​»​។ នេះ​ជា​សារ​ជំរាបលា​ប្រជាពលរដ្ឋ​កម្ពុជា​របស់​កីឡាករ ចាន់ វឌ្ឍនាកា ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន មុន​ចាក​ចេញពី​កម្ពុជា​ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​ថ្មី PKNS FC នៅ​ម៉ាឡេស៊ី កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩​។ ទោះបី​មិនទាន់មាន​ការបង្ហាញ​ពី​សាមី​ក្លិប ឬ​ការចុះកិច្ចសន្យា​ជា​ផ្លូវការ​ក៏ដោយ តែ​កីឡាករ​រូបនេះ​ទំនងជា​លេង​ឲ្យ​ក្លិប​នេះ សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ 


 
​ជាក់ស្តែង​កាលពីពេល​ថ្មីៗ​កន្លងទៅ ក្លិប​បាល់ទាត់​បឹងកេត​បាន​អះអាងថា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបាន​ផ្ទេរ​ពី​បឹងកេត​ទៅលេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​កំពូល​ម៉ាឡេស៊ី PKNS FC ក្រោយ​ចរចា​អស់​រយៈពេល​ជិត​១​ខែ​។  


 
​បើសិន ចាន់ វឌ្ឍនាកា ពិតជា​លេង​ឲ្យ​ក្លិប​ខាងលើ​ពិតប្រាកដ​មែន នោះ​រូបគេ​នឹងត្រូវ​ប្រជែង​ជាមួយ​មិត្ត​រួម​ជាតិ ធា​រី ចន្ថា​ប៊ី​ន ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី ដែល​បាន​បន្ត​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប Terangganu​។ វឌ្ឍនាកា ជា​កីឡាករ​កម្ពុ​ជាទី​ពីរ​បន្ទាប់ពី ធា​រី ចន្ថា​ប៊ី​ន ដែល​បាន​មកលេង​ឲ្យ​ក្លិប​នៅ​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​២០១៩​។  


 
​នេះ​ជាការ​ចាក​ចេញទៅ​ប្រកប​អាជីព​លើក​ទី​២​លើ​ទឹកដី​ម៉ាឡេស៊ី​របស់​កីឡាករ ចាន់ វឌ្ឍនាកា ក្រោយពី​រដូវ​កាល​មុន​រូបគេ​បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប Pahang FA​។ ប៉ុន្តែ​កីឡាករ​រូបនេះ បាន​ចែកផ្លូវ​គ្នា​វិញ​មុន​កិច្ចសន្យា ក្រោយ​រួមរស់​បាន​ពាក់កណ្តាល​រដូវ​កាល​។  
 
​បើ​គិត​ទាំង​លើក​នេះ កីឡាករ ចាន់ វឌ្ឍនាកា ចេញទៅ​ប្រកប​អាជីព​នៅក្រៅ​ប្រទេស​លើក​ទី​៣ ខណៈ​លើក​ទី​១​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​គ​ទី​៣​របស់​ជប៉ុន Fujieda MYFC ដែល​រូបគេ​មិនបាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ផ្លូវការ​។ ចំណែក​លើក​ទី​២​និង​លើក​ទី​៣​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី​ជាមួយ Pahang FA និង PKNS FC តែម្តង​៕ 

Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  PKNS FC
© រក្សាសិទ្ធិដោយ thmeythmey.com