ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​ណែនាំ​ពលរដ្ឋ​ឲ្យ​រក្សា​ទឹក​ប្រើប្រាស់​សម្រាប់​រដូវប្រាំង​ដែល​ប្រឈម​នឹង​បាតុភូត «​អែល​នី​ណូ​»
17, Jan 2019 , 5:02 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅ​រដូវប្រាំង​ចាប់ពី​ខែមេសា ដល់​ខែឧសភា ឆ្នាំ​២០១៩ កម្ពុជា​នឹងមាន​បាតុភូត «​អែល​នី​ណូ​» ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ក្តៅ​ហួតហែង សីតុណ្ហភាព​អាច​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា និង​មាន​ភ្លៀង​កក់ខែ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ដែលជា​មូលហេតុ​នាំ​ឲ្យ​ប្រជាកសិករ​ប្រមូល​ផលដំណាំ​បាន​តិចជាង​រាល់​ឆ្នាំ​ផងដែរ​។


 
​បើតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បញ្ជាក់​ពី​ការព្យាករណ៍​របស់​ក្រ​សូង​ធនធានទឹក និង​ឧតុនិយម កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​«​អែល​នី​ណូ​» អាច​នឹង​នាំ​ឲ្យ​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង បានតែ​មួយដង តែប៉ុណ្ណោះ បើទោះបីជា​ទឹក​នៅតាម​អាងទឹក​ដែល​បាន​រក្សាទុក ឬ​ទីកន្លែង​ដែលមាន​បឹង ព្រែក ក៏​មិនអាច​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​គ្រប់គ្រាន់​ឡើយ​។ 
​ករណីនេះ រាជរដ្ឋាភិបាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់ ជាពិសេស​កសិករ គួរ​គប្បី​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ និង​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​ក្រៅពី​ដំណាំ​ស្រូវ​។ 
 
​ក្នុង​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី ត្រូវ​យកចិត្តទុកដាក់​រក្សា​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ពលរដ្ឋ​នៅ​គ្រប់​តំបន់ ដើម្បី​ប្រើប្រាស់​ក្នុង​រដូវប្រាំង និង​ត្រៀមកម្លាំង​ជួយសង្គ្រោះ​ពលរដ្ឋ​ដែល​ជួប​គ្រោះធម្មជាតិ ដូចជា​ខ្យល់​កន្ត្រាក់​។​
 
​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៨ ឃុំ​ចំនួន​៥ នៅ​ខេត្តកំពង់ចាម បាន​ជួប​គ្រោះរាំងស្ងួត ដែល​ប៉ះពាល់​ផ្ទៃដី​ប្រមាណ​១៥៣១១ ហិកតា ក្នុងនោះ​ស្រូវវស្សា​ចំនួន ១៤២៣៧ ហិកតា និង​ស្រូវប្រាំង ១០៧៤ ហិកតា​៕ 
  

Tag:
 ​អាកាសធាតុ​
 ​ស្រូវ​
© រក្សាសិទ្ធិដោយ thmeythmey.com