អន្តរជាតិ
រុស្ស៊ី រិះគន់​អាមេរិក​ដែល​លើកទឹកចិត្ត​ក្រុមប្រឆាំង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឲ្យ​ងើប​បះបោរ​
17, Jan 2019 , 10:39 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov នៅ​ថ្ងៃទី​១៦ ខែមករា បាន​រិះគន់​អាមេរិក​ជុំវិញ​ការគាំទ្រ​ក្រុមប្រឆាំង​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឲ្យ​ងើប​បះបោរ​ប្រឆាំង​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​ទើប​ស្បថ​ចូលកាន់​តំណែង​។ លោក Lavrov បាន​ហៅ​ជំហរ​អាមេរិក ជាការ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​។

 
 
​រដ្ឋ​អាមេរិក​ឡាទីន​វ៉េ​ណេ​ស៊ុយ​អេ​ឡា កំពុងតែ​ផុងខ្លួន​ជ្រៅ​ទៅក្នុង​វិបត្តិ​នយោបាយ​របស់ខ្លួន ដោយមាន​ប្រធានាធិបតី​ដល់​ទៅ​ពីរ​។ ម្ខាង​គឺ​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ដែល​ស្បថ​ចូលកាន់​តំណែង​សម្រាប់​អាណត្តិ​ទី​ពីរ​កាលពី​សប្ដាហ៍​មុន និង​ម្ខាង​គឺប្រធាន​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​បក្សប្រឆាំង Juan Guaido ដែល​អះអាងថា ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ក្រុមប្រឆាំង​ទទួលបាន​ការគាំទ្រ​ការទូត​ពី​សំណាក់​អាមេរិក​។​
 
​អាកប្បកិរិយា​បែបនេះ​របស់​អាមេរិក​ដែល​គាំទ្រ​ក្រុមប្រឆាំង និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ធ្វើ​ឲ្យ​រុស្ស៊ី​មិន​ពេញចិត្ត​ឡើយ ដោយ​ប្រមុខ​ការទូត​រុស្ស៊ី Sergei Lavrov បាន​ប្រាប់​អាមេរិក​មិនត្រូវ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ឡើយ​។ បើតាម​សារព័ត៌មាន RT លោក Lavrov និយាយថា ការលើកទឹកចិត្ត​រប​ស់​អាមេរិក​ឲ្យ​ក្រុមប្រឆាំង​ងើប​តវ៉ា ធ្វើ​ឲ្យ​ក្រុមប្រឆាំង​លែង​ចង់​ចរចា​ជាមួយ​រដ្ឋាភិបាល​។​
 
​គឺ​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន តែម្ដង​ដែល​បញ្ជាក់​ការគាំទ្រ​របស់​អាមេរិក​លើ​លោក Guaido តាមរយៈ​ការជជែក​គ្នា​តាម​ទូរ​សព្ទ​។ មន្ត្រី​សេត​វិមាន​និយាយថា ការជជែក​តាម​ទូរ​សព្ទ​នេះ ជាការ​ទទួលស្គាល់​រដ្ឋ​សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ជា​ស្ថាប័ន​ស្របច្បាប់​តែមួយគត់ ខណៈ​អាមេរិក​ចាត់ទុក​លោក ម៉ា​ឌុយ​រ៉ូ ជា​ប្រធានាធិបតី​មិន​ស្របច្បាប់ និង​ទទូច​ឲ្យ​លោក​លាលែង​ពី​តំណែង​ផង​។ 
 
​យ៉ាងណាមិញ រដ្ឋសភា​ដឹកនាំ​ក្រុមប្រឆាំង​មិនមាន​អំណាច​គ្រប់គ្រាន់​ដើម្បី​ផ្ដួល​លោក ម៉ា​ឌុយ​រ៉ូ ឡើយ​។ ម្យ៉ាង​រដ្ឋាភិបាល​នេះ​ត្រូវបាន​ទាត់ចោល និង​ជំនួស​សភា​នី​តប​ញ្ញត្តិ​ដែល​គាំទ្រ​លោក ម៉ា​ឌុយ​រ៉ូ ហើយ​ម្យ៉ាង​លោក ម៉ា​ឌុយ​រ៉ូ នៅតែ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដដែល​។ កន្លងមក ក្រុមប្រឆាំង​បាន​ព្យាយាម​អូសទាញ​នាយទាហាន​ឲ្យ​រត់ចោល​ប្រធានាធិបតី​បច្ចុប្បន្ន ប៉ុន្តែ​មិនទាន់​លទ្ធផល​ឡើយ​។
 
​សម្រាប់​ជំហរ​របស់​រុស្ស៊ី​វិញ លោក Lavrov ពន្យល់ថា ការ​លូកដៃ​របស់​អាមេរិក​ក្នុង​កិច្ចការ​វ៉េ​ណេ​ស៊ុយ​អេ​ឡា គឺជា​រឿង​គួរ​ឲ្យ​បារម្ភ​យ៉ាងខ្លាំង​។ លោក​បន្តថា ទង្វើ​របស់​អាមេរិក​ក៏​បង្ហាញ​ដែរ​ថា គោលនយោបាយ​របស់​អា​មេ​រិ​ក​ក្នុង​ការធ្វើ​រង្គោះរង្គើ​រដ្ឋា​ភិ​បាលប​រទេស​ដែល​ខ្លួន​មិន​ពេញចិត្ត នៅតែ​ជា​អាទិភាព​ដដែល​៕​
 
 

Tag:
 រុស្ស៊ី​
  អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  Sergei Lavrov
© រក្សាសិទ្ធិដោយ thmeythmey.com