អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រីចិន ទៅអាមេរិកនៅចុងខែមករាដើម្បីរកផ្លូវដោះស្រាយជម្លោះពាណិជ្ជកម្ម
× ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅដំណាច់ខែមករានេះ ដើម្បីរៀបចំជំនួបពាណិជ្ជកម្មជាមួយភាគីអាមេរិក។ នេះបើយោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃទី ១៧ ខែមករា។
លោក Liu នឹងរៀបចំជំនួបរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០ និង ៣១ ខែមករា ជាមួយរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Steven Mnuchin និងតំណាងចរចាពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer។ នេះបើការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន Gao Feng ។
ក្រោយពីទស្សនកិច្ចចុងក្រោយរបស់លោកឧបនាយករដ្ឋមន្ត្រីចិន Liu He ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន កាលពីខែឧសភាឆ្នាំ២០១៨កន្លងទៅ លោកធ្លាប់បានប្រាប់សារព័ត៌មានរដ្ឋចិនថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដែលមានគោលដៅបញ្ឈប់ការវាយប្រហារគ្នានៅក្នុងសង្គ្រាមពាណិជ្ជកម្ម ប៉ុន្តែបន្ទាប់មកកិច្ចព្រៀមព្រៀងនេះបានប្រែជាក្លាយជាអត់បានការទៅវិញយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post ។
គួររម្លឹកផងដែរថា កាលពីសប្តាហ៍មុន មន្ត្រីចិននិងអាមេរិកបានរៀបចំជំនួបទល់មុខ កម្រិតអនុរដ្ឋមន្ត្រីរយៈពេល៣ថ្ងៃមួយក្នុងទីក្រុងប៉េកាំង ដែលបានបញ្ចប់ទៅដោយបន្សល់ទុកភាពវិជ្ជមាន។ ការិយាល័យរបស់ប្រតិភូពាណិជ្ជកម្មអាមេរិក បានឲ្យដឹងថា ក្រុមប្រតិភូទាំងនោះបានពិភាក្សាលើសំណុំរឿងសំខាន់ៗជាច្រើន រួមមាន ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា ការពារកម្មសិទ្ធិបញ្ញា រនាំងពាណិជ្ជកម្មមិនមែនពន្ធគយ ចោរកម្មបច្ចេកវិទ្យា សេវាកម្ម និងកសិកម្មជាដើម៕
Tag:
ចិន
ជម្លោះពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com