អន្តរជាតិ
រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បន្ត​ហាម​អ្នករាយការណ៍ UN ចូលក្នុង​ប្រទេស ព្រោះ​និយាយ​រឿង​អាក្រក់​ពី​ខ្លួន គ្មាន​មូលដ្ឋាន​
18, Jan 2019 , 10:41 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​បន្ត​ចេញ​បម្រាម​មិន​ឲ្យ​អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហ​សហប្រជាជាតិ​ប្រចាំ​មី​យ៉ាន់​ម៉ា ចូលក្នុង​ប្រទេស​ខ្លួន​។ វិធានការ​តឹងរឹង​ចំពោះ​អ្នករាយការណ៍​រូបនេះ  ដោយសារ​ក្រុង​ណៃ​ពិដោរ យល់ឃើញថា របាយការណ៍​សិទ្ធិមនុស្ស ដែល​ធ្វើ​ដោយ​អ្នករាយការណ៍​រូបនេះ គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ និង​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​។​

 
​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា លោក Aung Kyaw Zan នៅ​ថ្ងៃ​១៤ មករា បាន​ឲ្យ​ដឹងថា មី​យ៉ាន់​ម៉ា នឹងមិន​ដកចេញ​បម្រាម​ដែល​ហាម​អ្នករាយការណ៍​ពិសេស​ស្តីពី​សិ​ទិ្ធ​មនុស្ស​មី​យ៉ាន់​ម៉ា​របស់​អង្គការសហប្រជាជាតិ លោកស្រី Yanghee Lee ឲ្យ​ចូល​ទឹកដី​មី​យ៉ាន់​ម៉ា​វិញ​ឡើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​រូបនេះ បាន​បន្តថា បម្រាម​ទៅលើ​លោកស្រី Lee ប្រហែលជា​អាចអនុវត្ត​រហូតដល់​លោកស្រី បញ្ចប់​អាណត្តិ​បេសកកម្ម​តែម្តង​។ តាម​លោក Aung Kyaw Zan ការណ៍​ដែល​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា តឹងតែង​ដាក់​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រូបនេះ ក៏​ព្រោះតែ​លោកស្រី តែងតែ​ធ្វើ​សេចក្តីថ្លែងការណ៍​ស្តីពី​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា ដោយ​ខ្វះ​ឯករាជ្យ​, តុល្យភាព និង​មិន​ច្បាស់លាស់​។​
 
​គួរ​ជម្រាប​ថា លោកស្រី Lee ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទស្សនកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា ដើម្បី​អនុវត្ត​អាណត្តិ និង​បេសកកម្ម​របស់លោក​ស្រី ដែល​ផ្តល់​សិទ្ធិ​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​ប្រជាជាតិ តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ​។ កន្លងមក​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ ផ្លាស់ប្តូរ​លោកស្រី ចេញ ដ្បិត​សេចក្តីថ្លែងការណ៍​របស់​លោកស្រី មាន​ភាពលម្អៀង និង​គ្មាន​ភាពច្បាស់លាស់​។ 
 
​ទោះបី​លោកស្រី មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​ក៏ដោយ អ្នករាយការណ៍​រូបនេះ នៅតែ​បន្ត​បេសកកម្ម​សិទ្ធិមនុស្ស​តាម​មធ្យោបាយ​ផ្សេង​។ តាម Myanmar Times លោកស្រី Lee នៅ​ខែម​ករានេះ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ថៃ និង​បង់​ក្លា​ដែ​ស​ដើម្បី​ធ្វើ​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​មី​យ៉ាន់​ម៉ា​បច្ចុប្បន្ន​។​
 
« ខ្ញុំ នៅតែ​បន្ត​រក​មធ្យោបាយ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ហើយ​ខ្ញុំ នៅតែ​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​អាណត្តិ​របស់ខ្ញុំ​ដើម្បី​តាមដាន​ស្ថានភាព​សិ​ទិ្ធ​មនុស្ស​មី​យ៉ាន់​ម៉ា​។ ខ្ញុំ នឹង​បន្ត​ជួប​ជាមួយ​ប្រជាជន​ដែល​មកពី​មី​យ៉ាន់​ម៉ា ហើយ​ហ៊ាន​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​បានកើត​ជុំវិញ​ប្រទេស​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោកស្រី Lee តប​ទៅនឹង​ចំណាត់ការ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​៕ 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com