ជាតិ
រូបត្លុក
គ្រាន់តែមានតួនាទីធំ ចង់តែឲ្យគេគ្រប់គ្នាគោរព កោតក្រែង គ្រប់កន្លែង
×
អាសំណាងដេកមិនលក់យប់មិញ។ វាបានភ្ញាក់ពីព្រលឹម ហើយមកអង្គុយចាំក្លើសុធីរនៅហាងកាហ្វេ។
អាសុធីរ៖ មានរឿងអីអ្ហា មុខស្អុយប៉ែ?
អាសំណាង៖ ល្ងាចមិញ អញតំណាងក្រសួងចូលរួមកម្មវិធីបិទសិក្ខាសាលាមួយ។ អញដើរចូលក្នុងកម្មវិធី តែដូចគ្មានអ្នកណាស្គាល់អញ គ្មានអ្នកណាមករាក់ទាក់នឹងអញ ក្រៅពីអ្នករៀបចំកម្មវិធីពីរបីនាក់នោះសោះ។ អញធំដែរតើ!
អាសុធីរ៖ មនុស្សភាគច្រើនយល់ច្រឡំថា ធ្វើធំនៅកន្លែងមួយ គឺធំនៅគ្រប់កន្លែង ហើយចង់ឲ្យអ្នកផ្សេងត្រូវគោរព និងខ្លាចពួកគាត់គ្រប់ៗគ្នា គ្រប់កន្លែង គ្រប់ពេល។ អ្ហែងធ្វើធំនៅក្រសួងរបស់អ្ហែង អ្ហែងគឺជាមេនៅតែក្រសួងរបស់អ្ហែងតែមួយគត់។ ខ១ ធ្វើយ៉ាងណាឲ្យមន្ត្រីថ្នាក់ក្រោមរបស់អ្ហែង គោរពអ្ហែងឲ្យបានគ្រប់គ្នាសិនទៅ។ ខពីរ បើចង់បានការគោរព និងការទទួលស្គាល់ពីសាធារណៈ ត្រូវធ្វើការងារជាប្រយោជន៍ដល់សាធារណៈ។ ឲ្យប្រយោជន៍ទៅគេ គេនឹងគោរពកោតខ្លាចអ្ហែង។
អាសំណាង៖ ចុះអ្ហែង? អ្ហែងគោរពកោតខ្លាចអ្នកណា?
អាសុធីរ៖ អញមិនបាច់ប្រៀបធៀបទៅណាឆ្ងាយនោះទេ។ ពេលខ្លះ អញត្រូវគោរពកោតខ្លាច មីងអ្នកនៅជាមួយគ្រួសារអញ ដែលគាត់ជួយដាំបាយ មើលការខុសត្រូវបញ្ហាក្នុងផ្ទះ។ អញឲ្យប្រាក់ខែគាត់មែន ប៉ុន្តែអញនៅតែខ្លាច ថាគាត់ឈប់នៅជាមួយ ព្រោះគាត់ជាមនុស្សល្អ ហើយជួយសម្រួលបន្ទុកកិច្ចការគ្រួសារអញបានច្រើន។
អាសំណាង៖ ចុះអញ ចេញលុយកាហ្វេឲ្យអ្ហែងរាល់ព្រឹក អ្ហែងខ្លាចអញ ឬអត់?
អាសុធីរ៖ ខ្លាចហើយ បានសុខចិត្តចំណាយពេលកំដរអ្ហែងរាល់ព្រឹក ផ្តល់គំនិត និងឆ្លើយសំណួររបស់អ្ហែងរាល់ថ្ងៃហ្នឹង!
© រក្សាសិទ្ធិដោយ thmeythmey.com