ជាតិ
រដ្ឋ​ម​ន្រី្ត​ពាណិជ្ជកម្ម ជំរុញ​ឲ្យម​ន្រី្ត​កាំកុងត្រូល បន្ត​ពង្រឹង​សុវត្ថិភាព​ម្ហូបអាហារ
18, Jan 2019 , 3:16 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បន្ត​ប្រឹងប្រែង​ត្រួតពិនិត្យ​ទំនិញ​ផ្ទុក​សារធាតុ​គីមី ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ដែល​កំពុង​ចរាចរណ៍​នៅលើ​ទីផ្សារ ដើម្បី​ការពារ​សុខមាលភាព​ប្រជាជន និង​ភ្ញៀវទេសចរ​។​

 
​លោក ប៉ាន់ សូរ​សក្តិ បាន​រំឭក​ឡើងវិញ​នូវ​ចំណុច​សំខាន់ៗ ពាក់ព័ន្ធ​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ និង​ការធ្វើ​ធុរកិច្ច​ដោយ​សមធម៌ ដែល​បានចែង​នៅក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើយ៉ាងណា​អនុវត្ត​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ក្នុងការ​ទប់ស្កាត់ និង​លុបបំបាត់​អាហារ​ខូចគុណភាព ក្នុងទិសដៅ​ធានា​សុវត្ថិភាព​ចំណីអាហារ​។ 


 
​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​កាំកុងត្រូល កាលពី​ថ្ងៃទី​១៧ មករា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ពិតជា​មានការ​ពេញចិត្ត ចំពោះ​ស្នាដៃ​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល ជាពិសេស​ថ្នាក់ដឹកនាំ និង​មន្ត្រី ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ​យ៉ាងសកម្ម​។ ប៉ុន្តែ​យើង​មិនត្រូវ​បញ្ឈប់​សកម្មភាព​ត្រឹមនេះ​ទេ ពីព្រោះ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ គឺជា​អាយុជីវិត​របស់​ជាតិ​! ហើយ​តាមរយៈ​ការមកដល់​នូវ​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ​ថ្ងៃនេះ ខ្ញុំ​ស្នើ​មន្ត្រី​របស់​យើង ខិតខំ​បង្កើន​សកម្មភាព​ថែមទៀត ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាជន​» ។​


 
​បច្ចុប្បន្ន​បញ្ហា​កង្វះ​សុវត្ថិភាព​ចំណីអាហារ បាន​ក្លាយជា​ក្តីកង្វល់​សម្រាប់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ទូទាំង​ពិភពលោក សូម្បីតែ​នៅ​ប្រទេស​ជឿនលឿន ដូចជា​សហរដ្ឋអាមេរិក​ក្តី​។​


 
​កាលពី​ឆ្នាំ​២០១៨ មន្ត្រី​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ និង​សេវាកម្ម​ទូទាំងប្រទេស ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ម្ហូបអាហារ ការពារ​អ្នកប្រើប្រាស់ និង​ធានា​ការធ្វើ​ធុរកិច្ច​ដោយ​សមធម៌​។ តាមរយៈ​ការ​ស្កាត់​ត្រួតពិនិត្យ​ទំនិញ​នៅតាម​មាត់ច្រក​ព្រំដែន និង​ទីផ្សារ រួមទាំង​ស្ថានីយប្រេងឥន្ធនៈ និង​ដេប៉ូ​ចែកចាយ​នានា មន្ត្រី​កាំកុងត្រូល បាន​ប្រមូល​ទំនិញ​គ្មាន​អនុលោម មក​ធ្វើ​ការដុត​កំទេចចោល​រហូតដល់​ទៅ​ជាង ៤៩​តោន​។ ចំណែក​ស្ថានីយ និង​ដេប៉ូ​ចាក់​ប្រេង​ចំនួន ១៧២ ក្នុងចំណោម ៤៩៩ មាន​កម្រិត​លំអៀង​ផ្នែក​បរិមាណ រីឯ​ស្ថានីយ​ចំនួន ៩​ទៀត មាន​ការលួចបន្លំ​គុណភាព​៕

© រក្សាសិទ្ធិដោយ thmeythmey.com