អន្តរជាតិ
លោក ស៊ី ជិន​ភីង ដាស់តឿន​មន្ត្រី​ឲ្យ​កម្ទេច​អំពើពុករលួយ​ក្នុង​ក្របខណ្ឌ​អនុវត្ត​ច្បាប់
18, Jan 2019 , 9:39 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ប្រាប់​ទៅកាន់​ភ្នាក់ងារ​តុលាការ​និង​អនុវត្ត​ច្បាប់​ថា ពួកគេ​ត្រូវតែ​លាងខ្លួន​ឲ្យ​បាន​ស្អាត ដោយ​បោសសម្អាត​អំពើពុករលួយ និង​ហាម​ការរំលោភ​អំណាច​។ ការ​ដាស់តឿន​របស់​មេដឹកនាំ​ចិន​រូបនេះ គឺធ្វើឡើង​ខណៈដែល​អាជ្ញាធរ​ក្រុង​ប៉េកាំង​បន្ត​ស៊ើបអង្កេត​លើ​ឯកសារ​ស្របច្បាប់​មួយចំនួន ដែល​បាន​បាត់​ពី​តុលាការ​កំពូល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។

 
​ថ្លែង​នៅក្នុង​ជំនួប​ប្រចាំឆ្នាំ​កម្រិត​ខ្ពស់​មួយ​ស្តីពី​កិច្ចការ​ច្បាប់​និង​នយោបាយ នៅ​ថ្ងៃ​ពុធ​ទី​១៧ មករា លោក ស៊ី ជីន​ភីង បាន​ប្រាប់​ក្រុមមន្ត្រី​ថា​៖ «​ត្រូវតែ​ប្រឆាំង​ដាច់ខាត​ទៅនឹង​ការធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ច្បាប់​, ការខុស​ធ្លោយ​របស់​តុលាការ​, ល្មើសច្បាប់​ស្របពេល​កំពុង​អនុវត្ត​ច្បាប់ និង​អំពើពុករលួយ​ជាដើម​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ 
 
​បន្ថែម​ពី​ការ​ដាស់តឿន​នេះ លោក ស៊ី ក៏បាន​ឲ្យ​យោបល់​ថា ភ្នាក់ងារ​តុលាការ​និង​អនុវត្ត​ច្បាប់​ត្រូវតែ​តម្រង់​កាំបិត​ទៅកាន់​ខ្លួនឯង​, កោស​ជាតិពុល​ចេញពី​ឆ្អឹង​របស់​ពួកគេ ហើយ​ចុងក្រោយ​លុបបំបាត់​ពួក​ដង្កូវ​ក្នុង​សាច់​។ ការព្រមាន​របស់លោក​ស៊ី​នេះ គឺធ្វើឡើង​ក្រោយពី​គណៈកម្មការ​កិច្ចការ​ច្បាប់​និង​នយោបាយ​កណ្តាល​នៃ​បក្ស​កុម្ម​យ​នី​ស​ចិន​កាលពី​សប្តាហ៍​មុន បាន​បើក​ការស៊ើបអង្កេត​រួមគ្នា​ដ៏​កម្រ​មួយ​ជាមួយ​ក្រុមប្រឆាំង​អំពើពុករលួយ ជុំវិញ​រឿង​បាត់​ឯកសារ​ច្បាប់​មួយចំនួន​ពី​តុលាការ​កំពូល​ចិន​។ 
 
​ឯកសារ​ទាំងនោះ​ត្រូវបាន​បាត់​ក្នុង​ឆ្នាំ​២០១៦​។ វា​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះ​កិច្ចសន្យារ​ដ៏​រ៉ាំ​រៃ​មួយ​រវាង ក្រុមហ៊ុន​ឯកជន​មួយ និង​សហគ្រាស​របស់​រដ្ឋ  ជុំវិញ​សិទ្ធិ​កាន់កាប់​ទីតាំង​ខូង​យក​រ៉ែ​ធ្យូងថ្ម​មួយ ក្នុង​ខេត្ត  Shaanxi  ដែល​គិត​ជា​ទំហំ​ទឹកប្រាក់​ដល់​ទៅ ៥៦,១៥ ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត South China Morning Post ។ តុលាការ​កំពូល​បាន​បដិសេធ​ការលើកឡើង​ពី​ការបាត់បង់​ឯកសារ​នេះ ប៉ុន្តែ​ភ្លាមៗ​នោះ​ខ្លួន​បាន​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​មួយ ក្រោយពី​មានការ​រិះគន់​ពី​ភាពមិនប្រក្រតី​ក្នុង​ប្រព័ន្ធតុលាការ​។ 
 
​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៤ លោក ស៊ី ជិន​ភីង បាន​ប្តេជ្ញា​លុបបំបាត់ចោល​នូវ​អំពើពុករលួយ និង​ឆ្កឹះ ពួក​ដង្កូវ​ក្នុង​សាច់​ចេញពី​ក្របខណ្ឌ​តុលាការ និង​ការអនុវត្ត​ច្បាប់​។ គិត​មកទល់ពេលនេះ  មាន​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នាក់ ដែល​រងគ្រោះ​ដោយសារ​យុទ្ធនាការ​នេះ​។​
 
​ក្នុងចំណោម​នោះ  លោក ចូ​វ យ៉ុង​ខាង អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយ របស់​គណៈកម្មាធិការ​មជ្ឈិមបក្ស គឺជា​មន្ត្រី​មាន​តំណែង​ខ្ពស់​ជាងគេ ដែល​រងគ្រោះ​ដោយសារ​យុទ្ធនាការ​របស់លោក ស៊ី ។ ជា​អតីតរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ និង​ជា​មេ​ប៉ូលិស​ជាតិ​ផង​នោះ លោក ចូ​វ កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។ មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង​នេះ និង​មន្ត្រី​ខ្លះទៀត​ដែល​ជាប់ទាក់ទង​លោក ចូ​វ ក៏ត្រូវ​កាត់ទោស​ធ្ងន់ៗ​ដែរ​៕
 

Tag:
 ​ស៊ី​ជិន​ភីង​
  ចិន​
  អំពើពុករលួយ​
© រក្សាសិទ្ធិដោយ thmeythmey.com