អន្តរជាតិ
លោក មហាធៀ ថា ស្ថិរភាពនិងអភិបាលកិច្ចល្អចាំបាច់សម្រាប់ដំណើរការរបស់ប្រទេស
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បានលើកឡើងថាអភិបាលកិច្ចល្អនិងស្ថិរភាពជាធាតុផ្សំដ៏សំខាន់ សម្រាប់ធ្វើឲ្យប្រទេសដំណើរការទៅមុខបានល្អ។ ប្រមុខដឹកនាំដ៏ចំណាស់រូបនេះបាននិយាយបែបនេះនៅក្នុងសារវីដេអូមួយនៅពេលបើកកម្មវិធីសន្និសីទអន្តរជាតិលើកទីបីស្តីពីការងើបឡើងនៃតំបន់អាហ្វ្រិកនៅថ្ងៃទី១៨ ខែមករា។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យចំណាស់ លោក មហាធៀ មហាម៉ាត់ ជឿជាក់ថា លោកមានបទពិសោធច្រើនគួរសមក្នុងការដឹកនាំប្រទេស ចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍ទៅកាន់ប្រជាជាតិមានប្រាក់ចំណូលមធ្យមខ្ពស់មួយ។ យោងតាមសារព័ត៌មាន Bernama លោកនាយករដ្ឋមន្ត្រីវ័យ៩៣ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា គ្រប់ប្រទេសទាំងអស់អាចធ្វើតាមអ្វីដែលលោកផ្តល់ឲ្យនេះ។
«រឿងដែលសំខាន់បំផុតដើម្បីអាចផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ប្រទេសមួយបាន គឺអាស្រ័យលើស្ថិរភាពក៏ដូចជាអភិបាលកិច្ចល្អ។ ហើយនៅពេលវាកើតឡើងនោះ ប្រទេសនឹងដំណើរការមុខយ៉ាងរលូនតែម្តង»។ នេះជាការបញ្ជាក់របស់លោក មហាធៀ ដែលជាមេដឹកនាំអាស៊ីតែម្នាក់គត់ ដែលត្រូវបានអញ្ជើញឲ្យចូលសន្និសីទអន្តរជាតិខាងលើនេះ ដែលរៀបចំឡើងចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ១៩ ខែមករា។
ក្រៅពីចូលរួមក្នុងសន្និសីទនេះ លោក មហាធៀ ក៏បានជួបពិភាក្សាជាមួយមេដឹកនាំអាហ្វ្រិកមួយចំនួនផងដែរ ដូចជា ប្រធានាធិបតីសេណេហ្កាល់ Macky Sall និងប្រធានាធិបតីម៉ាលី Ibrahim Boubacar Keita។ ជាមួយនឹងមូលបទ «ការងើបឡើង, វិស័យឯកជន និងបរិយាប័ន្ន» សន្និសីទនេះផ្តល់ឱកាសដល់លោក មហាធៀ ដើម្បីបង្ហាញភាពជោគជ័យនៃភាពជាដៃគូឯកជន-សាធារណៈក្នុងប្រទេសម៉ាឡេស៊ីថែមទៀតផង៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com