អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហ​បុរី​ចង់បាន​F-35 ពី​អាមេរិក​មក​សាក​គុណភាព មុន​ទិញ​ប្រើ​ជំនួស F-16 ដែល​ជិត​ហួស​សម័យ
18, Jan 2019 , 5:00 pm        
រូបភាព
ក្រសួងការពារជាតិ​សិង្ហ​បុរី​នៅ​ថ្ងៃទី​១៨ ខែមករា ប្រកាសថា ខ្លួន​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​អាមេរិក​ពីរ​បី​គ្រឿង​ដើម្បី​ធ្វើតេស្ត​សមត្ថភាព មុននឹង​សម្រេចចិត្ត​ទិញ​ក្នុង​បរិមាណ​ច្រើន​ដើម្បី​ជំនួស​យន្តហោះ F-16 ដែល​ជិត​ហួស​សម័យ​។ ការប្រកាស​នេះ គឺជា​ការបញ្ចប់​ពាក្យ​មាត់ចាបមាត់ព្រាប​ជុំវិញ​គម្រោង​នេះ ដោយ​កន្លងមក​សិង្ហ​បុរី​បាន​សម្លឹងមើល​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ជាច្រើន​ដូចជា យន្តហោះ​ស៊េរី Typhoon របស់​អឺរ៉ុប ឬ​ស៊េរី J របស់​ចិន​។ 

 
​រដ្ឋ​អាស៊ាន​សិង្ហ​បុរី បានប្រកាស​ពី​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​របស់​អាមេរិក F-35 មួយចំនួន ដោយ​ក្រសួងការពារជាតិ​ប្រទេស​នេះ​វាយតម្លៃថា F-35 ជា​ជម្រើស​សក្តិសម​បំផុត​ដើម្បី​ជំនួស​យន្តហោះ F-16 របស់​អាមេរិក​ដូចគ្នា​។ សិង្ហ​បុរី​បាន​ប្រើប្រាស់​យន្តហោះ F-16 ក្នុង​ជួរ​ទ័ពអាកាស​របស់ខ្លួន​តាំងពី​ឆ្នាំ​១៩៩៨ មក ហើយ​ការវាយតម្លៃ​បច្ចេកទេស​ចុងក្រោយ​បង្ហាញថា F-16 ទាំងនោះ ត្រូវ​ចូលនិវត្តន៍​ក្រោយ​ឆ្នាំ​២០៣០ ។  
 
​ក្នុង​សេចក្ដីប្រកាស​តាម Facebook ក្រសួងការពារជាតិ​សិង្ហ​បុរី​លើកឡើងថា កងទ័ពអាកាស​សិង្ហ​បុរី​នឹង​ទិញ F-35 មួយចំនួន​ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន មុននឹង​សម្រេចចិត្ត​បន្ថែមទៀត​តាម​ក្រោយ​។ ជំហាន​បន្ទាប់ ក្រសួង​ដដែល​នឹង​ជជែក​ព័ត៌មាន​ពិស្ដារ​ជាមួយ​ភាគី​អាមេរិក​មុននឹង​បញ្ជាក់​ជា​ចុងក្រោយ​ពី​ផែន​ការទិញ​យន្តហោះ​ស៊េរី​ចុងក្រោយ​មួយ​នេះ​សម្រាប់​ការលើកកម្ពស់​សមត្ថភាព​ការពារ​ខ្លួន​។​
 
​ជុំវិញ​ដំណើរ​ការទិញ​យន្តហោះ F-35 នេះ រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី អ៊ឹង អេង​ហេន អះអាងថា អាច​ចំណាយពេល​ពី​៩​ទៅ​១២​ខែ ហើយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​សិង្ហ​បុរី​នឹង​ទាក់ទង​ជាមួយ​អាមេរិក​ដើម្បី​ជំរុញ​ដំណើការ​ទិញ​នេះ​។ ការជជែក​នឹង​ផ្ដោតលើ​តម្លៃ គុណភាព ប្រភេទ​យន្តហោះ​ដែល​ត្រូវ​ទិញ ការដឹកជញ្ជូន និង​ការហ្វឹកហាត់​អ្នកបើក​បរផង​។ 
 
​យន្តហោះ​ចម្បាំង​ធុន F-35A ដែល​ត្រូវការ​ផ្លូវ​រត់​វែង​ដើម្បី​ចុះចត មានតម្លៃ​ដល់​ទៅ​៨៩,២​លាន​ដុល្លារ​ក្នុង​មួយគ្រឿង​។ នេះ​បើតាម​ក្រុមហ៊ុន Lockheed Martin ដែលជា​អ្នក​ផលិត​យន្តហោះ​ប្រភេទ​នេះ​។ ប៉ុន្តែ​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia ផ្សាយ​ថា សិង្ហ​បុរី​ចង់​ទិញ F-35B វិញ ទោះ​មានតម្លៃ​ថ្លៃ​ជាង F-35A ក្ដី តែ​វា​មាន​សមត្ថភាព​ខ្ពស់ជាង​ដោយ​អាច​ចុះចត​តាម​ទិស​បញ្ឈរ ហើយ​មិន​ត្រូវការ​ផ្លូវ​រត់​ឆ្ងាយ​ឡើយ​។    
 
​កាន់តែ​ពិសេស​នោះ​យន្តហោះ​ធុន F-35 នេះ អាច​ចេញ​ប្រយុទ្ធ​ជា​ក្រុម ប្រមូល​ទិន្នន័យ​សត្រូវ និង​ចែករំលែក​ព័ត៌មាន​ទាំងនោះ​រវាង​គ្នា​តាម​បណ្ដាញ​ដែលមាន​សុវត្ថិភាព​ផង​។ ក្រៅពី​សមត្ថភាព​ទាំងនេះ ក្រសួងការពារជាតិ​សិង្ហ​បុរី​នឹង​វាយតម្លៃ​លើ​គុណសម្បត្តិ​ផ្សេង​ទៀតថា សមស្រប​នឹង​ការងារ​ដទៃ​ក្នុង​ជួយ​កងទ័ព​សិង្ហ​បុរី​ឬ​អត់​។ ទោះជា​យន្តហោះ​មានគុណ​សម្បត្តិ​ច្រើនក្ដី F-35 ក៏​ជួប​បញ្ហា​មិនតិច​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​១៧​ឆ្នាំ​ខ្លួន​។​
 
​កម្មវិធី​អភិវឌ្ឍ F-35 នេះ ជួប​បញ្ហា​ពន្យារពេល​ជាច្រើន​ដង ចំណាយលុយ​ច្រើន មាន​បញ្ហា​បច្ចេកទេស​ក្នុង​ផ្នែក​កៅអី​អ្នកបើកបរ និង​មួក​ជាដើម​។ កាលពី​ខែកញ្ញា​ឆ្នាំ​២០១៨ យន្តហោះ F-35B បាន​ធ្លាក់​នៅ​រដ្ឋ South Carolina ប៉ុន្តែ​គ្មាន​អ្នករបួស​ឡើយ ឯ​បញ្ហា​វិញ​កើត​ត្រង់​បំពង់​ប្រេង​យន្តហោះ​តែម្ដង​។ យ៉ាងណាមិញ ការផលិត​យន្តហោះ F-35 បាន​កើន​ឡើងជា​បន្តបន្ទាប់​ដោយមាន​អតិថិជន​ជាច្រើន​ដូចជា​អង់គ្លេស កូរ៉េខាងត្បូង អូស្ត្រាលី និង​ជប៉ុន​ជាដើម​៕ 
 
 

Tag:
 សិង្ហ​បុរី​
  អាមេរិក​
  F-35
© រក្សាសិទ្ធិដោយ thmeythmey.com