ជាតិ
សង្គមជាតិ
អាជ្ញាធរ ប្រកាស​ពី​ការ​ចល័ត​អាវុធ​និង​រថពាសដែក ដើម្បី​សាទរ​ថ្ងៃ​បង្កើត​កងទ័ពជើងគោក
19, Jan 2019 , 8:40 am        
រូបភាព
រូបពីកងរាជអាវុធរាជធានីភ្នំពេញ
រូបពីកងរាជអាវុធរាជធានីភ្នំពេញ
​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​នេះ នឹងមាន​ការ​ចល័ត​អាវុធ​និង​រថពាសដែក ពី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដើម្បី​អបអរសាទរ​ខួប​គម្រប់​២០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​។ នេះ​បើ​យោងតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បានចេញ​សេចក្ដីជូនដំណឹង​នៅ​ថ្ងៃទី​១៧​មករា ឆ្នាំ​២០១៩​។

 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ថា នៅ​ថ្ងៃទី​២៤​មករា ឆ្នាំ​២០១៩ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នឹង​ប្រារព្ធ​ពិធី​ខួប​គម្រប់​២០​ឆ្នាំ នៃ​ការបង្កើត​បញ្ជាការដ្ឋាន​ទ័ពជើងគោក ស្ថិតក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២១០៩​នេះ បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវ​ចល័ត​អាវុធ និង​រថពាសដែក​ពី​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ទៅ​ទីតាំង​ប្រារព្ធ​ពិធី ធ្វើដំណើរ​តាមផ្លូវ​ព្រែក​ហូរ មហាវិថី​សម្ដេច​ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) បន្ត​កាត់​ផ្លូវ​២១៧ (​ផ្លូវ​រោងចក្រ​កែវ​) ផ្លូវ​ព្រៃ​ស ឆ្លងផ្លូវ​ជាតិ​លេខ​៣ តាមផ្លូវ​ប្រទះ​ប្រ​ឡាង ឆ្លងផ្លូវ​ដែកបត់​ស្ដាំ​តាមផ្លូវ​បេតុង តំបន់​សេដ្ឋកិច្ច​ពិសេស ដល់​ផ្លូវជាតិ​លេខ​៤ បត់​ស្ដាំ​ង​ឆ្ពោះទៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។ ក្រោយពេល​ប្រារព្ធ​ពិធី​ខួប​គម្រប់​២០​ឆ្នាំ​ចប់ បញ្ជាការដ្ឋាន​អង្គរក្ស​នឹង​ចល័ត​អាវុធ និង​រថពាសដែក​ពី​ទីតាំង​ប្រារព្ធ​ពិធី​តាមតម្រាយ​ផ្លូវ​ដដែល ចូលទៅ​បញ្ជាការដ្ឋាន​អង្គរក្ស​វិញ​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជម្រាប​ជូនដំណឹង​ដល់ ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ដងផ្លូវ​ខាងលើ កុំ​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចល័ត​អាវុធ និង​រថពាសដែក​នេះ​៕ 

Tag:
 ​ចល័ត​អាវុធ​
  កង​អង្គរក្ស​
© រក្សាសិទ្ធិដោយ thmeythmey.com