អន្តរជាតិ
នយោបាយអន្តរជាតិ
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី តតាំងសម្ដីគ្នាលើឆាកដើម្បីទាក់ទាញអ្នកបោះឆ្នោត front-លោក ចូកូ វីដូដូ និងបេក្ខភាពអនុប្រធានាធិបតីរបស់លោក (រូបភាព AFP)
×
បេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី នៅថ្ងៃទី១៧ ខែមករា បានចាប់ផ្ដើមវេទិកាដេញដោលលើកទីមួយដើម្បីប្រមូលការគាំទ្រសម្រាប់ការបោះឆ្នោតខែមេសា ឆ្នាំ២០១៩ ។ ប្រធានាធិបតីបច្ចុប្បន្ន ចូកូ វីដូដូ ដែលឈរឈ្មោះប្រជែងសម្រាប់អាណត្តិទីពីរ បានតតាំងសម្ដីគ្នាជាមួយគូប្រជែងស្រួចស្រាល់លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ ។ អ្នកនយោបាយទាំងពីរ បានរិះគន់គ្នាទៅមកលើប្រធានបទសំខាន់ៗដូចជាអំពើពុករលួយ សិទ្ធិស្ត្រី និងការអនុវត្តច្បាប់។
អតីតឧត្តមសេនីយ៍ ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ មេទ័ពសម័យមេដឹកនាំផ្ដាច់ការស៊ូហារតូ បានឡើងឆាកជាថ្មីដើម្បីប្រជែងកៅអីប្រធានាធិបតីដែលកំពុងអង្គុយដោយលោក ចូកូ វីដូដូ។ លោក សូប៊ីយ៉ាន់តូ ត្រូវបានលោក វីដូដូ ផ្ដួលទាំងមិនអស់ចិត្តក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំ២០១៤ ដែលធ្វើឲ្យលោក វីដូដូ ក្លាយជាមេដឹកនាំឥណ្ឌូណេស៊ីដំបូងគេគ្មានប្រភពពីយោធា ឬសម្ព័ន្ធនយោបាយជាន់ខ្ពស់ណាមួយសោះ។
លោក វីដូដូ ដែលត្រូវបានគេស្គាល់ជាទូទៅថា ចូកូវី និងលោក សូប៊ីយ៉ាន់តូ បានជួបគ្នាជាថ្មីលើឆាកដេញដោលពីគោលនយោបាយនៅថ្ងៃទី១៧ ខែមករា។ នេះជាការជជែកតស៊ូមតិលើកទីមួយក្នុងចំណោមប្រាំ មុនការបោះឆ្នោតថ្ងៃទី១៧ ខែមេសា។
លោក ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ និងបេក្ខភាពអនុប្រធានាធិបតីរបស់លោក (រូបភាព AFP)
ពាក់អាវឈរក្បែរបេក្ខជនអនុប្រធានាធិបតីរបស់ខ្លួន គឺបព្វជិតឥស្លាម Ma'ruf Amin នោះ លោក វីដូដូ បាននិយាយការពារសមិទ្ធផលរបស់រដ្ឋាភិបាលលោក និងបានវាយប្រហារគោលនយោបាយគូប្រជែងរបស់ខ្លួន។ លោក វីដូដូ ចោទលោក សូប៊ីយ៉ាន់តូ ថា អនុញ្ញាតឲ្យអ្នកនយោបាយជាប់ពាក់ព័ន្ធអំពើពុករលួយឈរឈ្មោះការបោះឆ្នោតសភា និងមិនផ្ដល់តំណែងឲ្យស្ត្រីក្នុងបក្សរបស់ខ្លួន ដែលផ្ទុយពីរដ្ឋាភិបាលដែលបានឲ្យស្ត្រី៩នាក់កាន់តំណែងរដ្ឋមន្ត្រី។
លោក សូប៊ីយ៉ាន់តូ ដែលពាក់អាវខ្មៅ និងក្រវាត់កក្រហម ក៏ឆ្លើយវិញថា បក្ស Gerindra របស់លោក បានអនុញ្ញាតឲ្យស្ត្រីជាច្រើនធ្វើជាបេក្ខជនតំណាងរាស្ត្រ និងរិះគន់រដ្ឋមន្ត្រីស្ត្រីក្នុងគណៈរដ្ឋមន្ត្រីរបស់លោក វីដូដូ ដែលសម្រេចចិត្តមិនសូវមានប្រសិទ្ធភាព។ លើរឿងពុករលួយ អតីតមេទ័ពរូបនេះសន្យា ចាត់វិធានការតឹងតែងលើជនល្មើស ដោយយកពួកគេទៅឃុំនៅកោះដាច់ស្រយាល ហើយឲ្យធ្វើការងាធ្ងន់ៗជាដើម។
យ៉ាងណាមិញ បេក្ខជនប្រធានាធិបតីទាំងពីរមិនបាននិយាយសោះពីការចោទប្រកាន់លើលោក សូប៊ីយ៉ាន់តូ ជុំវិញការបំពានសិទ្ធិមនុស្សសម័យលោក ស៊ូហារតូ ។ លោក សូប៊ីយ៉ាន់តូ ដែលជាអតីតមេបញ្ជាការកម្លាំងពិសេសរងការចោទថា ចាប់ពង្រត់ និងធ្វើទារុណកម្មលើនិស្សិតអំឡុងពេលបាតុកម្មឆ្នាំ១៩៩៨ ដែលឈានដល់ការដួលរលំរបបផ្ដាច់ការ។ មន្ត្រីក្រុមឃោសនារបស់លោកនិយាយការពារថា លោក សូប៊ីយ៉ាន់តូ ធ្វើតាមបញ្ជាថ្នាក់លើប៉ុណ្ណោះ៕
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
ប្រាបូវ៉ូ សូប៊ីយ៉ាន់តូ
© រក្សាសិទ្ធិដោយ thmeythmey.com