ជាតិ
សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម៖ ការយកពន្ធ​អង្ករ មិន​ជាប់​ពាក់ព័ន្ធ ​EBA ​ទេ​
18, Jan 2019 , 7:20 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​គិត​ពន្ធ​លើ​ថ្លៃ​អង្ករ​កម្ពុជា នាំចូល​ទីផ្សារ​សហភាព​អឺរ៉ុប កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ ដែល​មជ្ឈដ្ឋាន​ទូទៅ​កំពុង​គិតថា សហភាព​អឺរ៉ុប​ដក​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា (Everything But Arms)​។ ការគិត​បែបនេះ​ជា​រឿង​យល់ច្រឡំ​ប៉ុណ្ណោះ ព្រោះ​ការយកពន្ធ​លើ​ថ្លៃ​អង្ករ​កម្ពុជា​នេះ គ្មាន​ពាក់ព័ន្ធ​អ្វី​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើយ​។​


 
​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្ត្រ បាន​ពន្យល់ថា វិធាន​ការដែល​សហភាព​អឺរ៉ុប ដាក់​លើ​លើ​កម្ពុជា​នេះ វា​មិនមែន​ពាក់ព័ន្ធ​លើ​ការអនុគ្រោះ​ពន្ធ​ទេ ពោលគឺ​ការយកពន្ធ​នេះ អនុវត្ត​លើ​ពន្ធ​ដែល​កម្ពុជា​ត្រូវ​បង់​ឲ្យ​គយ​អឺរ៉ុប ដែល​មានចែង​នៅក្នុង​ច្បាប់​ជា​ធរមាន​ស្រាប់​។ ត្រង់ចំណុច​នេះ​លោក សុខ សុភ័ក្ត្រ ពន្យល់​ដោយ​លើក​ឧទាហរណ៍​ថា បើ​កម្ពុជា​នាំ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប ដោយ​គិត​ពន្ធ​១០០​ដុល្លារ​ក្នុង​មួយ​តោន​នោះ បានន័យថា វិធានការ​កម្រិត​ពន្ធ​ថ្មី​នេះ គេ​នឹង​អនុវត្ត​តម្លៃ​ពន្ធ​បូក​បន្ថែម​លើ​ពន្ធ​អង្ករ ដែល​កម្ពុជា​ត្រូវអនុវត្ត​ស្រាប់​។ 
 
​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកព័ត៌មាន នៅក្នុង​សន្និសីទកាសែត​ជុំវិញ​ការយកពន្ធ​អង្ករ​កម្ពុជា​ពី​សំណាក់​សហភាព​អឺរ៉ុប លោក សុភ័ក្ត្រ ពន្យល់​បន្ថែម​ដូច្នេះ​ថា​«​បើ​យើង​នាំ​អង្ករ​ទៅ​អឺរ៉ុប ហើយ​ពន្ធ​យើង​នាំ​អង្ករ​ចេញទៅ​អឺរ៉ុប ១០០​ដុល្លារ​ក្នុង​មួយ​តោន គេ​ដាក់​វិធាន​នេះ គឺ​គេ​បូក​លើ​ពន្ធ​ដែលមាន​ស្រាប់​។ តែ​យើង​នៅក្រោម​EBA (​ពន្ធ​)​យើង​សូន្យ​បាត់ទៅហើយ អ៊ីចឹង​គេ​បូក​បន្ថែម​ពីលើ​សូន​(​តម្លៃ​ពន្ធ​សូន្យ​)​ហ្នឹង ដូច្នេះ​វា​មិនមែន​មកពី​EBA​ទេ ហើយ​និយាយ​ឲ្យ​ខ្លី​ទៅ​មិនមែន​EBA​ទេ​»​។ 
 
​សូម​ស្ដាប់​សំឡេង​៖



 
​ដើម្បី​កុំ​ឲ្យ​មាន​យល់ច្រឡំ​នោះ រដ្ឋលេខា​ក្រសួងពាណិជ្ជកម្ម​រូបនេះ បានបញ្ជាក់​ទៀតថា ករណី​គិត​ពន្ធ​អង្ក​រលើ​កម្ពុជា​នេះ មិនមែន​ស្ថិតនៅក្នុង​រឿង​នយោបាយ ដែល​តម្រូវ​ឲ្យ​សហភាព​អឺរ៉ុប ចាត់វិធានការ​គិត​ព​ន្ធ​អង្ក​រលើ​កម្ពុជា ដូច​ការលើកឡើង​ឡើយ​។ បើតាម​លោក សុភ័ក្ត្រ មូលហេតុ​ដែលមាន​ការ​គិត​ពន្ធ​អង្ក​រលើ​កម្ពុជា​នេះ ដោយសារតែ​ខាង​គណៈកម្មការ​សហភាព​អឺរ៉ុប រៀបចំ​បង្កើត​បច្ចេកទេស​(​បន្ទាត់​ពន្ធគយ​)​ទៅ​បំភ័ន្ត​ឲ្យ​ស្របតាម​ប​ញ្ញ​ត​ក្នុងស្រុក​របស់​ពួកគេ ដើម្បី​ធ្វើ​យ៉ាងម៉េច​ទាញ​អង្ករ​កម្ពុជា ធៀប​ទៅ​ដូច​អង្ករ​អ៊ីតាលី​ផលិត​លក់ ហើយ​ឲ្យ​បង់ពន្ធ​ដូចគ្នា ។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​យល់ច្រឡំ​ថា សហភាព​អឺរ៉ុប​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ផ្នែក​អង្ករ​ពី​កម្ពុជា ខណៈដែល​អង្ករ​កម្ពុជា ក៏​ជា​មុខទំនិញ​មួយ ដែល​ស្ថិតក្រោម​ការអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ដែរ​។ 
 
អត្ថបទទាក់ទង
 
ការសម្រេច​យកពន្ធ​លើ​អង្ករ​នេះ ត្រូវ​គិត​ចាប់ពី​ថ្ងៃទី​១៨​ខែមករា​នេះ​តទៅ តែ​ការដក​ហូតពន្ធ​នេះ​ត្រូវ​បន្ធូរបន្ថយ​តាម​ដំណាក់កាល​ក្នុង​រយៈពេល​៣​ឆ្នាំ​។ ឆ្នាំ​ដំបូង​គិត​ពន្ធ ១៧៥​អឺរ៉ូ (​ប្រហែល​២០០​ដុល្លារ​) ក្នុង​មួយ​តោន ឆ្នាំ​ទី​២​មកទៀត ពន្ធ​នេះ​ធ្លាក់​មក​ត្រឹម ១៥០​អឺរ៉ូ និង ១២៥​អឺរ៉ូ​នៅ​ឆ្នាំ​ទី​៣​។ ការយកពន្ធ​នេះ គឺ​អនុវត្ត​សម្រាប់​អង្ករ​នាំ​ចេញពី​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា​។
​ការសម្រេច​យកពន្ធ​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​បើក​ការស៊ើបអង្កេត​ជុំវិញ​សំណុំរឿង​អង្ករ​នេះ ក្រោយពី​មាន​បណ្ដឹង​របស់​ប្រទេស​អ៊ីតាលី និង​មានការ​គាំទ្រ​ពី​ប្រទេស​មួយចំនួន ដែល​បាន​ចោទថា​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ដែល​នាំចូល​សហភាព​អឺរ៉ុប បានធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ផលិត​នៅ​ប្រទេស​ទាំងនោះ​។​
 
​អង្ករ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប មានតម្លៃ​ទាប​ជាង​អង្ករ​របស់​អ៊ី​តា​ល​៣​ទៅ​៤​ដង ដែលជា​មូលហេតុ​នាំ​ឲ្យ​អង្ករ​របស់​អ៊ីតាលី ជា​ប្រទេស​ផ្គត់ផ្គង់​អង្ករ​នៅ​អឺរ៉ុប​ដ៏​ធំ​មួយ​នេះ បាត់បង់​ទីផ្សារ​។ ដូច្នេះ​រដ្ឋាភិបាល​អ៊ីតាលី គឺ​មិន​សប្បាយចិត្ត​ចំពោះ​កម្ពុជា​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វុន អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នៅ​រដ្ឋសភា​កម្ពុជា ដែល​ធ្លាប់​រិះគន់​លោកស្រី Federica Mogherini រដ្ឋមន្ត្រីការបរទេស​សហភាព​អឺរ៉ុប ដែលជា​ជនជាតិ​អ៊ីតាលី ហើយ​តែងតែ​លើ​ករណី​បញ្ហា​អនុគ្រោះ​ពន្ធ​កម្ពុជា ដាក់​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អឺរ៉ុប ដើម្បី​សងសឹក​នឹង​កម្ពុជា ដែល​ដណ្ដើមបាន​ទីផ្សារ​អង្ករ​ពី​អ៊ីតាលី​៕
 
 

Tag:
 ពាណិជ្ជកម្ម​
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com