ជាតិ
នាយករដ្ឋមន្ត្រី​ខ្មែរ នឹង​ទៅ​ជួប​មេដឹកនាំ​ចិន ដើម្បី​ពង្រឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​
19, Jan 2019 , 10:42 am        
រូបភាព
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងប្រធានាធិបតីចិននាពេលកន្លងមក
ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជានិងប្រធានាធិបតីចិននាពេលកន្លងមក
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជូនដំណឹង​ជាថ្មី ពី​ការបំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន ដែល​នឹងត្រូវ​ចេញដំណើរ​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា មាន​គម្រោង​ជួប​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន និង​លោក លី ឃឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​។

 

 
​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានសរសេរថា ជំនួប​ដ៏​សំខាន់​នេះ គឺ​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុ​ទ្ឋ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ មេដឹកនាំ​កម្ពុជា បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅក្នុង​ឱកាស​នោះ យើង នឹងមាន​កិច្ចពិភាក្សា​លើ​ការពង្រឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​»​។​
 
​ក្រៅពីនេះ ជំនួប​រវាង​មេដឹកនាំ​កម្ពុជា​និង​មេដឹកនាំ​ចិន ក៏​នឹងមាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​និង​កិច្ចព្រមព្រៀង​មួយចំនួន​ផងដែរ​។ មេដឹកនាំ​កម្ពុជា លើកឡើង​បែបនេះ​ថា​៖«​មិត្ត​ចិន​មាន​ទំនាក់ទំនង​ល្អ​ដូចជា​បងប្អូន និង​បាន​ជួយ​កម្ពុជា​យើង​យ៉ាងច្រើន​ចាប់តាំងពី​ជំនាន់​សម្តេច​តា​មកទល់​សព្វថ្ងៃនេះ​។ កម្ពុជា សូម​អរគុណ​មិត្ត​ចិន ចំពោះ​ការជួយជ្រោមជ្រែង​ទាំងឡាយ ដែល​បានធ្វើ​ឲ្យ​កម្ពុជា​រីកចម្រើន​មកទល់​សព្វថ្ងៃ​»​។ 
 
​សូមបញ្ជាក់ថា ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋា​ភិ​កម្ពុជា​នៅ​ប្រទេស​ចិន នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៣ ខែមករា​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com