កីឡាជាតិ
ជាតិ
កម្ពុជា ធ្លាប់បាន​លេខ​៤​នៅ Asian Cup ម្តង ក្នុង​ឆ្នាំ​១៩៧២
19, Jan 2019 , 2:59 pm        
រូបភាព
​ការប្រកួត​ដណ្តើមពាន​រង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​បានបញ្ចប់​រួចរាល់​ហើយ​បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​១៣​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​៥ ដល់​១៧​ខែមករា ដើម្បី​យក ១៦​ក្រុម​ទៅ​ប្រជែង​នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​បន្តទៀត​។​

 
១៦​ក្រុម​នោះ​ត្រូវបាន​រកឃើញ​ហើយ​ដែរ ហើយ​ពួកគេ​នឹងត្រូវ​ត្រៀមខ្លួន​ប្រកួតប្រជែង​នៅ​វគ្គ​ខ្វែង​ចាប់ពី​ថ្ងៃទី​២០ ខែមករា​តទៅ​។ ខណៈពេលដែល​មិនមាន​ការប្រកួត ដ្បិត​ក្រុម​ត្រូវ​សម្រាក​រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​១៨​ដល់​១៩ ខែមករា​នោះ យើង​សូម​ឆ្លៀតឱកាស​នេះ​ដើម្បី​រំលឹក​ឲ្យ​លោកអ្នក​បានដឹងថា​កម្ពុ​ជា​ក៏​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អ​ស៊ី​នេះ​ម្តង​ដែរ និង​ថែមទាំង​ទទួលបាន​ចំណាត់ថ្នាក់​ទី​៤ ទៀតផង​កាលពី​ឆ្នាំ​១៩៧២​។​
 
​ពាន AFC Asian Cup ឆ្នាំ​១៩៧២ ជា​ព្រឹត្តិការណ៍​លើក​ទី​៥ ដែល​ផ្តូ​ច​ផ្តើមឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) និង​រៀបចំ​ក្នុង​រយៈពេល​៤​ឆ្នាំ​ម្តង​ចាប់តាំងពី​ឆ្នាំ​១៩៥៦​មក​។​
 
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​កាលនោះ​នៅមាន​ឈ្មោះ​ជា «​សាធារណរដ្ឋ​ខ្មែ​» បានទទួល​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​ពាន Asian Cup បន្ទាប់ពី​ឈ្នះ​ក្នុង​វគ្គ​ជម្រុះ​តាម​តំបន់ ជាមួយ​ក្រុម​៥​ទៀត​ដែល​រួមមាន​ម្ចាស់ផ្ទះ​ថៃ អ៊ីរ៉ង់ កូរ៉េខាងត្បូង កូ​វ៉ែត និង​អ៊ីរ៉ាក់​។ ឈាន​មកដល់​វគ្គ​នេះ ការប្រកួត​ត្រូវបាន​បែង​ចែកជា​ពីរ​ពូ​ល ដោយ​កម្ពុជា​ស្ថិតនៅ​ពូ​ល B ជាមួយ​កូរ៉េខាងត្បូង និង​កូ​វ៉ែត ខណៈដែល​ពូ​ល A មាន​អ៊ីរ៉ង់ ថៃ និង​អ៊ីរ៉ាក់​។​
 
​ក្នុងជំនួប​ដំបូង​ពូ​ល B ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ឧសភា ឆ្នាំ​១៩៧២ កម្ពុជា​បាន​ចាញ់​កូរ៉េខាងត្បូង​ក្នុង​លទ្ធផល ៤-១ ដែល​មួយគ្រាប់​របស់​កម្ពុជា​ធ្វើបាន​ដោយ​កីឡាករ ឌឿ សុខុម​។ ក្នុងជំនួប​ទី​២​កម្ពុជា​បាន​យកឈ្នះ​កូ​វ៉ែត​រហូតដល់​ទៅ ៤-០ ដែល​សម្រេច​ទី​ដោយ ឌឿ សុខុម​, សុខ ស៊ុន​ហ៊ាន​, ទេស ស៊ាន និង ស៊ា ចេង​អ៊ាង​។ ប៉ះ​កូរ៉េខាងត្បូង កូ​វ៉ែត​ជា​អ្នកឈ្នះ ២-១ ដូច្នេះ​ក្រុម​ទាំង​៣ ទទួលបាន ២​ពិន្ទុ​ដូចគ្នា (​កាលនោះ​អ្នកឈ្នះ​បាន​២​ពិន្ទុ ស្មើ​១​ពិន្ទុ​) ប៉ុន្តែ​ជ័យជម្នះ​នេះ​មិនអាច​ឲ្យ​ក្រុម​មកពី​អាស៊ី​ខាងលិច​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ឡើយ ដ្បិត​ស៊ីសង​គ្រាប់​បាល់​ចាញ់​កម្ពុជា និង​កូរ៉េខាងត្បូង​។​
 
​ដោយឡែក​ពូ​ល A វិញ អ៊ីរ៉ង់​ជា​ក្រុម​ខ្លាំង​ដោយ​អាច​យកឈ្នះ​ទាំងពីរ​ប្រកួត​ក្នុងនោះ​ឈ្នះ​អ៊ីរ៉ាក់ ៣-០ និង​ឈ្នះ​ថៃ ៣-២​។ ចំណែក​ជំនួប​រវាង​ថៃ និង​អ៊ីរ៉ាក់​បញ្ចប់ទៅ​ក្នុង​លទ្ធផល​១-១​។  ដោយ​ត្រូវ​សម្រេច​យកតែ​២​ក្រុម​ដូច្នេះ​ថៃ​ដែលមាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ល្អ​ជាង​អ៊ីរ៉ាក់​អាច​ឡើងទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ជាមួយ​អ៊ីរ៉ង់​។​
 
​ឈានចូល​ដល់​វគ្គ​ពាក់​កណ្តាល់​ផ្តាច់ព្រ័ត្រ កម្ពុជា​ត្រូវ​ជួប​អ៊ីរ៉ង់ ខណៈ កូរ៉េខាងត្បូង​ប៉ះ​ថៃ​។ អ៊ីរ៉ង់​បាន​យកឈ្នះ​កម្ពុជា​២-១ ដើម្បី​ឡើងទៅ​ជួប​កូរ៉េខាងត្បូង​ដែល​បាន​យកឈ្នះ​ថៃ​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ២-១ នៅក្រោយ​បញ្ចប់​ការប្រកួតដែលឈាន​ដល់​ម៉ោង​បន្ថែម​ពីរតង់​ក្នុង​លទ្ធផល ១-១​។ 
​អ៊ីរ៉ង់​បានក្លាយ​ជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​១៩៧២​នេះ ដោយ​យកឈ្នះ​កូរ៉េខាងត្បូង ២-១​។​
 
​ដោយឡែក​កម្ពុជា​ដែល​ត្រូវ​តទល់​ជាមួយ​ថៃ​ដើម្បី​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​នោះ ទទួលបាន​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ​ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៥-៣ បន្ទាប់ពី​បញ្ចប់​ការប្រកួត​ផ្លូវការ​ក្នុង​លទ្ធផល ២-២៕

Tag:
 ​បាល់ទាត់​
  Asian Cup
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com